សហជីពបារម្ភថាកម្មករអាចនឹងបោះបង់សិទ្ធិបោះឆ្នោត ករណីក្រសួងមិនកំណត់ថ្ងៃឈប់សំរាក​

កម្មករ-កម្មការិនីរោងចក្រ (រូបភាពពីសហជីព CLUF)

មន្ត្រីសហជីពនិងមន្ត្រីសង្គមស៊ីវិលបានបង្ហាញការព្រួយបារម្ពថា និយោជិត កម្មករ​-កម្ម​ការិនីមួយចំនួន អាចនឹងបោះបង់​សិទ្ធិបោះឆ្នោត ខណៈក្រសួងការងារមិនអនុញាតឲ្យពួកគេ​បានឈប់​សម្រាក​ពីរថ្ងៃ នៅមុន​និងក្រោយថ្ងៃបោះឆ្នោតឃុំសង្កាត់។

កាលពីពេលថ្មីៗនេះ គ.ជ.ប បានបញ្ជូនអ្នកច្បាប់ទៅជួបមន្ត្រីក្រសួងការងារ ដើម្បីជជែកពីការផ្តល់ថ្ងៃឈប់​សម្រាក សម្រាប់និយោជិត កម្មករ-កម្មការិនី នៅថ្ងៃទី៣ និងថ្ងៃទី៥ មុននិងក្រោយថ្ងៃបោះឆ្នោតក្រុម​ប្រឹក្សា​​ឃុំ-សង្កាត់នៅថ្ងៃទី៤មិថុនា​ ប៉ុន្តែក្រសួងការងារប្រាប់ទៅ គ.ជ.ប វិញថា មិនមានពេលវេលាជួប​ពិភាក្សា​ជា​មួយ​តំណាង​ គ.ជ.ប នោះទេ។

ប្រធាន​សហភាព​ការងារ​កម្ពុជាលោក អាត់ ធន់ មានប្រសាសន៍ថា ក្រសួងការងារគួរតែគិតគូឡើងវិញ សហការគ្នាជាមួយ គ.ជ.ប ផ្តល់ថ្ងៃឈប់សម្រាកឲ្យកម្ម​បានទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ​/សង្កាត់ ដូចកាលពីអាណត្តិ​មុន ដោយថាដើម្បីឲ្យពួកគេទទួលបានសិទ្ធិពេញលេញក្នុងការជ្រើសរើសថ្នាក់ដឹកនាំដែលខ្លួនពេញចិត្ត។

លោក អាត់ ធន់ យល់​​ថា បើក្រសួង​ការងារមិនសហការគ្នាជាមួយ គ.ជ.ប ដើម្បី​ឲ្យមាន​ថ្ងៃឈប់​សម្រាក​ដល់​កម្មក​រ​នៅថ្ងៃទី៣និងទី៥ខែមិថុនា មុននិងក្រោយថ្ងៃបោះឆ្នោតទេ លោកថា​ នឹង​ធ្វើ​ឲ្យប៉ះពាល់​ដល់​ផលប្រយោជន៍កម្មករ និងបោះបង់​សិទ្ធិ​បោះឆ្នោ​ត​ឃុំ​សង្កាត់។

លោកថា៖ «កម្មករនិយោជិតរបស់យើង គាត់និងមានការលំបាកសុំច្បាប់ទៅក្រុមហ៊ុន ព្រោះកម្មករ​មិនដូចមន្ត្រីរាជការទេ គាត់ធ្វើពីថ្ងៃចន្ទដល់ថ្ងៃសៅរិ៍ ហើយរឿង​ទីពីរ គាត់អត់មានមធ្យោបាយផ្ទាល់ខ្លួនទេ គាត់ចេញដំណើរទៅបោះឆ្នោត ឬក៏ត្រឡប់មកវិញដោយខ្លួនឯង គាត់ត្រូវការជិះឡានឈ្នួល គាត់មិនមាន​ពេល​ទៅមក​ទាន់ពេលទេ បើសិនជារយៈពេលមួយថ្ងៃ ហើយផលប៉ះពាល់ទីបី គឺគេនិងកាត់លុយគាត់ បើសិនជាគាត់ឈប់មួយថ្ងៃ ត្រូវ​បានគេ [ក្រុមហ៊ុន]កាត់ជាង២០ដុល្លារទៀត គាត់មានការលំបាកច្រើន​បែបនេះ​ ចុងក្រោយប្រហែលជាគាត់អាចសម្រេច​ចិត្តមិនទៅចូលរួមបោះឆ្នោត​»

ប្រធានសម្ព័ន្ធសហជីពកម្ពុជា លោកស្រី យ៉ាង សុភ័ណ្ឌ យល់ឃើញប្រហាក់ប្រហែលនិងការលើក​របស់ប្រភពខាងលើដែរ។ ទោះជាយ៉ាងណា លោកស្រីមានជំនឿថា បើក្រសួងមិនផ្តល់ថ្ងៃឈប់សម្រាកឲ្យកម្មករ ក៏ពួកគេអាចដាក់ច្បាប់ឈប់ប្រចំាឆ្នាំ ដើម្បីបានទៅបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំដែលខ្លួន​ពេញ​ចិ​ត្ត​​ផង​ដែរ។

លោកស្រីថា៖ «ខ្ញុំជឿជាក់១០០ភាគរយថា ទឹកចិត្តរបស់កម្មករជាទូទៅ គាត់មើលឃើញកាន់តែច្បាស់ ហើយគាត់នឹងសម្រេច​ទៅចូលរួមបោះឆ្នោត ពីព្រោះស្ថានភាពបច្ចុប្បន្ននេះ​ ដែលយើងមើលទៅ គាត់ពិបាក គាត់ក្រ ប្រាក់ខែតិចការងារគាត់ត្រូវ​បានគេបង្ខំធ្វើការងារផ្សេងៗ សព្វបែបយ៉ាង ការងារទំា​ង​អស់​​ហ្នឹង​ដែលជំរុញឲ្យទឹកចិត្តរបស់គាត់ កាន់តែឲ្យគាត់នៅក្នុងការទៅចូលរួមក្នុងការបោះឆ្នោត ទោះ​ការ​បោះឆ្នោតធ្វើឲ្យគាត់ កម្មមួយចំនួនក្នុងការដាច់លុយ នៅពេលដែលគាត់នៅផ្ទះឆ្ងាយ អាចអ្នកផ្ទះជិត គាត់​ទៅ​ចូលរួមបោះបាន អ្នកដែលនៅផ្ទះឆ្ងាយ​គាត់អាចឈប់មួយថ្ងៃ ឬពីរថ្ងៃ ឬក៏គាត់ដោះដូរនៅក្នុង​ការ​ឈប់​សំរាក​ប្រចំាឆ្នាំ»

កាលពីថ្ងៃទី២៤ខែឧសភាឆ្នាំ២០១៧ គ.ជ.ប បានចេញលិខិតអំពាវនាវទៅ ម្ចាស់សហគ្រាស ក្រុមហ៊ុន រោងចក្រ សណ្ឋាគារ ភោជនីយដ្ឋាន និងគ្រឹះស្ថានទំាងអស់ក្នុងប្រទេសកម្ពុជា ជួយសម្រួល បង្កលក្ខណៈ​ងាយ​ស្រួល​​និង​អនុញាត​ឲ្យនិយោជិត កម្មករ-កម្មការិនី បានធ្វើដំណើរទៅមក ដើម្បីទៅ​បោះឆ្នោត​ជ្រើសរើស​ក្រុម​​ប្រឹក្សា​​ឃុំសង្កាត់ នៅថ្ងៃអាទិត្យទី៤ខែមិថុនាឆ្នាំ២០១៧​នេះ។ ប៉ុន្តែរហូតដល់ថ្ងៃទី២៦ខែឧសភានេះ មិនទាន់មានការប្រកាសឆ្លើយតប​ពីសហគ្រាសណាមួយនៅឡើយ។

ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍនិងសន្តិភាព លោក​ យង់ គិមអេង មានប្រសាសន៍ថា ការឆ្លើយតបរបស់ខ្លួនដែលជាអាណាព្យាលបាលរបស់ប្រជាពលរដ្ឋ ដោយថាមិនមានពេលវេលាជួបជជែក ជាមួយ គជប នោះមិនសមហេតុផលនោះទេ។ លោកថា ការឆ្លើយបែបនេះនិងធ្វើព​លរដ្ឋអស់​ជំនឿ​លើការ​ដឹកនាំរបស់បក្សកាន់អំណាច។

លោកនិយាយថា៖ «ក្រសួងមានការរិតត្បិត អាចនឹងធ្វើឲ្យកម្មករគេអត់សប្បាយចិត្ត កាលណាបើ​សម្រួល​ឲ្យគេសប្បាយចិត្តទៅ បានន័យថា មានភាពចំណេញទំាងសងខាង បក្សដែលកាន់អំណាចក៏មាន​ភាព​ចំណេញ គណបក្សផ្សេងៗទៀតក៏មានភាពចំណេញ​ពីហ្នឹងដែរ គឺជារឿងមួយសំខាន់ បើសិនជា​យើង​រិតត្បិ​តធ្វើឲ្យប្រជាពលរដ្ឋដែលជាអ្នកបោះឆ្នោត ជាពិសេសកម្មករគាត់អាចមិន​សប្បាយចិត្ត​ កាល​ណា​គាត់មិនសប្បាយចិត្តវាធម្មតាប៉ះពាល់ដល់បក្សណាដែលកាន់កាប់ក្រសួង​ [ក្រសួង​ការងារ]​វាអាចអញ្ចឹង»

កាលពីថ្ងៃទី៩ខែឧសភាឆ្នាំ២០១៧ សហភាពការងារកម្ពុជា បានស្នើសុំ គ.ជ.ប សហការជា​មួយក្រសួង​ការងារ​​និ​ងបណ្តុះបណ្តាលវិជ្ជាជីវៈ ជួយសម្រួលផ្តល់ថ្ងៃឈប់សម្រាកដោយមិនកាត់ប្រាក់ឈ្នួល​ចំនួនពីរថ្ងៃ​បន្ថែម​ទៀត គឺថ្ងៃទី៣និងទី៥ខែឧសភា មុននិងក្រោយថ្ងៃបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលនឹងប្រព្រឹត្តទៅ​នៅថ្ងៃទី៤​ មិថុនា​ ២០១៧៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ