តុលាការកោះហៅបុគ្គល ៨រូបទៀតឲ្យចូលបំភ្លឺជាសាក្សីជុំវិញករណីលោក កឹម សុខា

សាលាដំបូងរាជធានីភ្នំពេញ

សាលាដំបូងរាជធានីភ្នំពេញចេញដីការកោះហៅបុគ្គល ៨ រូបទៀត ឲ្យចូលបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញចាប់ពីដើមខែក្រោយ ដើម្បីសាកសួរជុំវិញករណី ប្រធានអតីតបក្សសង្រ្គោះជាតិលោកកឹម សុខា។

ក្នុងដីកាចំនួន ៨ ផ្សេងគ្នាចុះថ្ងៃទី ១៧ ខែ ឧសភា ចៅក្រមស៊ើបសួរលោក គី ឬទ្ធី បានកោះហៅបុគ្គលទាំង ៨ រូប ក្នុងនាមជាសក្សី ដើម្បីចូលបំភ្លឺពីដំណើររឿងដែលពាក់ព័ន្ធនឹងសំណុំរឿងរបស់ប្រធានអតីតបក្សសង្គ្រោះ​ជាតិលោក កឹម សុខា ដែលរងការចោទពីបទ សន្និដ្ឋិភាពជាមួយបរទេស។

ក្នុងដីកាកោះចំនួន ៨​នោះ​ តុលារការបានកោះហៅប្រធានមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យលោកលោក ប៉ា ងួនទៀង ឲ្យចូលខ្លួននៅថ្ងៃទី៩ ខែមិថុនា អ្នកស្រីចក់ សុភាព នាយិកានៃអង្គការមជ្ឈ​មណ្ឌល​​​សិទ្ធិមនុស្សកម្ពុជាត្រូវបានកោះឲ្យចូលខ្លួននៅថ្ងៃទី៧ ខែមិថុនា ចំណែកលោក សៀ ភារម្យ អតីតប្រធាន​អង្គ​ការ​ក្រុមការងារពិសេសសិទ្ធិលំនៅដ្ឋានចូលខ្លួននៅថ្ងៃទី១២ ខែមិថុនាខាងមុខ។

ក្នុងដីកានោះក៏បានកោះហៅមនុស្ស៥ផ្សេងទៀតដែលជានិស្សិតនិងបុគ្គលិកហ៊ុនឯកជនរួមមានឈ្មោះ កែវ រតនា ឲ្យចូលខ្លួននៅថ្ងៃទី១៥ ខែមិថុនា ខឿន វីរ៉ាត់ ឲ្យចូលខ្លួននៅថ្ងៃទី១៣ ខែមិថុនា មាស គឹមសេង ឲ្យចូលខ្លួននៅថ្ងៃទី៧ ខែមិថុនា ចំណែកឈ្មោះ ហេង ពិសិដ្ឋ ចូលខ្លួននៅថ្ងៃទី១៣ ខែមិថុនា និងលោក គ្រី សុង ចូលខ្លួននៅថ្ងៃទី៥ ខែមិថុនាខាងមុខ។

វីអូឌីមិនទាន់អាចទាក់ទងនាយិការមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាអ្នកស្រី ចក់ សុភាព។

ប្រធានអង្គការក្រុមការងារពិសេសសិទ្ធិលំនៅដ្ឋានលោកសៀ ភារម្យ បានឲ្យដឹងថាលោកមិនចាប់អារម្មណ៍នឹងដីកាកោះរបស់តុលាការនោះទេ ដោយលោកចាត់ទុកថា «វាគ្រាន់តែជាដីកាបាយឡុកបាយឡ» ដែលរៀបចំឡើងដោយលោក ហ៊ុន សែន។

លោក សៀ ភារម្យ បានបន្តថា៖ «វាអត់មានអ្វីគួរអោយចាប់អារម្មណ៍ទេ។អ្វីដែលខ្ញុំចាប់អារម្មណ៍គឺការអំពាវ​នាវអោយម្ចាស់ឆ្នោតធ្វើ​ពហិកាមិនទៅបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដាខាងមុខ»។

ប្រធានមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យលោក ប៉ា ងួនទៀង បានឲ្យដឹងថាលោកបានឃើញដីការនោះហើយ តែលោកថានឹងពិភាក្សាជាមួយមេធាវីរបស់ខ្លួនក្នុងការសម្រេចចូលខ្លួនបំភ្លឺតាមដីកាកោះ ឬយ៉ាងណា។

លោកប៉ា ងួនទៀង បន្តថាដីកាកោះនោះគឺជាវិធានការបន្តបន្ទាប់របស់រដ្ឋាភិបាលដោយប្រើប្រព័ន្ធតុលាការក្នុងការដាក់សម្ពាធ មកលើសកម្មជន និងអង្គការសង្គមស៊ីវិលដែលធ្វើការលើផ្នែកសិទ្ធិមនុស្ស និងសេរីភាពនៃការបញ្ចេញមតិនៅកម្ពុជា។

កា​លពីខែកុម្ភៈ តុលាការបានកោះ​ហៅ​សាក្សីចំនួន ២នាក់រួចហើយគឺលោក​ឈឹម ផលវរុណអ្នកនាំពាក្យគណបក្សប្រជាជន និងលោក ម៉ម សូណង់ដូប្រធានបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ឲ្យធ្វើ​ជា​សាក្សី​នៅ​ក្នុង​រឿង​ក្តីរបស់លោក កឹម សុខា។

លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនដោយគ្មានដីកាកាលពីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី ៣ ខែ សីហា ដោយរងការចោទថា«ក្បត់ជាតិ»បានឃុបឃិតជាមួយបរទេសប៉ុនប៉ងផ្ដួលរលំរដ្ឋាភិបាលស្របច្បាប់។

ក្រោយពីចាប់ខ្លួនលោក កឹម សុខា រដ្ឋាភិបាលកម្ពុជារងការរិៈគន់  និង ដាក់សម្ពាធជាបន្តបន្ទាប់ពីបណ្ដាប្រទេសលោក ខាងលិច រួមមាន សហរដ្ឋអាមេរិច ស៊ុយអែត និង សហគមន៍អ៊ឺរ៉ុបជាដើម។ ប្រទេសទាំងនោះបានគំរាមពីការដើរថយក្រោយនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា និង​ជំរុញឲ្យរដ្ឋាភិបាលកម្ពុជាស្ដារស្ថានភាពនយោបាយឡើងវិញ ដើម្បីឈានដល់ការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និង​យុត្តិធម៌នាពេលខាងមុខ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ