ក្រសួងព័ត៌មានបានណែនាំដល់ម្ចាស់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់កុំឲ្យដកស្រង់ខ្លឹមសារដើមទាំងស្រុងពីបណ្ដាញសង្គម ឬពីប្រភពនានា ដើម្បីសរសេររំលេចជាព័ត៌មានធ្វើឲ្យប៉ះពាល់ដល់ព្រះកិត្តិយសរបស់ព្រះមហាក្សត្រ។
នេះបើតាមលិខិតមួយរបស់ក្រសួងព័ត៌មានចុះថ្ងៃទី ២៥ ខែ ឧសភា ផ្ញើទៅកាន់ម្ចាស់ស្ថានីយវិទ្យុ ចាងហ្វាងសារព័ត៌មាន និងម្ចាស់គេហទំព័រទាំងអស់ ស្ដីពីការដកស្រង់ខ្លឹមសារ សារជាអក្សរ សំឡេង រូបភាព វីដេអូ ពីប្រភពនានា មកផ្សព្វផ្សាយ ឬផ្សាយបន្តដែលប៉ះពាល់ដល់ព្រះរាជកិត្តិយសរបស់ព្រះមហាក្សត្រ និង សន្តិសុខជាតិ។
ក្នុងលិខិតនោះក្រសួងព័ត៌មានបានលើកឡើងថា៖ «ក្រសួងបានសង្កេតឃើញមានសារព័ត៌មានមួយចំនួនបានដកស្រង់ខ្លឹមសារ សារជាអក្សរ សំលេង រូបភាព វីដេអូ តាមបណ្ដាញទំនាក់ទំនងសង្គម និង ប្រភពនានា មកផ្សព្វផ្សាយ ឬផ្សាយបន្តដោយរំលេចខ្លឹមសារដើមទាំងស្រុង ដោយខ្លឹមសារអត្ថបទ រូបភាព និង វិដេអូមួយចំនួនបានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ព្រះកិត្តិយសរបស់មហាក្សត្រ និង សន្តិសុខជាតិ»។
ក្នុងលិខិតនោះដែរក្រសួងព័ត៌មានបានជំរុញឲ្យស្ថាប័នប្រព័ន្ធផ្សព្វផ្សាយទាំងអស់គោរពនូវវិជ្ជាជីវៈ គោរពកិត្តិយស និងសេចក្ដីថ្លៃថ្នូរបស់បុគ្គល ជាពិសេសអង្គព្រះមហាក្សត្រ ដោយប្រុងប្រយ័ត្ន និងថ្លឹងថ្លែងឲ្យបានហ្មត់ចត់ ចៀសវាងការដកស្រង់ខ្លឹមសារ ពីប្រភពមិនច្បាស់មកផ្សព្វផ្សាយ ឬផ្សាយបន្តបង្កផលប៉ះពាល់ដល់សង្គមជាតិទាំងមូល៕