សកម្មជន​ដីធ្លី​គ្រោង​នឹង​បន្ត​ធ្វើ​យុទ្ធនាការ​ស្លៀក​ខ្មៅ​នៅ​ថ្ងៃស្អែក​ទៀត​

សមត្ថកិច្ចបានបំបែកសកម្មជនដីធ្លីដែលពាក់អាវខ្មៅនៅជិតរង្វល់មូលចោមចៅ (ដោយ លី បេទ្បា)

សមត្ថកិច្ចបានបំបែកសកម្មជនដីធ្លីដែលពាក់អាវខ្មៅនៅជិតរង្វល់មូលចោមចៅកាលពីពេលកន្លងទៅ (ដោយ លី បេទ្បា)

សកម្មជន​ដីធ្លី​នៅក្នុង​ទីក្រុង​ភ្នំពេញ អះអាងថា ពួកគេ​នឹង​បន្ត​ធ្វើ​យុទ្ធនាការ​ស្លៀក​ខ្មៅ​នៅ​ថ្ងៃស្អែក​ទៀត ដើម្បី​ទាមទា​ឲ្យ​ដោះលែង​សកម្មជន​ការពារ​សិទ្ធិមនុស្ស ​សមាគម​អាដហុក ៤​រូប និង មន្ត្រី​រៀបចំ​ការបោះឆ្នោត​មួយរូប​។​ ​តំណាង​សកម្មជន​ដីធ្លី​មកពី​តំបន់​ថ្មគោល អ្នកស្រី ច្រាយ នី​ម ប្រាប់​វី​អូ​ឌី​ថា សមាជិក​សហគមន៍រ​បស់​អ្នកស្រី នឹង​ជួបជុំគ្នា​នៅក្នុង​បរិវេណ​បុរី​សន្តិភាព ២ ស្ថិត​ក្បែរ​ពន្ធនាគារ​ព្រៃ​ស ដើម្បី​លើក​បដា​ទាមទា​ឲ្យមាន​ការដោះលែង​អ្នក​ជាប់​ឃុំ​ទាំង ៥​នាក់​នោះ ឲ្យមាន​សេរីភាព​វិញ​។​

សកម្មជនដីធ្លីនៅក្នុងទីក្រុងភ្នំពេញ អះអាងថា ពួកគេនឹងបន្តធ្វើយុទ្ធនាការស្លៀកខ្មៅនៅថ្ងៃស្អែកទៀត ដើម្បីទាមទាឲ្យដោះលែងសកម្មជនការពារសិទ្ធិមនុស្ស សមាគមអាដហុក ៤រូប និង មន្ត្រីរៀបចំការបោះឆ្នោតមួយរូប។

តំណាងសកម្មជនដីធ្លីមកពីតំបន់ថ្មគោល អ្នកស្រី ច្រាយ នីម ប្រាប់វីអូឌីថា សមាជិកសហគមន៍របស់អ្នកស្រី នឹងជួបជុំគ្នានៅក្នុងបរិវេណបុរីសន្តិភាព ២ ស្ថិតក្បែរពន្ធនាគារព្រៃស ដើម្បីលើកបដាទាមទាឲ្យមានការដោះលែងអ្នកជាប់ឃុំទាំង ៥នាក់នោះ ឲ្យមានសេរីភាពវិញ។

ទោះបីជាយ៉ាងណាអ្នកស្រីថា មិនទាន់ដឹងច្បាស់ពីចំនួនអ្នកចូលរួមតវ៉ានៅថ្ងៃស្អែកនៅឡើយទេ។

ចំណែកឯតំណាងសកម្មជនដីធ្លីតំបន់បឹងកក់អ្នកស្រី ទេព វន្នី ប្រាប់ថា សកម្មជនអាវខ្មៅតំបន់បឹងកក់ប្រមាណ ៥០ នាក់ ក៏គ្រោងនឹងធ្វើការជួបជុំគ្នានៅក្នុងសហគមន៍នៅថ្ងៃស្អែកផងដែរ។ អ្នកស្រីបន្តថា សហគមន៍តំបន់បឹងកក់ នឹងថ្លែងសារទៅកាន់រដ្ឋាភិបាល និងបង្ហោះប៉ោងប៉ោង ដែលទាមទាឲ្យមានការដោះលែងមន្ត្រីសិទ្ធិមនុស្ស និង មន្ត្រី គ.ជ.ប។

អ្នកស្រីទេព វន្នី បន្តថា៖ «បើការរំលោភសិទ្ធិមនុស្សចេះតែកើនឡើងយ៉ាងនេះ បើយើងចេះតែនាំគ្នាខ្លាចនឹងអត់មានលទ្ធផលអ្វីល្អប្រសើរសម្រាប់យើងទេ គឺមានតែការតស៊ូនឹងឯង។ មានតែយើងមានភាពក្លាហាន ដើម្បីរើបម្រះក្នុងការគាបសង្កត់បិទសិទ្ធិសេរីភាពពីរដ្ឋាភិបាល ទើបយើងបានជោគជ័យ។ ជាក់ស្ដែងយើងឃើញហើយ សូម្បីតែអ្នកការពារសិទ្ធិមនុស្ស ក៏លែងមានសិទ្ធិសេរីភាពក្នុងការបំពេញតួនាទីបំពេញកាត្វកិច្ចរបស់គាត់»។

ប្រជាសហគមន៍មានជម្លោះដីធ្លី បានធ្វើយុទ្ធនាការអាវខ្មៅនេះលើកទី៧ រួចមកហើយ ដោយចាប់ផ្តើមតាំងពីថ្ងៃទី៩ ខែឧសភាកន្លងមក។ ស្ត្រីសកម្មជនដីធ្លីទាំងនោះ ត្រូវបានអាជ្ញាធររារាំង និងចាប់ខ្លួនជាបន្តបន្ទាប់ ហើយពួកគេត្រូវបានដោះលែងវិញនៅថ្ងៃដដែល។

មន្ត្រីរដ្ឋាភិបាលធ្លាប់ហៅយុទ្ធនាការអាវខ្មៅនេះថា ជាបដិវត្តពណ៌មានបំណងផ្ដួលរលំរដ្ឋាភិបាល ហើយអាជ្ញាធរក៏បានព្យាយាមទប់ស្កាត់សកម្មភាពនេះជាហូរហែផងដែរ៕

អ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័គ មានប្រសាសន៍ប្រាប់ វីអូឌី កាលពីថ្ងៃអង្គារកន្លងមកថា ការពាក់អាវខ្មៅមិនមែនខុសច្បាប់នោះទេ តែសកម្មភាពហែក្បួនស្រែកឡូឡា គឺខុសច្បាប់។ លោកបន្ថែមថាការដោះលែង ឬមិនដោះលែង វាជាដែនសមត្ថកិច្ចរបស់តុលាការ មិនមែនការតវ៉ារបស់ពួកគេអាចមានឥទ្ធិពលជំរុញឲ្យមានការដោះលែងនោះទេ៕

CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។