គណបក្សប្រឆាំង បានប្រកាសផ្តល់ឱកាសឲ្យប្រជាពលរដ្ឋទូទៅ អាចឈរជាបេក្ខជនក្រុមប្រឹក្សាឃុំសង្កាត់ តំណាងឲ្យគណបក្សសង្គ្រោះជាតិបាន បើទោះបីជាអ្នកទាំងនោះ មិនមែនជាសមាជិក ឬសកម្មជនរបស់គណបក្សសង្គ្រោះជាតិក៏ដោយ។
ថ្លែងក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃរបស់ខ្លួននៅទីស្នាក់ការគណបក្សចាក់អង្រែលើនៅព្រឹកនេះ មន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំង លោក ប៉ុល ហំម លើកឡើងថា គណបក្សសង្គ្រោះជាតិ នឹងប្រកាសជាសាធារណៈឲ្យមានការដាក់ពាក្យសុំឈរឈ្មោះជាក្រុមប្រឹក្សាឃុំសង្កាត់ឲ្យបានទូលំទូលាយ។
លោកបន្តថា អ្នកមានសមត្ថភាពអាចដាក់ពាក្យសុំឈរឈ្មោះសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់បាន បើទោះបីជាអ្នកនោះមិនមែនជាសមាជិករបស់គណបក្សក៏ដោយ។
លោកបន្ថែមថា៖ «គណបក្សសង្គ្រោះជាតិនឹងធ្វើសេចក្តីប្រកាសជាសាធារណៈឲ្យមានការដាក់ពាក្យសុំឈរឈ្មោះឃុំ-សង្កាត់ឲ្យបានទូលំទូលាយ គឺយើងមិនមែនកម្រិតត្រឹមតែសមាជិករបស់យើងតែក្នុងគណបក្សទេ អ្នកមិនទាន់ចូលជាសមាជិកក្នុងគណបក្សយើងក៏ដោយ បើពេលនោះគាត់មើលឃើញថា គាត់មានប្រជាប្រិយភាព អាចថាជាប់ឆ្នោតបាន មានសមត្ថភាព ពេលនោះយើងនឹងពិចារណា»។
លោក ប៉ុល ហំម បន្តថា គណៈកម្មាធិការអចិន្ត្រៃយ៍របស់គណបក្ស ក៏ជំរុញឲ្យមានស្ត្រី និងយុវជនចូលរួមដាក់ពាក្យឈរឈ្មោះជាក្រុមប្រឹក្សាឃុំសង្កាត់ផងដែរ។
លោក ប៉ុល ហំម លើកឡើងទៀតថា គណបក្សនឹងបន្តធ្វើកំណែទម្រង់ប្រជាធិបតេយ្យក្នុងបក្សរបស់ខ្លួនបន្ថែមទៀតចាប់ពីថ្នាក់លើ ដល់ថ្នាក់មូលដ្ឋាន ដោយថា រាល់សេចក្តីសម្រេចធ្វើឡើងតាមយន្តការ មិនមែនដោយបុគ្គល៕