បទយកការណ៍៖ ពលរដ្ឋមួយចំនួនមិនចាប់អារម្មណ៍នឹងការងាររបស់មន្ត្រីតុលាការកំពូល ​

សាលាដំបូងរាជធានីភ្នំពេញ​

ច្បាប់ស្តីពីលក្ខន្តិកៈនៃចៅក្រមនិងព្រះរាជអាជ្ញាដែលមាន៦ជំពូកចែកចេញជា១១១មាត្រានោះ មានមាត្រាមួយចំនួនបានកំណត់ថាបុគ្គលដែលត្រូវបានជ្រើសរើសសម្រាប់បំពេញមុខងារជាចៅក្រមនិងព្រះរាជអាជ្ញាត្រូវតែជាអ្នកមានសមត្ថភាពនិងជាអ្នកសុច្ចរិតមានសីលធម៌ស្អាតស្អំ។

សម្រាប់ការបំពេញមុខងារចៅក្រមទាំងឡាយត្រូវសម្រេចក្តីមិនលំអៀង ដោយឈរលើគោលការណ៍ច្បាប់ ដោយមិនទទួលការគាបសង្កត់ ការគំរាមកំហែង ឬការបំភិតបំភ័យ ឬមានការបង្គាប់បញ្ជា ដោយប្រការណាមួយឡើយ។

នៅក្នុងលក្ខន្តិកៈនៃចៅក្រមនិងព្រះរាជអាជ្ញាចែងថាចៅក្រមនិងព្រះរាជអាជ្ញាតុលាការជាន់ទាបទំាងពីរភេទត្រូវចូលនិវត្តន៍នៅពេលគ្រប់អាយុ៦០ឆ្នាំ។ ប៉ុន្តែចៅក្រមនិងព្រះរាជអាជ្ញាតុលាការកំពូលទំាងអស់ដែលមានអាយុ៦០ឆ្នាំ ត្រូវចូលនិវត្តន៍តាមការស្នើសុំរបស់សាមីខ្លួន មានន័យច្បាប់មិនបានកំណត់អាយុដាក់ចូលនិវត្តន៍នោះទេ។

ផ្ទុយទៅវិញប្រជាពលរដ្ឋមួយចំនួនអះអាងប្រហាក់ប្រហែលគ្នាថា ពួកគេមិនចាប់អារម្មណ៍ពីតួនាទីរបស់ព្រះរាជអាជ្ញា ចៅក្រម និងការចូលនិវត្តន៍របស់មន្ត្រីទំាងអស់នោះទេ។

អាជីវករនៅម្តុំផ្សារសាមគ្គីអ្នកស្រី លី ចាន់ស៊ី បានរៀបរាប់ថាពួកគេមិនចាប់អារម្មណ៍ពីតួនាទីរបស់ព្រះរាជអាជ្ញា ចៅក្រមនិងការចូលនិវត្តន៏របស់មន្ត្រីតុលាការកំពូលទំាងនោះទេ ដោយថាជាប់រវល់ប្រកបមុខរបរចិញ្ចឹមគ្រួសារ។ អ្នកស្រីបន្តថា៖ “បងអត់ដឹងថាតួនាទីគេធ្វើអ្វីទេ បងអត់ចាប់អារម្មណ៍កន្លែងហ្នឹងដែរ ព្រោះអីបងជាប់លក់ដូររបស់បង ចុះបើយើងរកអីអត់បាន យើងត្រូវប្រឹងខ្លួនឯង ព្រោះយើងខ្វះខាត

ក្នុងវចនានុក្រមច្បាប់បានឲ្យនិយមន័យថា ព្រះរាជអាជ្ញាមានតួនាទីជាម្ចាស់បណ្តឹងអាជ្ញា ពោលព្រះរាជអាជ្ញា ជាមន្រ្ដីផ្លូវការសាធារណៈមួយដែលតំណាងឲ្យបណ្ដឹងរបស់រដ្ឋាភិបាលទល់នឹងជនណាម្នាក់ដែលត្រូវជាប់ចោទពីបទល្មើសអាជ្ញានិងជាអ្នកដែលសុំឲ្យតុលាការដាក់ទោសជនជាប់ចោទនោះ។

ចំណែកមាត្រា៣២នៃក្រមនីតិវិធីព្រហ្មទណ្ឌបានចែងថាអគ្គព្រះរាជអាជ្ញាអមតុលាការកំពូលមានតួនាទីចូលរួមក្នុងការសុំឲ្យមានការគោរពច្បាប់នៅក្នុងពេលដែលមានបណ្តឹងសារទុក្ខ បណ្តឹងសើរើ និងបណ្តឹងតវ៉ាផ្សេងៗទៀតដែលដាក់ជូនតុលាការកំពូលពិនិត្យ។

បើយើងក្រឡេកមើលតួនាទីរបស់ចៅក្រមឯណោះវិញ នៅក្នុងក្រមនីតិវិធីព្រហ្មទណ្ឌដដែលបានបែងចែកចៅក្រមជាពីផ្នែករួមមានចៅក្រមស៊ើបសួរនិងចៅក្រមជម្រះក្តី។ ក្នុងមាត្រា១២៧នៃច្បាប់នេះ បាននិយមន័យថាចៅក្រមស៊ើបសួរមានតួនាទីស៊ើបសួរទំាងដាក់បន្ទុកនិងដោះបន្ទុក។ រីឯចៅក្រមជម្រះក្តីមានតួនាទីកាត់សេចក្តីឲ្យជនល្មើសជាប់ពន្ធនាគារតាមច្បាប់កំណត់។

អ្នកធ្វើការងារនៅក្រុមហ៊ុនឯកជននៅរាជធានីភ្នំពេញ លោក ខៀវ ម៉ុក បានរៀបរាប់ថាចង់ឲ្យមន្ត្រីតុលាការកំពូលចូលនិវត្តន៍នៅត្រឹមអាយុ៦០ឆ្នំាដូចចៅក្រមនិងព្រះរាជអាជ្ញានៅតុលាការសាលាដំបូងនិងសាលាឧទ្ធរណ៍ដែរ។ ដោយលោកថាដើម្បីផ្តល់ឱកាសឲ្យក្មេងជំនាន់ក្រោយបន្តវេនធ្វើឲ្យប្រទេសជាតិរីកចំរើន។ លោកបន្តថា៖ “យើងឲ្យត្រឹម៦០ឆ្នាំ យើងចូលអាត្រែតឲ្យក្មេងជំនាន់ក្រោយឡើងធ្វើបន្តទៀត អ្នកខ្លះនៅដល់អាយុ៧០ឆ្នាំធ្វើការលែងកើត នៅតែឲ្យធ្វើរហូត អត់ទេ ខ្ញុំអត់ចង់អញ្ចឹងទេ ព្រោះយើងនៅតែធ្វើរហូត ក្មេងៗដែលខំរៀន មានការងារណាធ្វើ បើចាស់ៗមិនព្រមអាត្រែត មិនព្រមអី ធ្វើឲ្យក្មេងៗយើងក្រោយធ្វើផង

ក្នុងរបាយការណ៍របស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០១៦នេះបានឲ្យដឹងថាព្រះរាជអាជ្ញានិងចៅក្រមតុលាការកំពូលទាំងអស់មានចំនួន១៩រូប ពុំត្រូវបានដាក់ឱ្យចូលនិវត្តន៍នៅអាយុ៦០ឆ្នាំដូចចៅក្រមសាលាឧទ្ធរណ៍និងសាលាដំបូងរាជធានី-ខេត្តនោះទេ។

ប្រជាពលរដ្ឋលោក សុង ភក្តី យល់ថាបើព្រះរាជអាជ្ញាចៅក្រមនៅតុលាការកំពូលមិនកំណត់រយៈពេលចូលនិវត្តន៍ដូចព្រះរាជអាជ្ញានិងចៅក្រមសាលាដំបូងនិងសាលាឧទ្ធរណ៍ឬដូចមន្ត្រីរាជការទេ លោកព្រួយបារម្ភថាអាចធ្វើឲ្យមន្ត្រីតុលាការទំាងនោះធ្វើការងារមិនឯករាជ្យ។ លោកបន្តថា៖ “ធ្វើយូរពេកទៅដូចថាកាន់ស្លែទៅអំណាច កាន់តែអត់ខ្លាច ចេះតែធ្វើតាមអំពើចិត្ត អត់យល់ពីប្រជាពលរដ្ឋទូទៅ ធ្វើឲ្យតុលាការអត់ឯករាជ្យ“។

នាយកប្រតិបត្តិក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជាលោក ហុង គឹមសួន យល់ថាច្បាប់លក្ខន្តិកៈនៃចៅក្រមនិងព្រះរាជអាជ្ញាគួរតែធ្វើវិសោធនកម្មមាត្រាមួយចំនួន ដោយដាក់ឲ្យចៅក្រមនិងព្រះរាជអាជ្ញាតុលាការកំពូលចូលនិវត្តន៍ត្រឹមអាយុ៦០ឆ្នាំដូចមន្រ្តីតុលាការជាន់ទាបដែរ ដោយលោកថាដើម្បីឲ្យក្មេងៗជំនាន់ក្រោយមានឱកាសជួយបំរើជាតិ។

មេធាវី ហុង គឹមសួន បន្តថាបើទុកឲ្យចៅក្រមនិងព្រះរាជអាជ្ញាធ្វើការដោយមិនចូលនិវត្តន៍អាចធ្វើឲ្យស្ថាប័ននេះ ធ្វើការមិនឯករាជ្យ។ លោកបន្ថែមថា៖ “ធ្វើការងារយូរ បើសិនជាការគោរពបុគ្គលជាអ្នកធំច្រើនជាងការគោរពច្បាប់ វាចូលទៅក្នុងភាពមិនឯករាជ្យ ហើយវាក៏ជាគ្រួសារនិយមឬបក្សពួកនិយមហើយ

លោក ហុង គឹមសួន បន្តថាបើចៅក្រមឬព្រះរាជអាជ្ញាតុលាការកំពូលបំពេញតួនាទីរបស់ខ្លួនមិនស្របតាមច្បាប់ស្តីពីលក្ខន្តិកៈរបស់ចៅក្រមនិងព្រះរាជអាជ្ញា លោកថាពលរដ្ឋអាចដាក់ពាក្យបណ្តឹងទៅឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមឬស្ថាប័នពាក់ព័ន្ធផ្សេងទៀត ដើម្បីពិនិត្យមើលកំហុសនិងដាក់វិន័យ។

ចំណែកមេធាវី សុក សំអឿន យល់ថាចៅក្រមនិងព្រះរាជអាជ្ញានៅតុលាការកំពូលចូលនិវត្តន៍ឬមិនចូលនិវត្តន៍មិនសំខាន់ទេ ប៉ុន្តែលោកចង់ឲ្យច្បាប់ស្តីពីលក្ខន្តិកៈរបស់ចៅក្រមនិងព្រះរាជអាជ្ញាចែងកុំឲ្យចៅក្រមតុលាការកំពូលធ្វើជាប្រធានតុលាការផងនិងជាចៅក្រមកាត់ក្តីផង ដោយលោកថាខ្លាចមិនមានភាពឯករាជ្យក្នុងស្ថាប័ននោះ។ លោក សុក សំអឿន លើកឧទាហរណ៍ការអនុវត្តច្បាប់នៅប្រទេសថៃថា៖ “នៅស្រុកថៃគេនៅមានចូលនិវត្តន៍ដែរ ក៏ប៉ុន្តែចៅក្រមអាចនៅបន្ត(ការងារ)បានដែរ ប៉ុន្តែគ្រាន់តែមានលក្ខខណ្ឌគេមួយថា នៅពេលដែលដល់អាយុគាត់ហើយ គាត់អត់អាចមានតួនាទីរដ្ឋបាលកាត់ក្តីបាន តែតួនាទីរដ្ឋបាលអត់អាចធ្វើជាប្រធានតុលាការ អត់អាចធ្វើស្អីបានទេ

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ