វិភាគ៖ ភាពចម្រូងចម្រាស់នៃការប្រើអត្តសញ្ញាណប័ណ្ណដោយមិនមានសញ្ជាតិខ្មែរ

អត្តសញ្ញាណប័ណ្ណ

របាយការណ៍របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ឲ្យដឹងថា ជនជាតិវៀតណាម៧៦ ៣៩៨នាក់បានកាន់កាប់ឯកសាររដ្ឋបាលមិនប្រក្រតី ដែលចេញដោយអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន។

បើតាមអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ជនជាតិវៀតណាមកាន់កាប់ឯកសារមិនប្រក្រតីទាំងនោះមានសៀវភៅស្នាក់នៅ សៀវភៅគ្រួសារ សំបុត្រកំណើតខ្មែរ ប័ណ្ណបោះឆ្នោតខែ្មរ សំបុត្រអាពាហ៍ពិពាហ៍ អត្តសញ្ញាណប័ណ្ណសញ្ជាតិខែ្មរ លិខិតឆ្លងដែនខ្មែរ និងប័ណ្ណមន្ត្រីរាជការជាដើម។

គណបក្សប្រឆាំងចាត់ទុកឯកសាររដ្ឋបាលមិនប្រក្រតីដែលជនអន្តោប្រវេសន៍កំពុងប្រើប្រាស់នេះថា ធ្វើឲ្យប៉ះពាល់ដល់ដំណើរការបោះឆ្នោតនៅកម្ពុជា ប្រសិនបើអាជ្ញាធរមានសមត្ថកិច្ចមិនចាត់វិធានការទាន់ពេលវេលាទេនោះ ហើយជនជាតិវៀតណាមយកឯកសារមិនប្រក្រតីទៅប្រើប្រាស់សម្រាប់ការចុឈ្មោះបោះឆ្នោត។

កាលពីការបោះឆ្នោតឆ្នាំ២០១៣ ភាពមិនប្រក្រតីមួយក្នុងចំណោមភាពមិនប្រក្រតីផ្សេងទៀត ដែលគណបក្សប្រឆាំងមិនទទួលស្គាល់លទ្ធផលបោះឆ្នោត ក៏ដោយសារតែគណបក្សនេះអះអាងថា មានជនជាតិវៀតណាមចូលរួមបោះឆ្នោតរើសមេដឹកនាំខ្មែរ ដែលជាការផ្ទុយនឹងរដ្ឋធម្មនុញ្ញ។ ប៉ុន្តែពេលនោះ មិនមានរបាយការណ៍ថា មានជនជាតិវៀតណាមប៉ុន្មាននាក់ទៅបោះឆ្នោតទេ ខណៈនៅក្នុងបញ្ជីឈ្មោះបោះឆ្នោតចាស់ឃើញមានឈ្មោះជាតិវៀតណាមរាប់រយនាក់។

ចំនួនជនជាតិវៀតណាមរស់នៅកម្ពុជាទាំងខុសច្បាប់និងស្របច្បាប់នៅមិនទាន់មានតួលេខណាមួយដែលមានការឯកភាពគ្នាជាផ្លូវការទេ។ រដ្ឋាភិបាលកម្ពុជាអះអាងថា ជនជាតិវៀតណាមរស់នៅកម្ពុជាមានប្រហែល១០ម៉ឺននាក់ ខណៈបក្សប្រឆាំងថាមានរហូតដល់ជាង១លាននាក់។

បញ្ហាជនជាតិវៀតណាមរស់នៅកម្ពុជានេះគឺជាប្រធានបទក្តៅមួយរបស់គណបក្សនៅក្រៅរដ្ឋាភិបាល ដោយពួកគេប្រកាសធ្វើយុទ្ធនាការទប់ស្កាត់មិនឲ្យជនជាតិវៀតណាមចុះឈ្មោះបោះឆ្នោតនៅកម្ពុជា។

ការប្រកាសរបស់ក្រុមគណបក្សនៅក្រៅរដ្ឋាភិបាលនេះ ក៏ព្រោះតែ គ.ជ.ប លើកឡើងថាជនបរទេសណាក៏អាចបោះឆ្នោតបានដែរឲ្យតែមានកាន់អត្តសញ្ញាណប័ណ្ណខ្មែរ។ ប៉ុន្តែ គ.ជ.ប ស្នើឲ្យកម្លាំងប្រដាប់អាវុធទប់ស្កាត់ចលនាអ្វីក៏ដោយដែលប្រធាន គ.ជ.ប លោក សិក ប៊ុនហុក ថារារាំងដល់ដំណើរការបោះឆ្នោត។

តើគួរធ្វើដូចម្តេច ដើម្បីដោះស្រាយបញ្ហាទាំងនេះ?

សមាជិកសម្ព័ន្ធកំណែទម្រង់ការបោះឆ្នោតហៅកាត់ថា ERA លោក យង់ គិមអេង លើកឡើងថាច្បាប់បោះឆ្នោតថ្មីបានចែងពីការដាក់ទោសដល់ជនណាដែលគេថាបានរារាំងដល់ដំណើរការបោះឆ្នោត។ លោកថាចំណុចនេះសង្គមស៊ីវិលបានស្នើឲ្យដកចេញ ប៉ុន្តែគណបក្សដែលមានសិទ្ធិសម្រេចធ្វើច្បាប់នេះបានទាត់ចោលសំណើនោះ។ ប៉ុន្តែច្បាប់នោះ លោកថាបានបើកសិទ្ធិឲ្យមានការប្តឹងជំទាស់នឹងជនណាដែលគេសង្ស័យថា មិនមែនជាខ្មែរ ហើយកាន់អត្តសញ្ញាណប័ណ្ណខ្មែរទៅចុះឈ្មោះបោះឆ្នោតឬទៅបោះឆ្នោត។

ទោះជាយ៉ាងណា លោក យង់ គិមអេង មានប្រសាសន៍ថាបញ្ហាដែលនៅតែមិនទាន់អាចជឿទុកចិត្តបានគឺដោយសារការដោះស្រាយបណ្តឹងតវ៉ា ដោយប្រើប្រាស់យន្តការចាស់ដដែលតាមរយៈក្រុមប្រឹក្សាធម្មនុញ្ញដែលគេថាមិនឯករាជ្យនោះ ជាជម្រើសចុងក្រោយ។

លោកមានប្រសាសន៍ថា៖ បញ្ហានេះយើងជាសង្គមស៊ីវិល យើងចង់បានយន្តការមួយដោះស្រាយបណ្តឹងពិសេសមួយសម្រាប់ធ្វើនៅចន្លោះពេលនៃការចុះឈ្មោះឬចន្លោះពេលបោះឆ្នោតប៉ុន្មានខែហ្នឹងទៅ។ ប៉ុន្តែជាទូទៅយើងឃើញថា សំណើរបស់យើងមិនត្រូវបានស្វាគមន៍ដោយគណបក្សនយោបាយទេ

ថ្វីត្បិតតែ គ.ជ.ប ត្រូវបានធ្វើកំណែទម្រង់ហើយក៏ដោយ ប៉ុន្តែភាពចម្រូងចម្រាស់នៃការប្រើប្រាស់ឯកសាររដ្ឋបាលមិនប្រក្រតីដោយជនជាតិវៀតណាមនេះ នៅតែត្រូវមហាជនសំដែងកង្វល់ពីភាពត្រឹមត្រូវនិងយុត្តិធម៌នៃការដំណើរការបោះឆ្នោតនៅពេលខាងមុខ។

លោក យង់ គិមអេង ជំរុញឲ្យមានដំណោះស្រាយលើបញ្ហានេះ បើមិនដូច្នោះទេលោកថាធ្វើឲ្យមានការមន្ទិលលើដំណើរការបោះឆ្នោត។

លោកមានប្រសាសន៍ថា៖ ក្រសួងមហាផ្ទៃដែលមានសមត្ថកិច្ចចេញអត្តសញ្ញាណប័ណ្ណត្រូវធ្វើការស៊ើបអង្កេតថា មន្រ្តីខ្លួនរូបណា បុគ្គលរូបណាដែលចេញឲ្យ អ្នកណាដែលមិនគួរមានសិទ្ធិទទួលបានសញ្ជាតិខ្មែរនោះ ទៅជាបានសញ្ជាតិខ្មែរ។ ហ្នឹងជារឿងមួយដែលគួរយកចិត្តទុកដាក់ ព្រោះជារឿងអាម៉ាសសម្រាប់ជាតិ”។

លោក អ៊ូ វីរៈ ប្រធានវេទិកាអនាគត លើកឡើងថាបញ្ហាជនជាតិវៀតណាមបោះឆ្នោតរើសមេដឹកនាំខ្មែរជារឿងចាស់ ប៉ុន្តែលោកថាពេលនេះជាការប្រសើរដែលរដ្ឋាភិបាលកម្ពុជាហ៊ានទទួលស្គាល់ថា ពិតជាមានជនជាតិវៀតណាមប្រើប្រាស់ឯកសារខ្មែរដោយខុសច្បាប់។ លោកថានេះជាកំហុសរបស់អាជ្ញាធរកម្ពុជា។

លោកមានប្រសាសន៍ថា៖ មកពីការគ្រប់គ្រងអត្តសញ្ញាណប័ណ្ណនិងឯកសារនានារបស់កម្ពូជាយើងអត់ច្បាស់លាស់ ធូរលុង ភាគច្រើនមានអំពើពុករលួយ។ ដល់អ៊ីចឹងទៅឲ្យតែនរណាសូក អាជ្ញាធរមូលដ្ឋានចេញឲ្យគេ។ចេញដោយគ្មាន Check ត្រឹមត្រូវ។ ហ្នឹងជាបញ្ហាធំជាងគេ។ ប៉ូលីសត្រូវតែរៀបចំឡើងវិញតែម្តងជាប្រព័ន្ធ”។

ទោះជាយ៉ាងណា លោកថាបញ្ហាជនជាតិវៀតណាមបោះឆ្នោតជាក្តីបារម្ភមួយតិចជាងការដែលពលរដ្ឋខ្មែរពិតប្រាកដមិនបានបោះឆ្នោត។

លោកមានប្រសាសន៍ថា៖ នៅថៃប្រហែលជា១លាននាក់ សុទ្ធតែអ្នកពេញវ័យបោះឆ្នោត។ ចំពោះខ្ញុំគឺព្រួយបារម្ភជាងគឺពួកគាត់ហ្នឹងទេ។ ទី២ កម្មករកាត់ដេរ មិនដឹងចុះឈ្មោះនៅណា។ ចុះឈ្មោះនៅកន្លែងគាត់ធ្វើការ ខ្ញុំមើលទៅខាតសំឡេងនៅក្នុងភូមិ ខេត្ត ដែលជាស្រុកគាត់។ បើគាត់ទៅស្រុកចុះឈ្មោះបោះឆ្នោត គាត់ពិបាក។ ហ្នឹងអាចបោះបង់សិទ្ធិបោះឆ្នោតដោយសារពិបាកពេក”។

បើតាមលោក អ៊ូ វីរៈ បញ្ជីឈ្មោះបោះឆ្នោតថ្មីអាចមានភាពត្រឹមត្រូវច្រើនជាងបញ្ជីឈ្មោះបោះឆ្នោតចាស់ ប៉ុន្តែលោកថាមិនត្រឹមត្រូវ១០០%នោះទេ ខណៈរដ្ឋាភិបាលថាមានជនជាតិវៀតណាមរស់នៅកម្ពុជាមានតែប្រហែលជាង១០ម៉ឺននាក់ ប៉ុន្តែលោក វីរៈ ថាវៀតណាមរស់នៅកម្ពុជាអាចមានច្រើនជាងនេះទៀត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ