បទយកការណ៍៖ពលរដ្ឋចំណាកស្រុកស្នើរដ្ឋាភិបាលបង្កើតកន្លែងបោះឆ្នោតនៅថៃ

ប្រជាពលរដ្ឋមួយចំនួន រស់នៅក្នុងឃុំទីពោ ស្រុកសន្ទុក ខេត្តកំពង់ធំ ភាគច្រើនជាកសិករ ធ្វើស្រែចម្ការ ដើម្បីចិញ្ចឹមជីវិត។ ហើយអ្នកខ្លះទៀតគ្មានការងារធ្វើ ក៏សម្រេចចិត្តទៅបម្រើការងារនៅឯប្រទេសថៃ។

ប្រជាពលរដ្ឋមួយចំនួន រស់នៅក្នុងឃុំទីពោ ស្រុកសន្ទុក ខេត្តកំពង់ធំ ភាគច្រើនជាកសិករ ធ្វើស្រែចម្ការ ដើម្បីចិញ្ចឹមជីវិត។ ហើយអ្នកខ្លះទៀតគ្មានការងារធ្វើ ក៏សម្រេចចិត្តទៅបម្រើការងារនៅឯប្រទេសថៃ។ អ្នកខ្លះចំណាកស្រុកស្របច្បាប់ ហើយអ្នកខ្លះទៀតក៏បង្ខំចិត្តចំណាក់ស្រុកដោយខុសច្បាប់។ បន្ទាប់ពីទៅបម្រើការងារនៅប្រទេសថៃហើយ ពួកគាត់បានជួបបញ្ហាប្រឈមជាច្រើន ជាពិសេសត្រូវបាត់បង់សិទ្ធបោះឆ្នោត។ ដោយសារពួកគាត់មិនមានថវិកាគ្រប់គ្រាន់ ដើម្បីធ្វើដំណើរមកស្រុកកំណើតវិញ រីឯអ្នកខ្លះទៀតមិនហ៊ានចុះមកវិញ ព្រោះគ្មានឯកសារបញ្ជាក់ឬលិខិតឆ្លងដែន។

ពលរដ្ឋម្នាក់ រស់នៅភូមិថ្មី អ្នកស្រី អឿ​ ម៉ៅ អាយុ ៣៩ឆ្នាំ មានសម្បុរខ្មៅស្រអែម ពាក់មូកខៀវ អាវពណ៌ផ្កាឈូកដៃវែង នឹងមានសក់ខ្មៅវែងប្រាស់ស្មា កំពុងអង្គុយកាត់អុសនិងរណាក្បែរ     ផ្ទះ។ គាត់បានរៀបរាប់ប្រាប់ក្រុមពលរដ្ឋអ្នកសារព័ត៌មាន ទាំងទឹកមុខរីករាយថា គាត់បានចំណាកស្រុកទៅបម្រើការងារឲ្យក្រុមហ៊ុនមួយកន្លែង ជាអ្នកវេចខ្ចប់សាច់មាន់​ នៅប្រទេសថៃកាលពីឆ្នាំ ២០១៣ដោយស្របច្បាប់។ នៅដើមឆ្នាំ ២០១៧លិខិតឆ្លងដែនរបស់គាត់ផុតកំណត់ ហើយក៏បានត្រឡប់មកផ្ទះវិញ។ ប៉ុន្តែ អ្វីដែលគាត់មិននឹកស្មាន គឺគាត់ត្រូវគេលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី ៤បាត់ទៅហើយ។ ដោយគាត់មិនបានដឹងថា ខាងអាជ្ញាធរតម្រូវឲ្យពលរដ្ឋចុះឈ្មោះក្នុងបញ្ជីថ្មីនោះទេ។

អ្នកស្រី អឿ ម៉ៅ បញ្ជាក់ថា «ខ្ញុំមានការសោកស្តាយ ពេលដែលឃើញគេឯង បាននាំគ្នាទៅបោះឆ្នោតជ្រើសរើស អ្នកដឹកនាំឃុំសង្កាត់យ៉ាងសប្បាយ ទើបខ្ញុំដឹងថា ខ្ញុំត្រូវបាត់បង់សិទ្ធបោះឆ្នោត»

ក្រុមពលរដ្ឋអ្នកសារព័ត៌មាន និងក្រុមការងារVOD បាននាំគ្នាធ្វើដំណើរបន្ត ក៏បានជួបស្រ្តីម្នាក់ទៀតឈ្មោះ ឆយ ង៉ា អាយុ ៣៨ឆ្នាំ រស់នៅភូមិឃុំខាងលើ កំពុងតែអង្គុយបួងសក់យោលអង្រឹងក្រោមផ្ទះ ពាក់អាវពណ៌ស្លាទុំ ស្លៀកខោខ្មៅត្រឹមជង្គង់ មានទឹកមុខស្រពាប់ស្រពោន នឹងមានក្មេងម្នាក់ទៀតបានគេងក្នុងអង្រឹងក្បែរគាត់ដែរ មើលទៅទំនងដូចជាកូនរបស់គាត់ ជុំវិញខ្លួនគាត់មានកង់ថៃទូកស្រីចំនួន ២គ្រឿង។ មើលទៅជីវភាពគ្រួសាររបស់គាត់ ​ហាក់បីដូចជាមិនសូវមានអ្វីៗដូចគ្រួសារអ្នកដ៏ទៃនោះទេ។ គាត់និយាយទាំងទឹកមុខស្រង៉ូតស្រង៉ាត់ ប្រាប់ក្រុមពលរដ្ឋអ្នកសារព័ត៌មានVODថា រាល់ថ្ងៃគាត់មានជីភាពខ្វះខាត ហើយគ្មានមុខរបរអ្វីធ្វើនោះទេ។ គាត់ក៏បានមស្រេចចិត្តចំណាកស្រុកទៅបម្រើការងារនៅប្រទេសជិតខាង។ អ្នកស្រី ឆយ ង៉ា បានបញ្ជាក់ថា «ខ្ញុំបានសម្រេចចិត្តធ្វើការចំណាកស្រុក ទៅប្រទេសថៃដោយខុសច្បាប់ ព្រោះគ្រួសារខ្ញុំទីទាល់ក្រមិនមានលុយ ធ្វើលិខិតឆ្លងដែនទេ សុខចិត្តទៅតាមមេខ្យល់រកការងារជាអ្នកឲ្យបាយជ្រូក ដល់ពេលត្រឡប់មកវិញគេបោះឆ្នោតរួចល្មម»

មេឃុំទីពោលោក ឆាយ យូ បានឲ្យដឹង​ថា ប្រជាពលរដ្ឋដែលគាត់ចំណាកស្រុកទៅបម្រើការងារនៅក្រៅប្រទេស។ បើពិនិត្យមើលទៅមានប្រហែលជាង ២០០នាក់ ដែលពួកគាត់មិនបានមកបោះឆ្នោត។  លោកបន្តទៀតថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ កាលពីអាណត្តិទី ៤ទើបកន្លងផុតប៉ុន្មានខែមុននេះ មានការថយចុះជាងអាណត្តិមុន។

លោកបញ្ចាក់ថា «យើងមិនអាចហាមឃាត់ធ្វើចំណាកស្រុកបានទេ ព្រោះជីវភាពរបស់ពួកគាត់ មានការខ្វះខាត់ មិនមានមុខរបរធ្វើ មានតែរកស៊ីដោយកម្លាំងពលកម្មប៉ុណ្ណោះ។ ហើយខ្ញុំបានផ្សព្វផ្សាយតារយៈមេភូមិ ដើម្បីឲ្យប្រាប់បងប្អូនតៗគ្នា ហើយអ្នកមិនទាន់បានចុះឈ្មោះ ឲ្យគាត់មកចុះឈ្មោះ​​ក្នុងបញ្ជីបោះឆ្នោតក្នុងខែកញ្ញាខាងមុខនេះ»

ទោះយ៉ាងណា ប្រជាពលរដ្ឋដែលចំណាកស្រុក ស្នើទៅរដ្ឋាភិបាលជួយរៀបចំកន្លែង និងផ្តល់លទ្ធភាព សម្រាប់ពលករខ្មែរបានបោះឆ្នោះ នៅឯប្រទេសថៃ ក្នុងខែកក្កដា ឆ្នាំ ២០១៨ខាងមុខនេះ ដើម្បីកាត់បន្ថយការចំណាយរបស់ពួកគាត់។​

ដោយពលរដ្ឋអ្នកសារព័ត៌មាន ខេត្តកំពង់ធំ លោក ជៀម វឿន

CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។