អាជ្ញាធរឥណ្ឌូនេស៊ី បានចាប់ខ្លួនជនសង្ស័យជាជនសកម្មប្រយុទ្ធអ៊ីស្លាមម្នាក់ និងរឹបអូសបានសម្ភារៈផលិតគ្រាប់បែកក្នុងបរិមាណដ៏ធំមួយ ដែលជនសង្ស័យរូបនោះមានផែនការប្រើប្រាស់សម្រាប់វាយប្រហារទៅលើអគាររដ្ឋាភិបាល និងស្ថានទូតភូមានៅឥណ្ឌូនេស៊ីនៅខែក្រោយ។ នេះដោយយោងតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ដែលបានដកស្រង់សម្ដីអ្នកនាំពាក្យប៉ូលិសឥណ្ឌូនេស៊ី។
ជនសង្ស័យរូបនេះ ត្រូវបានគេបញ្ជាក់ថាឈ្មោះ Rio Priatna Wibawa អាយុ ២៣ឆ្នាំ ហើយគេជឿថា គឺជាសមាជិកម្នាក់នៃក្រុមឥណ្ឌូនេស៊ីមួយ ដែលគាំទ្រចលនារដ្ឋអ៊ីស្លាម។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ថា បរិមាណគ្រឿងរំសេវដែលរឹបអូសបាន នឹងមានកម្លាំងបំផ្ទុះខ្លាំងក្លាស្មើនឹងគ្រាប់បែកដែលត្រូវបានគេបំផ្ទុះនៅក្នុងក្លិបកម្សាន្តមួយនៅកោះបាលី ដែលបានសម្លាប់មនុស្ស ២០២នាក់ កាលពីឆ្នាំ២០១២។
អ្នកនាំពាក្យប៉ូលិសឥណ្ឌូនេស៊ី លោក Boy Rafli Amar បានប្រាប់ Reuters នៅថ្ងៃនេះថា ជនសង្ស័យ Wibawa ដែលបានសិក្សាជំនាញវិទ្យាសាស្ត្រកសិកម្មនៅមហាវិទ្យាល័យ និងជាមនុស្សគ្មានការងារធ្វើនោះ គឺជាអ្នករៀនផលិតគ្រាប់បែកដោយខ្លួនឯង ដែលមានបំណងពង្រាយគ្រាប់បែកនោះទៅទីតាំងច្រើនកន្លែងនៅឥណ្ឌូនេស៊ី។
ឥណ្ឌូនេស៊ី ប្រឈមនឹងការវាយប្រហារនានាមានពាក់ព័ន្ធនឹងក្រុមរដ្ឋអ៊ីស្លាមនៅឆ្នាំនេះ ហើយការវាយប្រហារធំបំផុតនោះ គឺការវាយប្រហារដោយកាំភ្លើង និងគ្រាប់បែក នៅទីក្រុងហ្សាកាតា ដែលបានសម្លាប់មនុស្ស ៤នាក់កាលខែមករាកន្លងមក។
បើតាម Reuters អាជ្ញាធរឥណ្ឌូនេស៊ីកំពុងតែបារម្ភអំពីកំណើននៃសកម្មភាពជ្រុលនិយម ហើយនិយាយថា មានអ្នកមានចិត្តចំពោះចលនារដ្ឋអ៊ីស្លាមរាប់រយនាក់នៅឥណ្ឌូនេស៊ី។
ថ្មីៗនេះ កំហឹងកាន់តែកើនឡើងនៅតាមបណ្ដាប្រទេសមូស្លីមនានានៅអាស៊ីអាគ្នេយ៍ ដូចជា ឥណ្ឌូនេស៊ី និងម៉ាឡេស៊ី ជុំវិញអំពើហិង្សាទៅលើជនមូស្លីមរ៉ូហ៊ីងយ៉ានៅភូមា ដែលនាំឲ្យមានបាតុកម្មនៅតាមទីក្រុងជាច្រើនប្រឆាំងនឹងភូមា៕