ពលរដ្ឋ​កូរ៉េ​ខាង​ត្បូង​បន្ត​បាតុកម្ម​ប្រឆាំង​​អ្នកស្រី​ ផាក នៅ​ល្ងាច​ថ្ងៃ​នេះ

ក្រុមបាតុករកូរ៉េខាងត្បូង ( ​រូបភាពពី​ទីភ្នាក់ងារ​សារព័ត៌មាន​Channel News Asia)

ពលរដ្ឋកូរ៉េខាងត្បូងរាប់ម៉ឺននាក់ គ្រោងនឹងចុះផ្លូវតវ៉ាជាថ្មីម្ដងទៀតនៅថ្ងៃនេះ ដើម្បីស្រែកទាមទារឲ្យប្រធានាធិបតី អ្នកស្រី ផាក ហ្គឹនហេ ចុះចេញពីតំណែង។

ក្រុមបាតុករកូរ៉េខាងត្បូងបានទាមទារដូច្នេះប៉ុន្មានសប្ដាហ៍មកហើយ នោះក៏ព្រោះតែមានរឿងអាស្រូវផ្ទុះឡើង ជុំវិញមិត្តភក្តិអ្នកស្រី ផាក ដែលត្រូវបានគេចោទថា បានលូកលាន់កិច្ចការរដ្ឋ និងបានប្រើប្រាស់ឥទ្ធិពលប្រធានាធិបតី ដើម្បីគាប់សង្កត់ទៅលើបណ្ដាក្រុមហ៊ុនធំៗ។

សារព័ត៌មាន Channel News Asia បានដកស្រង់សម្ដីអ្នករៀបចំការតវ៉ា ដែលបាននិយាយថា មនុស្សប្រហែល ២លាននាក់ ត្រូវបានគេរំពឹងថា នឹងចូលរួមការតវ៉ានេះ នៅទីក្រុងសេអ៊ូល ព្រមទាំងតាមបណ្ដាទីក្រុងដទៃទៀត នៅទូទាំងប្រទេស។

មកដល់សប្ដាហ៍នេះ បាតុកម្មប្រឆាំងនឹងប្រធានាធិបតី បានឈានដល់ចុងសប្ដាហ៍ទី ៥ហើយ។ វាគឺការតវ៉ាដោយសន្តិវិធី ប៉ុន្តែ ក្រុមបាតុករមួយចំនួននិយាយថា ពួកគេនឹងចូលឲ្យកាន់តែកៀកទៅនឹងវិមានខៀវរបស់ប្រធានាធិបតី ដែលពួកគេថា ដើម្បីឲ្យអ្នកស្រី ផាក បានស្ដាប់លឺសម្រែកតវ៉ារបស់ពួកគេ។

ក្រុមអ្នកតវ៉ាបញ្ជាក់ថា ពួកគេគ្រោងកាន់ដៃគ្នាជុំវិញវិមានខៀវ ហើយកសិករប្រហែល ១ពាន់នាក់ ប្រដាប់ទៅដោយត្រាក់ទ័រ ក៏គ្រោងចូលរួមឡោមព័ទ្ធវិមានខៀវផងដែរ។

ក្រុមអ្នកតវ៉ាបញ្ជាក់បន្ថែមថា ប្រសិនបើអ្នកស្រី ផាក មិនចុះចេញពីតំណែងទេ ពួកគេនឹងធ្វើសកម្មភាពបន្ថែមទៀត ហើយក្រុមនិស្សិតមហាវិទ្យាល័យ ប្រាប់ថា ពួកគេនឹងធ្វើពហិកាចំពោះការចូលរៀន ខណៈដែលក្រុមសហជីពប្រាប់ថា សមាជិករបស់ពួកគេនឹងចូលរួមនៅថ្ងៃទី៣០ ខែវិច្ឆិកានេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ