សង្គមស៊ីវិលយល់ថាករណីប៉ូលិសដួលមុខឡានមន្ដ្រីគណបក្សសង្គ្រោះជាតិអាចជាល្ខោនរៀបចំទុកមុន  

ប៉ូលិសដួលមុខឡានមន្ដ្រីគណបក្សសង្គ្រោះជាតិ (ហ្វេសប៊ុក Sor Chandeth)

អង្គការសង្គមស៊ីវិលលើកឡើងថា ករណីប៉ូលិសម្នាក់ដែលដួលនៅមុខរថយន្ដរបស់មន្ដ្រីគណបក្សសង្គ្រោះជាតិ ក្នុងខេត្តបន្ទាយមានជ័យនោះ អាចជាការរៀបចំទុកជាមុនដើម្បីចាប់ខ្លួនលោក ម៉ង់ ពុទ្ធី។ ករណីនេះក្រុមអ្នកតាមដានសង្គមជំរុញឲ្យមានការស៊ើបអង្កេតឲ្យបានត្រឹមត្រូវ ជៀសវាងការដាក់ទោស​អ្នក​ដែល​មិនបានប្រព្រឹត្តិកំហុស។

កាលពីថ្ងៃ២២ ខែធ្នូ មានករណីប៉ះទង្គិចមួយរវាងប៉ូលិសសក្ដិ៤ម្នាក់ឈ្មោះ ឈាន ពិសិដ្ឋ ដែលត្រូវបានប្រជាពលរដ្ឋនិងមជ្ឈដ្ឋានសង្គមចោទថា ធ្វើពុតជាដួលសន្លប់នៅមុខរថយន្ដមន្ដ្រីគណបក្សសង្គ្រោះជាតិ លោក ម៉ង់ ពុទ្ធី ត្រង់ចំណុចច្រកព្រំដែនអន្ដរជាតិប៉ោយប៉ែត។ ក្រោយហេតុការណ៍នេះ លោក ម៉ង់ ពុទ្ធី ត្រូវបានសមត្ថកិច្ចចាប់ខ្លួនភ្លាមៗ ដោយរងការចោទប្រកាន់ពីបទប៉ុនប៉ងមនុស្សឃាតដោយចេតនា។

ប៉ុន្តែចៅសង្កាត់ប៉ោយប៉ែត​ លោក ចៅ វាសនា អះអាងថា លោក ម៉ង់​ ពុទ្ធី​ មិនបាន​ជិះឡានបុកមន្ដ្រីប៉ូលិសសក្ដិ៤រូបនោះ​ដូចការចោទប្រកាន់ទេ។ លោកបន្ដថា ជម្លោះនេះកើតឡើងដោយសារ​អាជ្ញាធរ​នៅទីនោះមានគំនុំជាមួយលោក ម៉ង់​ ពុទ្ធី ដោយសារលោកធ្លាប់ជួយដោះស្រាយបញ្ហាឲ្យ​ពលរដ្ឋ ដែលត្រូវបានអាជ្ញាធរចាប់យកម៉ូតូ នៅពេលប្រជាពលរដ្ឋមិនបានបង់លុយឲ្យមន្ត្រីប៉ូលីសរូបនោះ។

លោក មាស នី សាស្ត្រាចារ្យនិង​អ្នក​ស្រា​វជ្រាវ​ការ​អភិវឌ្ឍសង្គម​បានឲ្យវីអូឌីដឹងនៅថ្ងៃចន្ទនេះថា លោកមានការសង្ស័យចំពោះករណីនេះ ដោយលោកគិតថាអាចជាល្ខោនរៀបចំទុកជាមុន។ លោកបន្ថែមថា លោកមានការងឿងឆ្ងល់ចំពោះឧបករណ៍សង្រ្គោះបន្ទាន់ ដែលបែរជាត្រូវបានបំពាក់នៅក្នុងឡានផ្ទាល់ខ្លួន ពេលដែលលោក ឈាន ពិសិដ្ឋ ត្រូវបានជួយសង្គ្រោះទៅវិញ។

លោកថា៖ «បាទ! នៅក្បួនរបស់គេ របស់អស់ហ្នឹង គេមិនដែលដាក់ឡានឯកជនទេ គឺគេដាក់តែក្នុងឡានពេទ្យទេ។ ហើយនៅប៉ោយប៉ែត មិនមែនខ្វះឡានពេទ្យទេ ខ្ញុំគិតថាបើគ្រោះថ្នាក់នៅហ្នឹងស្ពាន តាមខ្ញុំចាំ មន្ទីរពេទ្យហ្នឹងដូចជាមិនប៉ុន្មានរយម៉ែត្រឆ្ងាយចេញពីស្ពានទេ។ អ៊ីចឹងឡានពេទ្យនេះ គឺត្រូវតែអាចត្រូវបានប្រើប្រាស់បានភ្លាមៗបន្ទាន់ៗ។ ប៉ុន្ដែមិនដឹងហេតុអីបានជារបស់សង្គ្រោះបន្ទាន់បែបនេះ វាទៅជានៅក្នុងឡានរួចស្រេច ឬឡានហ្នឹង របស់ហ្នឹងគេដាក់ត្រៀមក្នុងឡានរួចស្រេច អាហ្នឹងសុទ្ធជារឿងសមត្ថកិច្ច តុលាការត្រូវតែតាមរក»។

ពាក់ព័ន្ធករណីនេះ លោកបានទទូចឲ្យមានពេទ្យឯកជនផ្សេងទៀតធ្វើការពិនិត្យផងដែរ​ ដោយបារម្ភថាពេទ្យដែលចេញសំបុត្រឲ្យ លោក ឈាន ពិសិដ្ឋ អាចមានការឃុបឃិតគ្នាឬចេញសំបុត្របញ្ជាក់ពុំត្រឹមត្រូវ។

លោកថា៖ «ខ្ញុំក៏មានការសង្ស័យមួយដែរទៅលើពេទ្យដែលចេញសំបុត្រស្នាមឲ្យ ខ្ញុំមិនចោទថាពេទ្យសមក្រលំចេញសំបុ​ត្រក្លែងក្លាយទេ ខ្ញុំមិននិយាយថាអ៊ីចឹងទេ ប៉ុន្ដែបើក្នុងប្រព័ន្ធតុលាការដែលមានយុត្តិធម៌ត្រឹមត្រូវ ហើយឯករាជ្យ គេនឹងអាចសុំឲ្យពេទ្យណាមួយទៀត ដែលគេគិតថាជាពេទ្យឯករាជ្យ ឲ្យមកមើលករណីហ្នឹងម្ដងទៀត ដើម្បីចង់ដឹងថាតើ របួសស្នាមវាមានដូចពេទ្យទី១ ដែលគេបានលើកឡើងដែរឬអត់»។

លោក អ៊ូ វីរៈ ជាអ្នកវិភាគឯករាជ្យបានសរសេរលើហ្វេសប៊ុករបស់លោកថា លោកចូលរួមអំពាវនាវឲ្យក្រសួងមានសមត្ថកិច្ចធ្វើការស៊ើបអង្កេតរឿងនេះឲ្យបានត្រឹមត្រូវ ដើម្បីកុំឲ្យពលរដ្ឋបាត់បង់ទំនុកចិត្តលើមន្ដ្រីនគរបាលផ្សេងទៀត។

ថ្លែងក្នុងអង្គប្រជុំសភា នៅចំពោះមុខលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន នៅព្រឹកថ្ងៃចន្ទនេះដែរ លោក អេង ឆៃ​អ៊ាង តំណាងរាស្ដ្រគណបក្សសង្គ្រោះជាតិ បានស្នើឲ្យមានការស៊ើបអង្កេតត្រឹមត្រូវចំពោះករណីប៉ូលិសសក្ដិ៤ដួលនៅមុខរថយន្ដមន្ដ្រីគណបក្សប្រឆាំងនេះ។

ឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មានក្រោយបញ្ចប់កិច្ចប្រជុំសភា លោក ស ខេង រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានសន្យាថា នឹងអនុញ្ញាតឲ្យសមត្ថកិច្ចប្រចាំនៅខេត្តបន្ទាយមានជ័យស៊ើបអង្កេតចំពោះករណីនេះ។

បើតាមវីដេអូដែលផ្សាយតាមហ្វេសប៊ុកបង្ហាញថា ប៉ូលីសម្នាក់ឈ្មោះ ពិសិដ្ឋ ជាមន្រ្តីច្រកព្រំដែនប៉ោយប៉ែត​បានផ្តួលខ្លួនឯងនៅមុខរថយន្តមួយគ្រឿង ដោយក្នុងដៃមានកាន់អាយកូមនិងកូនសោមិនព្រមព្រលែងចោលឡើយ ខណៈខ្លួនបានឃាត់រថយន្តមួយគ្រឿងរបស់មន្រ្តីគណបក្សសង្រ្គោះជាតិ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ