លោក កឹម សុខា ងាកទៅមូលដ្ឋាន ខណៈបក្សកាន់អំណាចឈប់ចរចា

ប្រធានគណបក្ស​សង្រ្គោះជាតិ លោក កឹម សុខា​

ខណៈការបោះឆ្នោតថ្នាក់ក្រោមជាតិជិតមកដល់ មេដឹកនាំគណបក្សប្រឆាំងដែលត្រូវបានព្រះមហាក្សត្រលើកលែងទោស សម្រុកចុះពង្រឹងកិច្ចការផ្ទៃក្នុងបក្សនៅថ្នាក់មូលដ្ឋាន បន្ទាប់ពីគណបក្សកាន់អំណាចលុបចោលគម្រោងចរចាដែលគេរំពឹងថានឹងមានការដោះលែងអ្នកជាប់ឃុំពាក់ព័ន្ធនឹងនយោបាយនោះ។

នៅក្នុងកិច្ចប្រជុំមួយធ្វើឡើងនៅខេត្តបាត់ដំបង ថ្ងៃព្រហស្បតិ៍ ម្សិលមិញ អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានថ្លែងទៅកាន់សកម្មជនរបស់ខ្លួននូវកត្តាចំនួន៣ចំណុចគឺ ការពង្រឹងផ្ទៃក្នុងបក្ស ការស្ទាបស្ទង់សមត្ថភាពរបស់ដៃគូប្រកួត និងកត្តាខាងក្រៅ។ នេះដោយយោងតាមហ្វេសប៊ុករបស់លោក។

បើតាមហ្វេសប៊ុករបស់លោក កឹម សុខា ការពង្រឹងកិច្ចការផ្ទៃក្នុងបក្សមានសារសំខាន់ ដើម្បីឲ្យគណបក្សមួយនេះ អាចយកឈ្នះលើគូប្រជែងផ្សេងទៀត នៅថ្ងៃបោះឆ្នោតជាតិ ខណៈលោកថា កត្ដាដៃគូប្រកួត និងស្ថានភាពខាងក្រៅ មិនជារឿងងាយស្រួលដែលអាចធ្វើបាននោះទេ។ ក្រៅពីខេត្តបាត់ដំបង លោក កឹម សុខា ក៏បានចុះសួរសុខទុក្ខមន្ដ្រីមូលដ្ឋាននៅខេត្តផ្សេងទៀត ដូចជា ខេត្តបន្ទាយមានជ័យ កំពង់ឆ្នាំង និងពោធិ៍សាត់។

ព្រឹទ្ធាចារ្យនយោបាយជើងចាស់ លោក ឡឺ ឡៃស្រេង បានឲ្យ VOD ដឹងនៅថ្ងៃសុក្រនេះថា សកម្មភាពចុះពង្រឹងមូលដ្ឋានរបស់គណបក្សសង្គ្រោះជាតិមានសារសំខាន់ ដោយលោកថា ដើម្បីឲ្យគណបក្សមួយនេះអាចប្រាស្រ័យទាក់ទងជិតស្និតជាមួយពលរដ្ឋមូលដ្ឋាន និងពង្រឹងកិច្ចការផ្ទៃក្នុងបក្សឲ្យកាន់តែរឹងមាំ មុនឈានដល់ថ្ងៃបោះឆ្នោត។ លោកបន្ដថា ក្រៅពីការចុះពង្រឹងថ្នាក់មូលដ្ឋាននេះ គណបក្សប្រឆាំង គួរមានផែនការ និងយុទ្ធសាស្ដ្រដឹកនាំប្រទេសច្បាស់លាស់ ដូចជា ការគ្រប់គ្រងជនអន្ដោប្រវេសខុសច្បាប់ បញ្ហាសេដ្ឋកិច្ច និងដំណោះស្រាយដីធ្លីជូនពលរដ្ឋ ជាដើម។

លោក ឡឺ ឡៃស្រេង យល់ថា គណបក្សសង្គ្រោះជាតិនឹងអាចទទួលបានប្រជាប្រិយភាពច្រើននៅថ្ងៃបោះឆ្នោតខាងមុខ ជាងគណបក្សប្រជាជនកម្ពុជា ដោយលោកថា “គណបក្សកាន់អំណាចមិនខុសពីអ្នកជំងឺ លែងមានថ្នាំព្យាបាល” ដោយថាធ្វើឲ្យពលរដ្ឋបាត់បង់ជំនឿលើបក្សនេះទៅហើយ។

លោកថា៖ «មានតែគណបក្សមួយនេះ [សង្គ្រោះជាតិ] ដែលអាចស្រោចស្រង់ជាតិបាន តាមខ្ញុំមើល។ គណបក្សប្រជាជនហ្នឹងកែលែងឡើងហើយ ដូចអ្នកជំងឺលែងទទួលថ្នាំហើយ ចាក់ថ្នាំអីក៏លែងត្រូវដែរ អានេះតាមខ្ញុំមើលទេ គឺថាពន្យល់យ៉ាងម៉េចក៏លែងជឿងដែរ តាំងពីថ្នាក់ដឹកនាំ ថ្នាក់មូលដ្ឋាន»

អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម និងនយោបាយ លោក គឹម សុខ ឲ្យដឹងថា គណបក្សសង្គ្រោះជាតិកំពុងដើរលើផ្លូវត្រូវ និងកំពុងទទួលបានការគាំទ្រច្រើនពីមហាជន។ លោកបន្ថែម ការបោះឆ្នោតឆ្នាំ២០១៧-២០១៨ នឹងមានផ្លាស់ប្ដូរខ្លាំង ដោយលោកថា ពលរដ្ឋភាគច្រើនមានបំណងចង់ផ្លាស់ប្ដូរក្បាលម៉ាស៊ីនដឹកនាំប្រទេស។ លោកបន្ដថា ចំណែក គណបក្សកាន់អំណាចនៅតែប្រើយុទ្ធសាស្ដ្រដដែលៗ ដូចជា ការចែកអំណោយ ការទិញទឹកចិត្ត និងការគំរាមសម្លុតទឹកចិត្តរបស់ពលរដ្ឋ ជាដើម។

លោកថា៖ «តាមពិតទៅ គណបក្សសង្គ្រោះជាតិ​ តាមការកត់សម្គាល់ជាក់ស្ដែងនៅមូលដ្ឋាន ប្រជាប្រិយភាពរបស់បក្សហ្នឹង អាចជោគជ័យធំ ដោយគ្រាន់តែធ្វើម៉េចពង្រឹងជំហរនយោបាយបក្ស ក្នុងការរួមគំនិតគ្នា រួមកម្លាំងគ្នា កុំឲ្យមានការបែកខ្ញែក។ អាហ្នឹងខ្ញុំគិតថា គណបក្សសង្គ្រោះជាតិពិតជាជោគជ័យធំណាស់ ពីព្រោះស្ថានភាពចិត្តប្រជារាស្ដ្រ គឺចង់បានការផ្លាស់ប្ដូរមែនទែន»។ ចំណែក គណបក្សប្រជាជនកម្ពុជា វិញការចុះរបស់គាត់ គ្មានអីក្រៅតែ៤យ៉ាងទេ ទី១ ទៅបំភ្លៃប្រជារាស្ដ្រ គិតដឹងរឿង ទី២ ចុះទៅចែកអំណោយ ទី៣ ទៅសម្លុតតែម្ដង និងទី៤ ការប្លន់លទ្ធផល»

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខឥសាន មានប្រសាសន៍ថា អ្វីដែលបានលើកឡើងគ្រាន់តែជាការយល់​​ឃើញរបស់ពួកគេ តែលោកថា CPP នៅមានតែឈានមុខគេ។

យោងតាមលទ្ធផលបោះឆ្នោតឆ្នាំ២០១៣ គណបក្សប្រជាជនកម្ពុជាទទួលបានសំឡេងឆ្នោត​​ជាង៣លានសន្លឹក ខណៈគណបក្សសង្រ្គោះជាតិទទួលបានជិត៣លានសន្លឹក ពោល គឺចាញ់គ្នាប្រមាណ៣សែនសន្លឹក។តែកាលណោះ គណបក្សប្រឆាំងបានអះអាងថា ការបោះឆ្នោតមានភាពប្រក្រតីមួយចំនួន៕

 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ