លោក  ឌិន ពុទ្ធី  សុំលាលែងពីគណបក្សសង្គ្រោះជាតិ

មន្រ្តីនគរបាលច្រកព្រំដែននៅក្រុងប៉ោយប៉ែត ឈ្មោះ ឈាន ពិសិដ្ឋ កាលពីពេលកន្លងទៅ (រូបភាពពីហ្វេសប៊ុក)

លោក  ឌិន ពុទ្ធី  ដែលទើបត្រូវបានដោះលែងបានសុំលាឈប់ពីគណបក្សប្រឆាំង ដោយអះអាងថា លោកមិនមានពេលគ្រប់គ្រាន់ដើម្បីបំពេញការងារគណបក្សសង្គ្រោះជាតិបន្តទៀត។

សកម្មជនបក្សប្រឆាំងរូបនេះ ត្រូវបានតុលាការឃុំខ្លួនជិតមួយខែ ក្រោយពីនគរបាលម្នាក់ដួលមុខរថយន្តរបស់លោក​កាលពីចុងឆ្នាំមុន។

នៅក្នុងលិខិតមួយចុះថ្ងៃទី១៦ ខែមករា ឆ្នាំ ២០១៧ ដែលវីអូឌីទើបទទួលលោក ឌិន ពុទ្ធី ឲ្យដឹងថា លោកសុំលាលែងពីសមាជិកភាពរបស់គណបក្សសង្គ្រោះជាតិខេត្តបន្ទាយមានជ័យ ដោយសារ លោកមានភារកិច្ចបំពេញការងារសមាគម ហើយគ្មានពេលគ្រប់គ្រាន់ដើម្បីពេញការងារគណបក្ស។ ​យ៉ាងណាក៏ដោយ ការលាលែងនេះ ធ្វើឡើងបានតែ២ថ្ងៃ ក្រោយពីសាលា​ឧទ្ធរណ៍​បាន​សម្រេច ​ដោះ​លែង​​ឲ្យលោក​នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះ​អាសន្ន​កាលពីថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០១៧  ។

លោក ឌិន ពុទ្ធី  ប្រាប់វីអូឌីនៅថ្ងៃសុក្រនេះថា ការលាឈប់នេះ ដោយសារ លោកចង់បំពេញការងារជាសហជីព និង សមាគម  ចំពោះការគំរាមកំហែងវិញ លោកសុំមិននិយាយ ប៉ុន្តែលោកថា មកដល់ពេលនេះ រូបលោកបានត្រូវតុលាការចោទប្រកាន់ចំនួន ៣ ករណី  ដែលសំណុំរឿងនេះ តាំងពីឆ្នាំ​២០១៤ ឆ្នាំ ២០១៥ និងឆ្នាំ ២០១៦ ។ លោកចាត់ទុកការចោទប្រកាន់របស់តុលាការនេះ ថាជារឿងអយុត្តិធម៌ ដោយអះអាង លោកមិនបានប្រព្រឹត្តិបទល្មើសនោះទេ។

លោកបន្តថា «ខ្ញុំមិនអាចសន្និដ្ឋានបានទេ ប៉ុន្តែគ្រាន់តែរឿងដែលគេចោទប្រកាន់ទាំងអស់ គឺខ្ញុំមិនមានកំហុសទេ ដូចការចោទប្រកាន់របស់គេនោះទេ  ដូចតុលាការទេ  ព្រោះខ្ញុំមិនបានប្រព្រឹត្តិកំហុសអីទេ  ហើយក៏មិនបានទៅញុះញង់ឲ្យពួកគេទៅធ្វើបាតុកម្មដែរ។  ខ្ញុំមិនបានទៅ ញុះញង់ ឲ្យពួកកម្មទៅគប់ទីស្នាក់ការគយដែរ ការធ្វើបាតុកម្មរបស់គាត់គឺខ្ញុំអត់ដឹងទេ។ កាលពីខែឧសភា ឆ្នាំ ២០១៥ ដែលធ្វើបាតុកម្មគប់បំផ្លាញទីស្នាក់ការគយគឺខ្ញុំអត់បានដឹងរឿងអីទេ ។ ខ្ញុំនៅឯស្វាយឯណោះ  ហើយខ្ញុំមិនបានប្រព្រឹត្តិបទល្មើសដូចការចោទប្រកាន់ ចឹងគឺវាហាក់ដូចមិនត្រឹមត្រូវសម្រាប់ខ្ញុំទេ ព្រោះការចោទប្រកាន់អត់ត្រឹមត្រូវតែម្ដឹង ខ្ញុំនៅតែប្រកាន់ជំហរថាខ្ញុំគ្មានកំហុស»។

លោកបញ្ជាក់ថា សំណុំរឿងនៅឆ្នាំ ២០១៤ និង ២០១៥ គឺតុលាការ ទើបធ្វើការចោទប្រកាន់លោកនៅចុងឆ្នាំ២០១៦ កន្លងទៅនេះទេ ។

អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក ខេត្ដបន្ទាយមានជ័យ លោក ស៊ុំ ចាន់គា មានប្រសាសន៍ថា ការសម្រេចលាឈប់ពីគណបក្សនយោបាយនេះ ជាសិទ្ធិរបស់លោក ឌិន ពុទ្ធី ប៉ុន្តែលោកកន្លងមក លោក ឌិន ពុទ្ធី ធ្វើការងារភាគច្រើនគឺក្នុងមាននាមជាអង្គការ ដោយមិនសូវបង្ហាញ រឿងគណបក្សទេ ។  ទាក់ទងរឿងតុលាការចោទប្រកាន់វិញ លោកថាវាមិនមានអ្វីប្លែក ប៉ុន្តែលោកអំពាវនាវឲ្យតុលាការធ្វើការដោយឯករាជ្យ។

លោកថា«សូមឲ្យតុលាការហ្នឹង  ជាតុលាការឯករាជ្យ ដែលមានឆន្ទៈជាអ្នកបម្រើផលប្រយោជន៍ សម្រាប់ប្រជាពលរដ្ឋ ព្រោះតុលាការក៏ជាមន្ត្រីសិទ្ធិមនុស្សមួយដែរ  ដែលមានអំណាចផ្នែកខាងវិនិច្ឆ័យ ពិនិត្យពិចារណាទៅលើរឿងក្ដី ទៅដោយឆន្ទានុសិទ្ធិរបស់ខ្លួន ។ ខ្ញុំគិតថា តុលាការក៏បានស្បថដែរ  ក្នុងការចូលកាន់តំណែង ហើយបើសិនជាតុលាការហ្នឹងបម្រើបក្ស ក៏ខុសពីសម្បថរបស់ខ្លួន ហើយសម្បថរបស់ខ្លួននឹងតាម ផ្ដន្ទាតាម តាមយាយី និងតាមធ្វើទុកបុកម្និញ ដែលជនណាដែលបានស្បថ ថាខ្លួន​នឹងជាមនុស្សឯករាជ្យ»។

កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ​២០១៦ សកម្មជនគណបក្សប្រឆាំងនិងជា​ប្រធានស​មាគម​ពង្រឹងសេ​ដ្ឋកិ​ច្ច​ក្រៅ​ប្រព័ន្ធកម្ពុជាប្រ​ចាំខេត្តបន្ទាយមានជ័យ ​​លោក​ ឌិន​ ពុទ្ធី ត្រូវសមត្ថកិ​ច្ចាប់ខ្លួន ​​ខណៈនគរបាលច្រកទ្វារ​ម្នាក់​ឈ្មោះ​ ឈាន ពិសិដ្ឋ បានដួលនៅមុខរថយន្ត​របស់​មន្ត្រី​ប​ក្ស​​ប្រ​ឆាំងរូបនោះ។ ក្រោយមកលោក លោក ឌិន ពុទ្ធី ត្រូវ​បានសាលាដំបូងខេត្តបន្ទាយមានជ័យ សម្រេចឲ្យឃុំ​ខ្លួនបណ្តោះ​អាស​ន្ន ​ចោទ​ថាបង្ក​ហិ​ង្សា​​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស ប៉ុន្តែចំ​ណាត់ការរបស់តុលាការថ្នាក់ក្រោមនោះ ត្រូវអ្នកប្រើប្រាស់បណ្តាញសង្គមនិង​អង្ក​កា​រ​សង្គ​មស៊ីវិល រួមទាំងគ្រួសារលោក ឌិន ពុទ្ធី ផង រិះគន់ថា ជារឿងអយុត្តិធម៌ ហើយសាលាឧទ្ធរណ៍បានដោះលែងនៅក្រៅឃុំ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ