​អាជ្ញាធរ​ថា​សហគមន៍​មួយ​នៅ​ខេត្ត​រតនគីរី​មិនបាន​យក​បង្គន់​កូន​ស្តេច​ថៃ​ធ្វើ​ការិយាល័យ​

បង្គន់កូនស្តេចថៃ(រូបថតពីបណ្តាញសង្គម)

​សាលា​ខេត្តរតនគិរី បានប្រកាស​ច្រានចោល ការលើកឡើង​ថា សហគម​ន៍​មួយ​នៅ​ខេត្ត​នោះ យក​បង្គន់​អនាម័យរបស់​កូន​ស្តេច​ថៃ ធ្វើជា​ការិយាល័យ ដោយ​ចាត់ទុកថា ការផ្សព្វផ្សាយ​កន្លងទៅខុស​ពី​ការពិតធ្វើឲ្យប៉ះពាល់​ដល់​កិត្តិយស​អាជ្ញាធរ​ដែនដី​។​

​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​មួយចុះ​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ សាលាខេត្ត​រតនគីរី បាន​លើកឡើង​ថា កាលពី​ថ្ងៃ​ទី​២២ ​ខែ​កុម្ភៈ​ មាន​បណ្តាញ​សង្គម​ហ្វេ​សប៊ុក របស់​មន្ត្រី​សម្របសម្រួល​សមាគម​កា​រពារ​សិទ្ធិមនុស្ស​អាដហុក ប្រចាំ​ខេត្ត​រតនគិរី គឺ​លោក ឆាយ ធី និង​ហ្វេ​សប៊ុក​អ្នក​ផ្សេង​ទៀត ដែល​សាលាខេត្ត​ថា ចុះផ្សាយ​ថា សហគមន៍​បឹង​យក្ស​ឡោម បាន​យក​បង្គន់របស់​កូន​ស្តេច​ថៃ ធ្វើជា​ការិយាល័យ ក្រោយ​ពី​កូន​ស្តេច​ថៃ បញ្ចប់​ព្រះរាជទស្សនកិច្ច​នៅ​ទីនោះ​។​

​សាលាខេត្ត​អះអាង​ទៀតថា ការផ្សព្វផ្សាយ​នោះ ជា​រឿង​មិន​ពិត និង​ថា​ធ្វើឲ្យប៉ះពាល់​ដល់សេចក្តីថ្លៃថ្នូរ​របស់​អាជ្ញាធរ​ដែនដី។​

​សេចក្តីប្រកាស​ព័ត៌មាន​ឲ្យដឹង​ទៀត​ថា ក្រោយពី​បញ្ចប់​ទស្សនកិច្ចរបស់​កូន​ស្តេច​ថៃ សាលាខេត្ត​ថា ក្រុមការងារ​ខេត្ត បាន​ចុះទៅពិនិត្យនៅក្នុង​បន្ទប់​នោះ ពុំ​ឃើញ​មាន​បង្គន់​ដូច​ការអះអាង​ទេ តែ​សាលាខេត្ត​ថា ឃើញ​មាន​តែ​សម្ភារៈ​ប្រើប្រាស់​មួយចំនួន​ដូចជា កៅអី តុ​ដាក់​ថូ​ផ្កា ម៉ាស៊ីនត្រជាក់ ទ្វា បង្អួច និង​ឧករណ៍ប្រើប្រាស់​មួយចំនួ​ន​ទៀត​។​

​សាលាខេត្ត​រតនគីរី បាន​ព្យាយាម​ពន្យល់ថា សំណង់​អគារ​ដែល​សង់​នោះ ធ្វើ​ដោយ​ក្រុមហ៊ុន​ថៃ សម្រាប់​ទទួល​កូន​ស្តេច​ថៃ បាន​សម្រួល​ព្រះកាយ បណ្តោះអាសន្ន ក្រោយ​ពី​សោយ​ព្រះ​ក្រយ៉ា​រួច តែ​ក្រោយមក​សាលាខេត្ត​ថា ពេល​ព្រះអង្គម្ចាស់ក្សត្រីយ៍យាង​ត្រឡប់​ទៅ​ប្រទេស​ថៃ​វិញ ក្សត្រ​អង្គ​នោះ បានប្រគល់​សំណង់​នោះ ឲ្យ​សហគមន៍​រមនីយដ្ឋាន​បឹង​យក្ស​ឡោម​ចាត់ចែង និង​ប្រើប្រាស់​តាម​តម្រូវការ​។​

​មន្ត្រី​សម្រប​សម្រួល​សមាគម​អាដហុក ប្រចាំ​ខេត្ត​រតនគិរី លោក ឆាយ ធី ដែលថា បាន​ចុះ​តាមដាន​ករណីនេះ អះអាងថា សហគមន៍​រមនីយដ្ឋាន​បឹង​យក្ស​ឡោម ពិត​ជា​យក​បង្គន់​របស់​កូន​ស្តេច​ថៃ​នោះ ធ្វើជា​ការិយាល័យ​សម្រាប់​ធ្វើការ​មែន តែ​ក្រោយមក​បង្គន់​នោះ ត្រូវបាន​គេ​រើចេញ និង​បិទ​ការ៉ូ​វិញ។​

​បើតាម លោក ឆាយ ធី អ្វី​ដែល​លោក​ដឹង គឺ​តាម​ការអះអាងពី​ប្រធាន​សហគមន៍ រមនីយដ្ឋាន​បឹង​យក្ស​ឡោម គឺ​លោក វេន ចឹក។​

​គួរបញ្ជាក់​ថា ព្រះអង្គម្ចាស់ក្សត្រីយ៍​ថៃ មហា​ចក្រី សិរិ​ន​ថន បាន​យាង​មក​បំពេញ​ព្រះរាជទស្សនកិច្ច​នៅ​កម្ពុជា ចំនួន​៣​ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី​២២​ ​ដល់​ថ្ងៃ​ទី​២៤​កុម្ភៈ​។
​ក្នុង​ព្រះរាជដំណើរ​ទៅកាន់​ខេត្ត​រតនគិរី នៅ​ថ្ងៃ​ទី​២២ ​ខែ​កុម្ភៈ​នោះ ព្រះអង្គម្ចាស់​ក្សត្រីយ៍បាន​យាង​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​មណ្ឌល​សុខភាព ដែល​ជា​ព្រះ​រាជអំណោយរបស់​ទ្រង់​។ ក្រៅពីនោះ ព្រះអង្គ​ក៏​បាន​យាង​សោយ​ព្រះ​ក្រយ៉ា នៅ​មាត់​បឹង​យក្ស​ឡោម ដែល​ជា​រមនីយដ្ឋាន​ដ៏​ល្បីល្បាញរបស់​ខ្មែរ​នៅ​ខេត្ត​រតនគិរី​នេះ​ផង​ដែរ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ