នាយករដ្ឋមន្ត្រីបញ្ជាឲ្យមន្ត្រីក្រោមឱវាទពង្រឹងសន្តិសុខនៅតំបន់ទេសចរណ៍

លោក ហ៊ុន សែន (រូបភាពពីហ្វេសប៊ុកនាយករដ្ឋមន្ត្រី)

លោក​នាយករដ្ឋមន្ត្រីហ៊ុន សែន បាន​បញ្ជាឲ្យមន្ត្រីក្រោមឱវាទ ពង្រឹងសន្តិសុខ និងបរិស្ថាន​នៅ​តំបន់​ទេសចរណ៍ ដោយថា​ដើម្បីទាក់ទាញ​ភ្ញៀ​វ​​​មក​ទស្សនា​​ឲ្យកាន់តែច្រើន និងស្ថិតស្ថេរ​យូរអង្វែង។

ក្នុងទិវាជាតិទីក្រុងស្អាតឆ្នាំ២០១៧ ដែលធ្វើនៅព្រឹកនេះ លោក ហ៊ុន សែន បានថ្លែងថា ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍មកកម្ពុជាឲ្យបានកើនឡើងច្រើន ស្ថាប័នពាក់ព័ន្ធរបស់រដ្ឋមួយចំនួនត្រូវពង្រឹងសន្តិសុខ និងផ្តល់សេវាជូនភ្ញៀវទេសចរណ៍ឲ្យបានល្អ ដោយ​ថា​ ​កុំ​​ឲ្យ​ភ្ញៀ​វ​ទេសចរណ៍មកទស្សនាហើយ រិះគន់លើ​វិស័យនេះ​។ លោក​មានប្រសាសន៍​ថា«កុំឲ្យប្រទេសនានា ឬក៏ទេសចរណ៍​​នានាថាកុំមកទស្សនកិច្ចនៅកម្ពុជាដោយសារនៅទីនេះ សំបូរប្រើប្រាស់គ្រឿង​​ញៀន មិន​​ល្អទេ សម្រាប់ប្រទេសរបស់យើង ហើយមិនមែនជាទេសចរណ៍ផ្លូវភេទនោះទេ ដែលមុននេះគេថា ទៅកន្លែង​​នេះទៅរកស្រី ទៅកន្លែងនោះទៅលេងល្បែងមិនមែនទេសចរណ៍របៀបនោះទេ យើងត្រូវខិតខំធ្វើឲ្យទេចរណ៍របស់យើងក្លាយទៅជាផ្នែកដ៏សំខាន់មួយនៃការរុញកំណើនសេដ្ឋកិច្ចរបស់យើង​»

លើសពីនេះទៀត លោក ហ៊ុន សែន បានផ្តល់ជាអនុសាសន៍ដល់ក្រសួង​កសិកម្មនិង​ក្រសួង​ទេសចរណ៍​ត្រូវសហការគ្នា ធ្វើយ៉ាងណាឲ្យ​​មានខ្សែក្រវ៉ាត់ខៀវ និងប៉ៃតង ពោល​ត្រូវ​មាន ការដាំបន្លៃ ផ្លៃឈើ និង​ចិញ្ចឹមសត្វ​ឲ្យច្រើន សម្រាប់ជំរុញ​ផ្គត់ផ្គង់​ដល់សណ្ឋាគារ រមនីយដ្ឋាន ភ្ញៀវ​ទេសចរណ៍​ និង​ពលរដ្ឋ​នៅតំ​បន់​នោះ​។

អ្នកប្រឹក្សាឯករាជ្យ ផ្នែកអភិបាលកិច្ច លោក សួន​ ប៊ុនស័ក្តិ បង្ហាញការព្រួយបារម្ភការអនុវត្ត​ជាក់​ស្តែង​របស់​មន្ត្រីថ្នាក់ក្រោម ចំពោះវិស័យទេសចរណ៍នេះ​ ដោយលោកថា កន្លងទៅវិធានការបង្ក្រាប និងទប់ស្កាត់​បទល្មើស​ព្រៃឈើ និងដីធ្លី មិនទាន់មានប្រសិទ្ធិភាព​នៅឡើយ​។ ​លោកលើក​ឡើងថា​«បញ្ហាគឺមិនធ្វើឲ្យជាក់ស្តែងដូចជាខ្វះមធ្យោបាយជាក់ស្តែងដើម្បីអនុវត្តយន្តការក៏មិនដឹងសឹងគ្រប់វិស័យ បញ្ហាព្រៃឈើ បញ្ហាដីធ្លីក៏អញ្ចឹង បើនិយាយពីយន្តការ​​ដោះស្រាយច្រើនស្រទប់ណាស់ក៏ប៉ុន្តែបញ្ហាជាក់ស្តែងមិនត្រូវបានដោះស្រាយនៅមានច្រើនក្តីដដែលពេញស្រុកទេសបញ្ជានេះដូចគ្នាខ្ញុំសង្ឃឹមថារដ្ឋាភិបាលគាត់ចេញជាសម្តីដែលគាត់បញ្ជាជាចំណាត់ការទៅ​​ដល់ក្រសួងវិស័យធ្វើការនេះ ខ្ញុំសង្ឃឹមថានឹងផ្តល់ជាមធ្យោបាយដើម្បីអនុវត្តឲ្យចេញជារាងជាក់ស្តែង​​»

មន្ដ្រីទេសចរណ៍អះអាងថា ភ្ញៀវទេសចរណ៍ជាតិ និងអន្ដរជាតិ ចូលទៅទស្សនានៅតំបន់អង្គរ នៅ​ឆ្នាំ២០១៦ មានចំនួន ៥លាននាក់ ជាកំណើនដ៏យឺតយ៉ាវបំផុត បើធៀបទៅនឹង​តំបន់ទេស​ចរណ៍​ធំៗ​របស់ប្រទេសកម្ពុជា។

បើ​ធៀប​ទៅនឹងឆ្នាំ២០១៥ និង ឆ្នាំ២០១៦ កន្លងមក ចំនួនភ្ញៀវទេសចរណ៍ចូលទៅទស្សនាតំបន់អង្គរ មានកំណើនតែ ១ភាគរយប៉ុណ្ណោះ ខណៈដែលទីក្រុងភ្នំពេញ ទទួលបានកំណើន ១២ភាគរយ ហើយ​ក្រុងព្រះសីហនុ ទទួលបានកំណើនដល់ទៅ ១៥ភាគរយ។

ទោះជាយ៉ាងណា ភ្ញៀវ​ទេសចរ​ទាំង​ជាតិ និង​អន្តរជាតិ ដែល​បាន​ទៅ​កម្សាន្ត​ខេត្ត​ព្រះសីហនុ ធ្លាប់​អះអាង​ថា​ មាន​ចោរ​លួច ឬ​ចោរ​ឆក់​កាបូប សកម្មភាព​ចរាចរ​គ្រឿងញៀន បន​ពេស្យាចារ កើត​មាន​អនាធិបតេយ្យ​នៅ​​មូលដ្ឋាន​ខេត្ត​ទេសចរណ៍​មួយ​នេះ ប៉ុន្តែ​សមត្ថកិច្ច​ពាក់ព័ន្ធ ​ហាក់​មិន​មាន​ឆន្ទៈ​បង្ក្រាប ឬ​ទប់ស្កាត់​ឲ្យ​មាន​ប្រសិទ្ធភាព ស្របតាមគោលនយោបាយរដ្ឋាភិបាល ភូមិ ឃុំ មាន​សុវត្ថិភាពនៅឡើយ​​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ