ព្រឹទ្ធសភានឹងបើកកិច្ចប្រជុំលើច្បាប់​គណបក្សនយោបាយនៅថ្ងៃស្អែកនេះ​

ព្រឹទ្ធសភាឲ្យដឹងថានឹងបើកកិច្ចប្រជុំ ពិនិត្យ និងឲ្យយោបល់​លើសេចក្តីស្នើ​ច្បាប់ស្តីពីគណបក្សន​យោ​បាយ​នៅចុង​ខែនេះ ខណៈដែលច្បាប់នេះ​ត្រូវបានតំណាងរាស្ត្រគណបក្សកាន់អំណាច​អនុម័ត នៅក្រោមសំឡេង​រិះគន់​។

សេចក្តីប្រកាសព័ត៌មានរបស់ព្រឹទ្ធសភាចុះថ្ងៃទី២៧កុម្ភៈនេះ មានខ្លឹមសារ​ថា គណៈកម្មាធិការ​អចិន្ត្រៃយ៍​ព្រឹទ្ធ​​សភានឹង​បើក​កិច្ច​ប្រជុំវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៣ នៅ​​ថ្ងៃ ទី២៨កុម្ភៈ ឆ្នាំ២០១៧ វេលា​ម៉ោង​៨​ព្រឹក​ ដើម្បីពិនិត្យ និងឲ្យយោបល់​លើសេចក្តីស្នើច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពី គណ​បក្ស ​នយោ​បាយ​​។

ការ​​អនុម័ត​ច្បាប់​ស្តីពី​​បក្ស​នយោបាយ​ដ៏​ចម្រូង​ចម្រាសនេះ​ បាន​ធ្វើ​ឲ្យ​មតិ​ជាតិ​និង​អន្តរជាតិមួយ​ចំនួន​យល់​ថា កម្ពុជា​កំពុង​ដើរ​ខុសពី​គន្លង​ប្រជា​ធិបតេយ្យ ហើយ​បក្សប្រជាជនកម្ពុជា​​កំពុង​​តែ​ត្រៀម​ដឹក​នាំ​ប្រទេស​តែ​ម្នាក់​ឯង​នាថ្ងៃ​អនាគត។

កាលពីថ្ងៃទី១១ កុម្ភៈ មេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី ក៏បាន​ប្រកាស​លាលែង​ពី​តំណែង​ជា​ប្រធាន​គណបក្ស​សង្រ្គោះជាតិ តែ​ជាង១០​ថ្ងៃ ​ក្រោយ​ពី​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ជំរុញ​ទៅ​រដ្ឋ​សភាឲ្យ​កែ​ប្រែ​មាត្រា​មួយ​ចំនួន​នៃច្បាប់ស្តីពី​គណ​បក្សនយោបាយ​។

បន្ទាប់មកទៀត​ សមាជិកបក្សប្រឆាំង លោក មាជ សុវណ្ណារ៉ា និងលោក អ៊ុំ សំអាន ដែលកំពុងជាប់ឃុំ បានធ្វើលិខិតជូនដំណឹងផ្សេងគ្នា ដែលមានផ្តិតស្នាមម្រាម សុំលាលែង ចេញពីសមា​ជិកគណៈ​កម្មា​ធិកា​រ​នាយកគណបក្សសង្គ្រោះជាតិ ដោយលើកមូលហេតុផ្ទាល់ខ្លួនដូចគ្នា។ ចំណែកឯលោក ហុង សុខហួរ បានលាលែងចេញពីតំណែងជាអគ្គលេខាធិការនិងសមាជិកគណៈកម្មាធិការនាយកគណបក្ស សម រង្ស៊ី ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ