លោក ហ៊ុន ម៉ាណែត សម្រេច​មិន​ចូលរួមពិធីចូលឆ្នាំខ្មែរនៅទីក្រុងឡុងប៊ិច ដើម្បីបញ្ចៀសការធ្វើបាតុកម្ម​ប្រឆាំងរូបលោក​

កូនប្រុសច្បងរបស់នាយករដ្ឋមន្រ្តី គឺលោក ហ៊ុន ម៉ាណែត កាលពីកន្លងទៅ(រូបថតពីហ្វេសប៊ុក​របស់​លោក​)

កូនប្រុស​ច្បង​របស់​នាយករដ្ឋមន្រ្តី គឺ​លោក ហ៊ុន ម៉ាណែត បានសម្រេច​ថា​លោក​​នឹងមិនចូលរួមការដង្ហែក្បួនវប្បធម៌​ចូលឆ្នាំខ្មែរនៅទីក្រុងឡុងប៊ិច ក្រោយពី​ប្រជា​ពលរដ្ឋខ្មែរ​អាមេរិកកាំងមួយ​ចំនួន​បានប្រកាស​ថា​នឹង​ធ្វើ​បាតុ​កម្ម​​ប្រឆាំ​ងរូបលោក។​​

លោក​ ហ៊ុន ម៉ាណែត ជាប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនក្រៅប្រទេសនិងជាមេបញ្ជាការរងកងទ័ពជើង​គោក ត្រូវបាន​អញ្ជើញដោយ​គណៈកម្មាធិការ​បុរីកម្ពុជាទៅសហរដ្ឋ​អាមេរិក ដើម្បីចូលរួមពិធីក្បួនដង្ហែបុណ្យចូលឆ្នាំប្រពៃណីខ្មែរ នៅទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វញ៉ា ដែលគ្រោងធ្វើឡើងនៅថ្ងៃទី១០ ខែមេសាខាងមុខនេះ។​

លោក ហ៊ុន ម៉ាណែត បានសរសេរនៅលើហ្វេសប៊ុក​របស់​លោក​នៅព្រឹកថ្ងៃ​អាទិត្យនេះ​ថាពីដើមឡើយ លោក​បាន​យល់ព្រម​តាមការអញ្ជើញ​ ដោយ​លោកថា​ដើម្បី​លើកស្ទួយវប្បធម៌និងកិត្តយសជាតិកម្ពុជា​។ លោក​​មានប្រសាន៍ថា៖ “ខ្ញុំសម្រេចចិត្តទទួលយល់ព្រមចូលរួមក្នុងពិធីនេះតាមការអញ្ជើញរបស់គណៈកម្មាធិការបុរីកម្ពុជា គឺដើម្បីបង្ហាញការគាំទ្រយ៉ាងពេញទំហឹងរបស់ខ្ញុំចំពោះគោលគំនិតដ៏​ល្អរបស់គណៈកម្មាធិការ ដែលចង់ឃើញខ្មែររួបរួមគ្នា ដោយមិនប្រកាន់ទីកន្លែងរស់នៅ(នៅអាមេរិក នៅស្រុកខ្មែរឬនៅប្រទេសណាទេ) និន្នាការនយោបាយ សាសនា ដើម្បីលើកស្ទួយកិត្តិយសជាតិខ្មែរនៅលើឆាកអន្តរជាតិក្នុងឱកាសដ៏​ពិសេស​នេះ”

លោក ហ៊ុន ម៉ាណែត ​បន្ត​ថាដោយ​សារ​​មានការរៀបចំនិងបំផុសប្រឆាំងការចូលរួមនេះ លោក​សម្រេចឡើងវិញ​ថា​​មិន​ចូល​រួម​តាមការអញ្ជើញនេះ។ លោក​បញ្ជាក់ថា៖ “វាមិនមែនជាពេលវេលាសម្រាប់បង្ហាញសាច់ដុំដាក់គ្នារវាងអ្នកគាំទ្រនិងអ្នកមិនគាំទ្រទេ ដែលនេះបង្ហាញពីការបែកបាក់រវាងខ្មែរនិងខ្មែរ នាំឲ្យ​ជាតិសាសន៍យើងអាប់អោន។ ក្នុងស្មារតីជាកូនខ្មែរមួយរូប ខ្ញុំមិនចង់ឃើញនូវភាពល្អក់កករនិងការបែកបាក់រវាងខ្មែរនិងខ្មែរ ជាពិសេសដើម្បីបញ្ចៀសអំពើហិង្សាដែលអាចកើតមានឡើងរវាងអ្នកគាំទ្រនិងអ្នកមិនគាំទ្រក្នុងពេលព្យុហយាត្រា ដែលនាំឲ្យ​ខាតប្រយោជន៍ជាតិសាសន៍យើងទាំងមូល ខ្ញុំនិងក្រុមការងារបានសម្រេចចិត្តមិនចូលរួមក្នុងពិធីព្យុហយាត្រានោះទេ”

ទោះជា​យ៉ាងណា លោក ហ៊ុន ម៉ាណែត នឹង​រួមកម្មវិធីដែលរៀបចំដោយ​ពលរដ្ឋខ្មែរអាមេរិកកាំងនៅរដ្ឋផ្សេងៗ។

កន្លងទៅ ​លោក ហ៊ុន ម៉ាណែត​ ធ្លាប់បានលើកឡើង​ថា​ការចូលរួមចូលឆ្នាំខ្មែរនៅអាមេរិក​​មិន​មែន​ជា​រឿង​នយោបាយនោះទេ។ ចំណែក​អង្គការ​សម្ព័ន្ធ​មិត្ត​ខ្មែរ​អាមេរិកកាំងធ្លាប់បានចេញសេចក្តីថ្លែងការណ៍មួយ ដោយ​​លើក​ឡើង​ថា​​​ភាពចម្រូងចម្រាសដែលកំពុងតែកើតមានទ្បើងនេះ គឺមិនមែនជារឿងនយោបាយនោះទេ ប៉ុន្តែជា”រឿងភាពថ្លៃថ្នូរជាមនុស្សនិងសេចក្តីគោរពចំពោះអ្នកដែលត្រូវបានបង្ខំឲ្យក្លាយជាជនរងគ្រោះដោយសាររបបឃោរឃៅនេះ”។ អង្គការ​បាន​បញ្ជាក់ថា៖ “សារដែលបងប្អូនយើងបានផ្ញើនោះគឺច្បាស់ណាស់ថាពលរដ្ឋខ្មែរ-អាមេរិកាំងនឹងមិនស្វាគមន៍​ហើយទទួលយកកូនប្រុសនៃជនផ្តាច់ការដែលជាអ្នកគាំទ្រនូវគោលនយោ​បាយគាប​សង្កត់របស់ឪពុកគាត់នោះបានទ្បើយ”៕

កែតម្រូវ៖ លោក ហ៊ុន ម៉ាណែត គ្រាន់តែ​មិនចូលរួមការដង្ហែក្បួនវប្បធម៌ចូលឆ្នាំខ្មែរ​នៅទីក្រុងឡុងប៊ិច តែ​លោក​នឹង​ចូលរួមកម្មវិធីចូលឆ្នាំ​នៅរដ្ឋផ្សេងៗនៅអាមេរិក ដែលលោកត្រូវបានអញ្ជើញឲ្យចូលរួម។ 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ