កូរ៉េខាងជើង​គំរាម​ជា​ថ្មី​ប្រើ​អាវុធ​នុយក្លេអ៊ែ​បាញ់​កំទេច​អាមេរិក​

មេដឹកនាំកូរ៉េខាងជើងលោកគីម ជុងអ៊ុន(រូបថតពីសារព័ត៌មាន Channel News Asia)

​កូរ៉េ​ខាងជើង​បាន​ផ្សព្វផ្សាយ​ខ្សែ​វី​ឌី​អូ​មួយ រយៈពេល​៤​នាទី​១១​វិនាទី មានឈ្មោះ​ថា ជោគវាសនា​ចុងក្រោយ ដែល​ខ្សែ​វី​ឌី​អូ​នេះ ពិពណ៌នា​ពី​យុទ្ធនាការ​នៃ​ការធ្វើ​សង្គ្រាមកាលពីអតីតកាល និង ផែនការ​បាញ់​អាវុធនុ​ក្លេ​អ៊ែ​កំទេច​សហរដ្ឋអាមេរិ​ក​។​

​ក្នុង​ខ្សែ​វី​ឌី​អូ​នោះ បាន​បង្ហាញ​ពី​ទិដ្ឋភាព​នៃ​ការធ្វើ​សង្គ្រាម​តាំងពី​ឆ្នាំ​១៩៥០​មក ហើយកងទ័ព​អាមេរិក​ទទួលរង​ការខូចខាត និង បរាជ័យ​ជា​បន្តបន្ទាប់​។ ក្នុង​ខ្សែ​វី​ឌី​អូ ក៏​បាន​បង្ហាញ រូបភាព​អាវុធ​នុយក្លេអ៊ែ​បាញ់​ចេញពី​នាវា​មុជទឹក ហើយ​ហោះ​ទៅលើ​កប់​ពពក រួច​មក​ធ្លាក់ចុះវិញ​ត្រូវ​ចំ​រដ្ឋ​សភា​អាមេរិក ក្រោយមក​មាន​គ្រាប់​មី​ស៊ី​ល​មួយ​ហោះ​ទៅបុក កំទេច​រូបសំណាករបស់​លោក​ប្រធានាធិបតី Lincoln​។ ទិដ្ឋភាព​ផ្សេង​ទៀត​ក្នុង​វី​ឌី​អូ​នេះ គឺ​បង្ហាញ​អណ្តាតភ្លើង ឆេះ​ឡើង បាក់​អគារ ឆេះ និង ដួលរលំ​ទង់ជាតិ​អាមេរិក​។​

​វី​ឌី​អូ​ដែល​មាន​បញ្ចូល​ភ្លេង និង សំឡេង​គ្រាប់​ផ្ទុះ​នេះ គេ​បាន​បង្ហោះ​នៅ​ក្នុង​ទំព័រ YouTube របស់​កូរ៉េ​ខាងជើង​ឈ្មោះ of D.P.R.K. Today​។​

​នៅក្នុង​ខ្សែ​វី​ឌី​អូ​នេះ ព្រមាន​ថា ប្រសិនជាចក្រពត្តិនិយម​អាមេរិក​ហ៊ាន​តែ​រករឿង​បន្តិច យើងនឹង​មិន​មានការស្ទាក់ស្ទើរ​ទេ ក្នុង​ការបាញ់​កំទេចដោយ​អាវុធ​នុយក្លេអ៊ែ​។ ពេលនោះ​សហរដ្ឋអាមេរិក​ ត្រូវ​សួរ​ខ្លួនឯង​ទៅ​ថា តើ​នៅមាន​សញ្ញាតិ​ដែល​គេ ហៅ​សហរដ្ឋ​អាមេរិក​នៅ​លើ​ផែនដី​ទៀត ឬ អត់​?

​ខ្សែ​វី​ឌី​អូរ​បស់​កូរ៉េខាងជើង​នេះ ផ្សព្វផ្សាយ​ឡើង​បន្ទាប់ពី​មាន​ភាព​តានតឹង​ខ្លាំង ក្រោយពេល​ដែល​ទីក្រុង​ព្យុង​យ៉ាង​បាន​បាញ់​សាកល្បង​អាវុធ​នុយក្លេអ៊ែ និង មី​ស៊ី​ល​កម្រិត​វែងនៅ​ដើមឆ្នាំ​នេះ ហើយ​ត្រូវ​សហរដ្ឋអាមេរិក និង អង្គការសហប្រជាជាតិ​បានសម្រេច ដាក់ទណ្ឌកម្ម​បន្ថែម​លើ​ប្រទេស​នេះ​។ ចំណុច​មួយ​ខ្សែ​វី​ឌី​អូ​នេះ ក៏​ជា​ការបង្ហាញ​ពី​ការប្រឆាំង​ទៅ​សមយុទ្ធ​យោធា​រវាង​កូរ៉េខាងត្បូង និង សហរដ្ឋអាមេរិក​ដែរ​។​

​ទោះយ៉ាងណា មិនមែន​ជា​លើក​ទី​១​ទេ ដែល​កូរ៉េខាងជើង បាន​ព្រមាន​ធ្វើសង្គ្រាម កំទេច​សហរដ្ឋអាមេរិក និង កូរ៉េ​ខាងត្បូង​នោះ​។ កាលពី​ឆ្នាំ​២០១៣ កូរ៉េខាងជើង ក៏បានផ្សព្វផ្សាយ​ខ្សែ​វី​ឌី​អូ​ប្រហាក់​ហែល​គ្នា​នេះដែរ ដែល​បង្ហាញ​ពី​ទិដ្ឋភាព​នៃ​មី​ស៊ី​ល​របស់ខ្លួនបាញ់កំទេច​សេត​វិមាន​អាមេរិក​៕

https://www.youtube.com/watch?v=DbOYRLlhIP4

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ