នាយក​រដ្ឋមន្ត្រីព្រមាន​ដក​តំណែង​ប្រធាន​គុកព្រៃ​ស ករណីមន្ត្រីអតីត​បក្សប្រឆាំង​​ប្រើ​ទូរស័ព្ទ​បាន

រូបភាពពីហ្វេសប៊ុកលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន

លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន បាន​​ព្រមាន​ដក​តំណែង​​ប្រធាន​គុកព្រៃ​ស ដោយ​ថា ​បាន​អនុញ្ញាត​ឲ្យ​មន្ត្រី​អតី​ត​បក្សប្រឆាំង​កំពុង​ជាប់​ឃុំ លោក មាជ សុវណ្ណារ៉ា អាច​ប្រើ​ទូ​រសព័្ទ​បាននៅក្នុង​ពន្ធ​នាគារទាក់​ទង​ទៅខាង​ក្រៅ​។

ប្រតិកម្ម​ធ្ងន់ៗ​របស់​លោក​ហ៊ុន សែន នៅព្រឹក​នេះ​បាន​លើក​​ឡើងក្នុង​ពេលដែល​លោក​អញ្ជើញ​ចូល​រួម​ចែក​សញ្ញាបត្រ​ដល់​និសិ្សត​សកល​​វិទ្យា​ល័យ​​មួយនៅរាជ​ធានី​ភ្នំពេញ​ ដោយ​បាន​បញ្ជា​ទៅកាន់​ក្រសួង​មហា​ផ្ទៃឲ្យ​ពិនិត្យ​ឡើង​វិញ​ជុំ​វិញ​ករណី​លោក ​មាជ សុវណ្ណារ៉ា អា​ចប្រើ​ទូរស័ព្ទ​បាន និង​ព្រមានដក​តំណែង​ប្រធាន​ពន្ធ​នាគារ​រហូត​​មេនគរបាល​ជាតិ​ផង​ដែរ បើ​មាន​ករណី​នេះ​កើត​ឡើង​ទៀត​​។

លោក ហ៊ុន សែន ​ថ្លែង​ថា៖ «ទៅដកពីអាមាជសុវណ្ណារ៉ា ដកពីអាហ្នឹងឲ្យបាន! បញ្ជា​ភ្លាមកុំភាន់ច្រឡំឲ្យសោះណា! ហើយអាមាជ សុណ្ណារ៉ាប្រហែលកំពុងស្តាប់អាហ្នឹងណា ព្រោះវាដោនឡូតចូលអាក្នុង​​ហ្នឹង​​មានអ៊ិនធឹណែត​​ទៀត! ប្រាប់លោកឯងទៅ ជាប់អត់ថ្ងៃចេញទេ! ​អញប្រាប់ឲ្យហើយ! ព្រោះមេលោកឯងព្រហើន។ [] មើល បានបញ្ជាហើយនៅ? បញ្ជាហើយ។ មើលអាមេគុកហ្នឹង បើគ្រប់គ្រងមិនបាន ដូរអាមេគុកហ្នឹងចោលទៅ។ មិចបានជាបណ្តោយឲ្យអាមាជ សុវណ្ណារ៉ានិយាយទាក់ទងទូរស័ព្ទរាល់ថ្ងៃ! ឥឡូវឲ្យតែហ៊ាននិយាយទៀត អញដកមេប៉ូលិស ដកទាំអស់ហ្នឹង»

អ្នក​នាំពាក្យ​អគ្គ​នាយក​ដ្ឋាន​ពន្ធនាគារ លោក នុត សវនា បានប្រាប់​វី​អូ​ឌី​ថា អគ្គនាយក​ដ្ឋាន​នឹង​បញ្ជូន​មន្ត្រីចុះ​ទៅពិនិត្យនាពេល​ឆាប់​ៗខាង​មុខ បន្ទាប់​ពី​រៀប​ចំ​ឯក​សារ​រួច។ លោក​បន្ថែម​ថា​ ប្រសិន​ជា​រក​ឃើញថា​ មាន​មន្ត្រី​ពន្ធនាគារ​ដែល​អនុញ្ញាត្តិ​ឲ្យ​លោក ​មាជ សុវណ្ណារ៉ា អាច​ប្រើ​ទូរស័ព្ទ​បាន​នោះ ​លោក​ថា មន្ត្រីនោះ​​អាច​នឹងប្រឈម​ទោស​ព្រហ្ម​ទណ្ឌផង​ដែរ។​

លោកថា៖ «មិនមែនតែនៅស្រុកខ្មែរយើមួយទេ រឿងហ្នឹង គឺនៅគ្រប់ប្រទេស។ នៅអាមេរិក អូស្ត្រាលីហ្នឹង ក៏មានករណីហ្នឹងដែរ! ហើយមូលហេតុសំខាន់ដែលជនជាប់ឃុំគាត់មានវត្ថុហាមឃាត់ជាប់ខ្លួនបានហ្នឹង ដោយសារទីមួយកត្តាភាពស្មោះត្រង់របស់មន្ត្រី បើមន្ត្រីយើងគាត់ខ្វះភាពស្មោះត្រង់ គាត់លួចយករបស់អស់ហ្នឹងមកឲ្យ ក៏ជាកត្តាមួយដែលពិបាកហ្នឹងហាមឃាត់ដែរ»

លោក មាជ សុវណ្ណរ៉ា ត្រូវ​បាន​សាលាដំបូងរាជធានីភ្នំពេញ សម្រេច​កាត់ទោស​ដាក់ពន្ធ​នា​គារ​​រយៈពេល ២០ឆ្នាំ កាលពីខែកក្កដា ឆ្នាំ២០១៥ ពីបទដឹកនាំកុបកម្ម និងចូលរួមចលនាកុបកម្ម បន្ទាប់ពីការ​តវ៉ា​ឲ្យ​បើកទីលាន​ប្រជា​ធិបតេយ្យ​កាល​ពីថ្ងៃ​ទី​១​៥ ខែកក្កដា ឆ្នាំ​២០១៤​ ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ