បទយកការណ៍៖ មនុស្សចាស់កាន់​តែ​ច្រើន​ហាត់ប្រាណដើម្បី​សុខភាព​រឹងមាំ ខណៈបារម្ភពីបន្លែគីមី

ចំណីអាហារឥឡូវ ញុំទៅ វាសុទ្ធតែជាតិគីមី ដល់យើងហាត់ប្រាណទៅ វាចេញជាតិពុលជាតិអីទៅ វាស្រួលខ្លួន វាកាត់បន្ថ​យឲ្យសុខភាពយើងវាល្អឡើង​ ប្រសើរជាមុន មិនបានទាំងអស់ក៏បានពាក់កណ្ដាលអីដែរ សុខភាពវាស្រួល

អ្នកស្រី ហ្គេច លីម អាយុ ៥១ឆ្នាំ

កំពុងដើរហាត់ប្រាណក្បែរស្ពានស្ទឹងមានជ័យនៅម៉ោងប្រមាណ ៥ល្ងាច អ្នកស្រី ហ្គេច លីម អាយុ ៥១ឆ្នាំ រៀបរាប់ថា អ្នកស្រី និង​ស្ត្រី​​វ័យ​ស្របាល​គាត់​ជាច្រើន​ទៀត បាន​​ចំណាយ​ពេល​ហាត់ប្រាណជារៀងរាល់ថ្ងៃ នៅវេលាស្មើនេះ ជាមួយ​នឹង​ការ​យល់​ឃើញ​ថា ការ​ហាត់​ប្រាណ​ជួយ​ឲ្យ​សុខភាព​គាត់​រឹង​មាំ និង​ចៀស​ផុត​ពី​ជំងឺ​ដង្កាត់​ផ្សេងៗ។

ស្រ្តីរូបនេះនិយាយថា ​ កាលដែលគាត់មិនទាន់ហាត់ប្រាណ ពេលក្រោកពីគេងម្ដងៗ រាងកាយគាត់ស្ពឹកស្រពន់ ឈឺដៃជើង ហើយឧស្សាហ៍ឈឺ ប៉ុន្តែ ក្រោយពីគាត់បានហាត់ប្រាណជាប់លាប់ គឺលែងឈឺដូចពីមុនទៀតហើយ និងថា កត្កាទាំងអស់នេះ ជំរុញឲ្យគាត់ហាត់ប្រាណរហូលមកទល់ពេលនេះ។

អ្នកស្រីសម្ដែងក្ដីបារម្ភទៀតថា មនុស្សសម័យឥឡូវ រស់មិនដល់អាយុ ៦០ផង ក៏ស្លាប់ទៅហើយ គឺខុសគ្នាពីមនុស្សសម័យមុន ដែលអាចរស់បានដល់អាយុចន្លោះពី៧០ ទៅ ៨០ឆ្នាំឯណោះ។

យើងហាត់ប្រាណទៅវាចេញជាតិពុលជាតិអីទៅវាស្រួលខ្លួន វាកាត់បន្ថ​យឲ្យសុខភាពយើងវាល្អឡើង ប្រសើរជាមុន មិនបានទាំងអស់ ក៏បានពាក់កណ្ដាលអីដែរ សុខភាពវាស្រួល។ ឲ្យអាយុយើងវាវែងជាមុន​ ហើយអត់ហាត់ទៅវាចេះតែឈឺ ដូចថា វាឈឺច្រើន ឈឺច្រើនអញ្ចឹងអាយុយើងមិនបានវែងទេ ដល់យើងហាត់ប្រាណទៅវាអត់ឈឺអាយុយើងវែង

អ្នកស្រី ហ្គេច លីម អាយុ ៥១ឆ្នាំ

កំពុងហាត់ប្រាណជាមួយមិត្តភក្ដិ​វ័យស្របាលគ្នា ២នាក់ទៀត នៅម្ដុំមាត់ទន្លេជិតវត្តឧណ្ណាឡោមនៅម៉ោងប្រមាណ ៥ល្ងាច កញ្ញា រិទ្ធិ ថាវរី អាយុ ២៨ឆ្នាំ រៀបរាប់ថា​​ មូលហេតុដែលគាត់ហាត់ប្រាណ គឺដើម្បីកុំឲ្យឡើងជាតិអាស៊ីត រាងកាយមាំមួន ស្វាហាប់ និងបញ្ចេញជាតិពុលនៅក្នុងខ្លួន ខណៈកញ្ញានិយាយថា ចំណីអាហារបច្ចុប្បន្នសំបូរទៅដោយជាតិគីមីច្រើន នាំឲ្យកើតជំងឺទឹកនោមផ្អែម ជំងឺបេះដូង សរសៃឈាមខ្ពស់បំផុត និងឡើងជាតិអាស៊ីតជាដើម។

ដើរបណ្ដើររៀបរាប់បណ្ដើរ ​នារីសម្បុរស្រអែមរូបនេះរៀបរាប់បន្ដថា មនុស្សបច្ចុប្បន្ន អាយុមិនសូវវែងនោះទេ ពោលគឺវ័យត្រឹមតែ៦០ទៅ៦៥ឆ្នាំ ក៏ស្លាប់ហើយ ដោយកញ្ញាបន្ទោសទៅលើរដ្ឋាភិបាល ដែលមិនបានជួយទប់ស្កាត់ការនាំចូលបន្លែគីមីយ៉ាងគំហុក។​ ជាពិសេសបន្លែ ត្រី សាច់ និងផ្លែឈើ ដែលនាំចូលមកពីប្រទេសវៀតណាម។

ខ្ញុំគិតថាបើសិនជាយើងមានសុខភាពល្អអាយុយើងក៏តាមហ្នឹង ខ្ញុំគិតថាបើស្រុកគេវិញអាយុច្រើនជាង ដូចជនជាតិអីអាយុវ៨០ ទៅ ៩០ គេនៅដើរឡើង នៅតាមហាង ផឹកបៀសប្បាយ ហើយបើវិញនៅឈឺដេកនៅនឹងកន្ទេល ហើយទៅគាត់មានសុខភាពមិនសូវមាំមួន។ ព្រួយបារម្ភតើ សូម្បីទៅផ្សារទិញម្ហូបក៏រាងភ័យដែរ ដូចថ្ងៃមុនទិញចំអញ្ចឹងៗវិញអត់ចង់ហូបទេ។ចង់ឲ្យរដ្ឋាភិបាលគិតគួរដល់ប្រជាជនឲ្យគាត់នឹងជួយពិនិត្យអ្នកដែលយកម្ហូបអាហារចូលក្នុងប្រទេសយើងហ្នឹងឲ្យគាត់ ពិនិត្យឲ្យច្បាស់លាស់ បើអាចធ្វើបានទប់ស្កាត់ពីខាងក្រៅវិញ

កញ្ញា រិទ្ធិ ថាវរី អាយុ ២៨ឆ្នាំ

ស្រ្ដីម្នាក់ទៀត ដែលកំពុងដើរជជែកគ្នាលេងជាមួយមិត្តភក្ដិ ​អ្នកស្រី ចាន់ ធឿន អាយុ ៥០​ឆ្នាំ និយាយថា  ការហាត់ប្រាណ បានជួយឲ្យគាត់លែងឈឺសរសៃ​សន្លាក់ដៃជើង មិនស្ពឹកស្រពន់រាង្គកាយ និងសម្រាន្ដបានលក់ស្រួលជាងមុន។​ អ្នកស្រីក៏សង្ឃឹមផងដែរថា ការហាត់​ប្រាណ អាចជួយឲ្យគាត់អាយុវែង។

មិនខុសពីអ្នកមុនៗទេ ស្ដ្រីរូបនេះ ក៏បារម្ភពីការនាំចូលបន្លែគីមី និងជំងឺកាចសាហាវផ្សេងៗថា អាចមនុស្សកាន់តែអាយុខ្លី។

ចាស់ពីដើមគាត់មិនដែលហូបជាតិគីមីណា គាត់ដាំខ្លួនតែរបស់គាត់ តាំងពីក្មេងនិងឲ្យចំតាំងក្មេងចេះញុំអីគឺដឹង តែមាន ហើយ ហើយក្មេងសម័តឥឡូវ អាយុ ៣០ ទៅ៤០ មិនទាន់ទេ​ឈឺនេះ ឈឺនោះ ខ្លះមានមេរោគពេញ ខ្លួនអស់ហើយ បានអីអាយុវែង ដូចចាស់ពីមុន

អ្នកស្រី ចាន់ ធឿន អាយុ ៥០​ឆ្នាំ

របាយការណ៍នាយកដ្ឋានសុខភាពមនុស្សចាស់ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បង្ហាញថា មនុស្សវ័យ​ចំណាស់ អាយុចាប់ពី ៦០ឆ្នាំឡើង​ ក្នុងឆ្នាំ២០១៣ មានប្រមាណ ៨ភាគរយ ឬ​ស្មើនឹង ១លាន ២​សែននាក់ នៃប្រ​ជាជ​ន​ស​រុប ១៥​លាននាក់។ រដ្ឋាភិបាលបានព្យាករថា នៅឆ្នាំ២០៣០ តួរលេខមនុស្សចាស់នឹងកើនដល់ ២លាននាក់ ស្មើនឹង ១១ភាគរយ ​នៃ​ប្រជា​​ជ​ន​​សរុប​ប្រមាណ ១៨លាននាក់។

ប៉ុន្ដែ បើតាមរបាយការណ៍អង្គការសុខភាពពិភពលោកនៅឆ្នាំ២០១៥ បុរស​ជន​ជាតិ​កម្ពុជា​មានអាយុសង្ឃឹម​រស់​ជាមធ្យម ៦៧ឆ្នាំ ចំណែក​ ស្ដ្រីវិញ​អាចរស់បានដល់អាយុ ៧១ឆ្នាំ។ ​

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឲ្យដឹង​កាល​ពី​ថ្ងៃ​ទី​២៧ ខែ​កញ្ញា​ថា កម្ពុជាបាន​ចំណាយថវិកាជាង ២០០លានដុល្លារអាមេរិកសម្រាប់នាំ​ចូល​បន្លែពីបរទេស ដើម្បីយកមកផ្គត់ផ្គង់តម្រូវការក្នុងស្រុក ដោយ​ភាគ​ច្រើន​នាំ​ចូល​ពី​ប្រទេស​វៀតណាម។​

ពាក់ព័ន្ធនឹងបន្លែនេះដែរ កាលពីខែតុលា ឆ្នាំ២០១៧​ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្ដីបន្ទោសទៅលើ​ពលរដ្ឋ ចំពោះ​ការប្រើប្រាស់បន្លែ​មានសារធាតុគីមី ប៉ុន្តែលោក​ប្រាប់​ទៅ​ពលរដ្ឋ​ កុំ​ឲ្យ​បន្ទោស​លើ​រដ្ឋាភិបាល​ចំពោះ​ការ​នាំ​ចូល​បន្លែ​ផ្ទុក​ទៅ​ដោយ​សារធាតុ​គីមី។

អង្គការ​សុខភាព​ពិភព​លោក (WHO) បាន​លើក​ឡើង​នៅ​ក្នុង​របាយការណ៍​សុវត្ថិភាព​ចំណី​អាហារ​ថា ចំណី​អាហារ​ផ្ទុក​ទៅ​ដោយ​សារធារ​ពុល​ប្រកប​ដោយ​គ្រោះ​ថ្នាក់ ដូច​ជា​មេរោគ បាក់តេរី បារ៉ាស៊ីត ឬ​សារធាតុ​​គីមី បង្ក​នូវ​ជំងឺ​ជាង ២០០​ប្រភេទ រាប់​ចាប់​តាំង​ពី​រាគ​រូស​រហូត​ដល់​ជំងឺ​មហារីក។

របាយការណ៍​អង្គការ​សុខភាព​ពិភ​លោក​កាល​ពី​ឆ្នាំ​២០១៥ បាន​ឲ្យ​ដឹង​ថា ប្រជាជន​ប្រហែល ៦០០​លាន​នាក់ ឬ​ម្នាក់​ក្នុង​ចំណោម ១០​នាក់ នៅ​លើ​ពិភព​លោក បាន​ធ្លាក់​ខ្លួន​ឈឺ បន្ទាប់​ពី​បរិភោគ​ចំណី​អាហារ​​ផ្ទុក​ដោយ​សារធាតុ​ពុល។

វេជ្ជបណ្ឌិតឯកទេសជំងឺទូទៅ នៅរាជធានីភ្នំពេញ លោក  ឌុង ចាន់ឌី មានប្រសាសន៍ថា ការហាត់ប្រាណរាល់ថ្ងៃនេះ ផ្ដល់អត្ថប្រយោជន៍ជាច្រើនសម្រាប់សុខភាព ជាពិសេសជួយកាត់បន្ថយការឈឺសន្លាក ជំងឺបេះដូង លើសឈាម ទឹកនោមផ្អែម និងការឡើងជាតិអាស៊ីត។ លោកបន្តថា  ការកើតជំងឺទាំងអស់នេះ ដោយសារ ពលរដ្ឋខ្វះយល់ពីការថែទាំសុខភាព  ខណៈបច្ចុប្បន្ននេះ បន្លែ ត្រី មួយចំនួនមានផ្ទុកសារធាតុគីមី។

បន្លែ ត្រីសាច់ មួយចំនួនគាត់ប្រើសាធាតុគីមីបាញ់ ដើម្បីឲ្យមានការលូតលាស់លឿនងឲហើយសារធាតុអស់ហ្នឹង នៅពេលដែលកាត់មកលក់វាមិនទាន់អស់សារធាតុហ្នឹងយកលក់ ជ្រូកមាន់ ទា គាត់ចឹញ្ចិមមិនទាន់ជ្រាបអស់ពីសត្វអស់ផង គាត់ចាប់មកលក់។ អញ្ចឹងសារធាតុអស់ហ្នឹងហើយ វាធ្វើឲ្យជ្រូក ត្រីធំលឿនហ្នឹងវាជះឥទ្ធិពលដល់យើង វិវត្តន៍មិនល្អ អញ្ចឹងឈឺទៅថ្ងៃក្រោយ

វេជ្ជបណ្ឌិតឯកទេសជំងឺទូទៅ នៅរាជធានីភ្នំពេញ លោក ឌុង ចាន់ឌី

លោក ឌុង ចាន់ឌី  បន្តថា ចំណីអាហារដែលមានផ្ទុកសារធាតុគីមីច្រើន បានធ្វើឲ្យប្រជាពលរដ្ឋនៅប្រទេសកម្ពុជាបច្ចុប្បន្នមានអាយុកាន់តែតិចទៅៗបើប្រៀបធៀបទៅនឹងប្រទេសជឿនលឿនដូចជា ប្រទេសជប៉ុន និងប្រទេសមួយចំនួនទៀតផងដែរ ។

បើមនុស្សស្រីគឺត្រឹមអាចដល់ ៦៨ ​ដល់ ៧៥ ឆ្នាំ បើមនុស្សប្រុសអាចក្រោម ៦៨ ត្រឹម ៦៣ ដល់៧៣ ឆ្នាំអី អាយុសង្ឃឹមរស់គេ គឺគេបូកចំនួនប្រជាជនគេទាំងអស់ ហើយអាយុសង្ឃឹមរស់គេខ្ពស់ជាងយើង។ បើយើងវិញអាចត្រឹម ៥៨ ដល់ ៦៣ អីទេ អញ្ចឹងបើប្រៀបធៀបប្រទេសជិតខាងគឺយើងកម្រិតទាបជាងគេ

វេជ្ជបណ្ឌិតឯកទេសជំងឺទូទៅ នៅរាជធានីភ្នំពេញ លោក ឌុង ចាន់ឌី

លោកបន្តថា ប្រជាពលរដ្ឋនៅប្រទេសកម្ពុជាដែលយល់ដឹងពីសុខភាពមានប្រហែលជា ៤៥​ភាគរយតែប៉ុណ្ណោះ។ លោកស្នើរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធ មន្ត្រីកាំកុងត្រូល ធ្វើការពិនិត្យនិងផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋឲ្យបានយល់ដឹង  ពីការថែទាំងសុខភាព។

យោងតាមឯកសារសិក្សាលើមនុស្សវ័យចំណាស់នៅកម្ពុជានៅឆ្នាំ២០១៥ ឲ្យដឹងថា មនុស្សវ័យចំណាស់ទាំងស្ត្រី និងបុរសចាប់ពីអាយុ ៦០ឆ្នាំឡើង ទៅភាគច្រើនប្រឈមនឹងជំងឺបេះដូង និងសរសៃឈាម និងទឹកនោមផ្អែម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ