អាជ្ញាធរជាតិអប្សរាធ្វើកំណាយស្រះនៅប្រាសាទអង្គរវត្ត

(រូបភាពពី ក្រសួងវប្បធម៌) កំណាយស្រះនៅប្រាសាទអង្គរវត្ត

មន្ដ្រីអាជ្ញាធរជាតិអប្សរា ថ្លែងថា មន្ដ្រីជំនាញបុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរា បានធ្វើកំណាយស្រះ​ខាងជើង​នៃប្រាសាទអង្គរវត្ត ប៉ុន្ដែពុំទាន់ប្រមូលទិន្នន័យបានពីកំណាយនៅឡើយទេ។

ក្រុមអ្នកជំនាញឲ្យដឹងថា ពួកគាត់ បាន​ចាប់ផ្តើមកំណាយនៅស្រះខាងជើង​ប្រាសាទអង្គរវត្តចាប់​ពីថ្ងៃទី២៣ខែមេសាឆ្នាំ២០១៨នេះ ហើយថា នៅមិនទាន់ទទួលបានលទ្ធផលអ្វីនោះទេ។

លោកស្រី នេត ស៊ីមន បុគ្គលិកបច្ចេកទេស នៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យាន និងបុរាណវិទ្យាបង្ការ ដែលកំពុងធ្វើកំណាយនៅស្រះអង្គរវត្ត បានឱ្យដឹងថា ក្រុមការងារមិនទាន់បានប្រទះ​ឃើញរចនាសម្ព័ន្ធស្រះនៅឡើយ។ លោកស្រីបន្ថែមថា តាមគម្រោងក្រុមការងាររបស់លោកស្រី នឹងបើករណ្ដៅនៅស្រះខាងជើងចំនួន២ទីតាំង គឺនៅផ្នែកខាងលិច និងខាងត្បូង ដោយថា ការធ្វើកំណាយនេះ ចង់ដឹងពីការបង្គរដីនៅទីនិងចង់ដឹងពីរចនាសម្ព័ន្ធស្រះទាំងមូល វាខូចខាតអ្វីខ្លះ ដើម្បីពេលយើងជួសជុលទៅឱ្យស្របតាមទម្រង់ដើម។

ក្រុមអ្នកបច្ចេកទេសរបស់អាជ្ញាធរជាតិអប្សរា ដែលកំពុងដឹកនាំធ្វើកំណាយនៅស្រះអង្គរវត្ត មានចំនួន៤រូប ។ តាមគម្រោង ពួកគេនឹងប្រើពេលចំនួន២ខែសម្រាប់គម្រោងមួយនេះ។

យ៉ាងណា លោកស្រី នេត ស៊ីមន បញ្ជាក់ថា គម្រោងនេះអាចលើសពីរយៈពេលដែលបានកំណត់ ឬអាចរួចមុន ទៅតាមភាពជាក់ស្ដែង ដែលអ្នកស្រាវជ្រាវបានប្រទះរាល់រចនាសម្ព័ន្ធរបស់ស្រះ។

ទីតាំងកំណាយនោះ ជាស្រះដែលភ្ញៀវទេសចរតែងឈរផ្ដិតរូបរបស់ពួកគេ ទៅនឹងកំពូលប្រាង្គកណ្តាល​នៃប្រាសាទអង្គរវត្ត ដែលបានទាក់ទាញចំណាប់អារម្មណ៍ច្រើនដល់ពួកគេ។ អ្នកស្រាវជ្រាវនៅទីនោះ បានស្នើសុំដល់ភ្ញៀវទាំងអស់យោគយល់ និងយល់ពីការងារដែលពួកគេកំពុងធ្វើ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ