ប្រវត្តិមេដឹកនាំកូរ៉េទាំងពីរលោកគីម ជុងអ៊ុននិងលោក មូន ជែអ៊ីន​

ព្រឹត្តិការណ៍មេដឹកនាំកូរ៉េទាំងពីរជួបគ្នានៅថ្ងៃនេះ គឺជាព្រឹតិ្តការណ៍ប្រវត្តិសាស្ត្រដែលពិភពលោកកំពុងតែចាប់អារម្មណ៍  ដែលលទ្ធផលនៃជំនួបនេះពាក់ព័ន្ធទៅនឹងសន្តិសុខ សុវត្ថិភាពនៅក្នុងតំបន់និងពិភពលោក។​

ថ្ងៃនេះយើងស្វែងយល់ពីប្រវត្តិ របស់មេដឹកនាំទាំងពីរនេះ។​

ដំបូងចាប់ផ្តើមចេញពីមេដឹកនាំកូរ៉េខាងត្បូងគីលោក​ មូន ជែអ៊ីន។ លោក មូន ជែអ៊ីន កើតនៅសម័យសង្គ្រាមបែងចែកកូរ៉េជាពីរគឺនៅឆ្នាំ១៩៥៣នោះ។ ចំណែកឪពុកម្តាយរបស់លោក​រត់ភៀសខ្លួនចេញពីកូរ៉េខាងជើងចូលទឹកដីកូរ៉េខាងត្បូង ហើយពួកគេរស់នៅភាគខាងត្បូងនៃកោះ Geoje។​ ឪពុករបស់លោកបម្រើការងារនៅពន្ធនាគារ ចំណែកម្តាយជាអ្នកលក់ពងទានៅកំពុងផែប៊ូសាន។​

នៅឆ្នាំ១៩៧២ លោក មូន ចូលរៀនសាលាច្បាប់ ប៉ុន្តែរៀនបានតែមួយរយៈខ្លី ត្រូវបានឃាត់ខ្លួន និងឃុំឃាំងនៅពន្ធនាគារដោយសារ លោកដឹកនាំចលនាតវ៉ាប្រឆាំងរដ្ឋាភិបាលផ្តាច់ការដឹកនាំដោយលោក ប៉ាកជុង ហ៊ី ជាឪពុករបស់លោកស្រី ប៉ាក ឃឿនហេ។ ក្រោយមកលោក ត្រូវបានដោះលែងវិញហើយចូលបម្រើកងទ័ពនៅឆ្នាំ១៩៧៦ ហើយក៏ធ្លាប់បះទង្គិចជាមួយកងទ័ពកូរ៉េខាងជើងដែរ។​

លោក មូន និង មិត្តរបស់លោកបានបើកក្រុមហ៊ុនមេធាវីមួយ នៅក្នុងទីក្រុងប៊ូសាន ដែលផ្តោតសំខាន់ លើការការពារសិទ្ធិមនុស្ស។​

នៅឆ្នាំ២០០៣ មិត្តភ័ត្តិរបស់លោកគឺលោកRoh Moo-hyun  ជាប់ឆ្នោតជាប្រធានាធិបតី  ចំណែកលោក មូនក្លាយជាមន្ត្រីសំខាន់ម្នាក់ជួយការងារមិត្តភ័ក្តិ ដែលប្រឈ្មោះហៅក្រៅថា Shadow of Roh មានន័យថា ជាស្រមោលរបស់លោក Roh។​

លុះដល់ឆ្នាំ២០០៩ មិត្តរបស់លោកគឺលោក Roh Moo-hyun  បានធ្វើអត្តឃាតបន្ទាប់ពីមានការស៊ើបអង្កេតថា ជាប់ពាក់ព័ន្ធអំពើពុករលួយទឹកប្រាក់ជា៤លានដុល្លារ។​

ក្រោយពេលសភាសម្រេចដកលោកស្រី ប៉ាក ឃឿនហេ ចេញពីតំណែងដោយសារពាក់ព័ន្ធរឿងពុករលួយនិងរំលោភអំណាចរដ្ឋនោះ នៅថ្ងៃទី៩ខែឧសភា២០១៧ លោក មូន ត្រូវបានបោះឆ្នោតជ្រើសរើសជាប្រធានាធិបតី។​

ទាំងពេលឃោសនា និងក្រោយពេលជាប់ឆ្នោតលោក មូន តែងថ្លែងថា នឹងធ្វើឲ្យកូរ៉េទាំងពីរមានភាពស្និទ្ធស្នាលគ្នាឆ្ពោះទៅរកការបង្រួបបង្រួមគ្នាវិញ។​

លោក គីម ជុងអ៊ុន

លោកគីម ជុងអ៊ុន កើតនៅឆ្នាំ១៩៨៣ ហើយធ្លាប់បានទៅសិក្សានៅប្រទេសស្វីសចំនួន​២ឆ្នាំ។ លោក ចូលកាន់តំណែងកាលពីឆ្នាំ២០១១ ក្រោយពេលឪពុករបស់លោកស្លាប់។

ក្រោយពេលឡើងកាន់តំណែង លោក គីម ជុងអ៊ុនបានធ្វើសកម្មភាពបោសសម្អាតផ្ទៃក្នុងដោយសម្លាប់មន្ត្រីអស់ប្រមាណ ៣០០នាក់គិតត្រឹមឆ្នាំ២០១៧ ក្នុងនោះជាង១០០នាក់ជាមន្ត្រីមានតំណែងសំខាន់ៗ។​

លោក គីម ជុងអ៊ុនក៏បានស្លាប់ឪពុកមារបស់លោកឈ្មោះ Jang Song Thaek ដោយចោទថា ចង់ផ្តួលរំលំរដ្ឋាភិបាលរបស់លោក។​លោក Jang Song Thaek មន្ត្រីជាន់ខ្ពស់នៅកូរ៉េខាងជើងហើយមានភាពស្និទ្ធស្នាលជាមួយកូរ៉េខាងត្បូង និងចិន។​

លោក គីម ជុងអ៊ុន ជាមេដឹកនាំដែលមានលក្ខណៈឆេវ ឆាវ និងក្រអើតក្រទម ហើយតែងតែព្រមានប្រើប្រាស់អាវុធនុយក្លេអ៊ែបាញ់ប្រហាររំលាយអាមេរិក។​

ប៉ុន្តែមេដឹកនាំវ័យក្មេងឆេវឆាវរូបនេះ បានប្តូរឥរិយាបថស្លូតប៉ូតនិងវិលចូលតុចរចាវិញនៅដើមឆ្នាំ២០១៨នេះ ក្រោយពេលដែលមានការដាក់ទណ្ឌកម្មខ្លាំងពីអង្គការហសហប្រជាជាតិនិង សហរដ្ឋអាមេរិក។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ