បក្សប្រឆាំងស្នើគ.ជ.បឲ្យកម្មករឈប់យ៉ាងតិច៣ថ្ងៃសម្រាប់បោះឆ្នោត​

ទីស្នាក់ការគណបក្សសង្គ្រោះជាតិ កាលពីពេលកន្លងទៅ។

គណបក្សសង្គ្រោះជាតិ ស្នើរឱ្យគណកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ថា គ.ជ.ប ជួយអន្តរាគមន៍ដល់កម្មករ កម្មការនី និងនិយោជិតបានឈប់សំរាកយ៉ាងតិច ៣ថ្ងៃដើម្បីទៅចូលរួមបោះឆ្នោតជ្រើរើសក្រុមប្រឹក្សាឃុំសង្កាត់។

យោងតាមលិខិតរបស់គណបក្សសង្គ្រោះជាតិចុះផ្សាយកាលពីល្ងាចថ្ងៃទី ២៦ម្សិលមិញនេះបានស្នើរទៅ​គ.ជ.ប​ជួយ​អន្តរាគមន៍ទៅក្រសួងពាក់ព័ន្ធ និងក្រសួងការងារ សម្រួលថ្ងៃឈប់សំរាកយ៉ាងតិច ៣ថ្ងៃដល់កម្មករ កម្មការនី និងនិយោជិត​ដើម្បីទៅចូលរួមបោះឆ្នោតថ្ងៃទី ០៤ ខែមិថុនា ខាងមុខនេះ។

ការស្នើរសុំអន្តរាគមន៍ដូច្នេះគណបក្សសង្គ្រោះជាតិបានអះអាងថាកម្មករ កម្មការនី និងនយោជិតមួយចំនួនត្រូវទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នៅតាមខេត្តកំណើតរបស់ខ្លួន។

ដោយឡែកគណបក្សប្រជាជនកម្ពុជាកាលពីថ្ងៃទី ២៣ ខែឧសភានេះក៏បានស្នើរឲ្យវិនិយោគិន និយោជក ប្រធាន​ក្រុមហ៊ុន សហគ្រាស រោងចក្រទាំងអស់ ផ្តល់ពេលវលាសមស្របដល់និយោជិត និងបុគ្គលិករបស់ខ្លួន ដែលបានចុះឈ្មោះក្នុងបញ្ជីបោះឆ្នោតឃុំ-សង្កាត់ តាមមូលដ្ឋាន នីមួយៗ មានឱកាសបានទៅបោះឆ្នោត គ្រប់ៗគ្នាផងដែរ។

កាលពីថ្ងៃទី ២៤ ខែឧសភាថ្មីៗនេះគ.ជ.បបានអំពាវនាវដល់សហគ្រាស ក្រុមហ៊ុន រោងចក្រ សណ្ឋាគារ ភោជនីយដ្ឋាន និងគ្រឹះស្ថានទាំងអស់ជួយសម្រួល និងបង្កលក្ខណៈងាយស្រួល  ឱ្យនិយោជិត កម្មការនី បានធ្វើដំណើរទៅមក ដើម្បីបានទៅបោះឆ្នោតនៅតាមឃុំសង្កាត់ ដែលពួកគេបានចុះឈ្មោះបោះឆ្នោត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ