សភាដែលមានតែតំណាង​រាស្ត្របក្សកាន់អំណាច ​ព្រមានកាត់ប្រាក់ខែបក្ស​ប្រឆំាង

អ្នកនាំពាក្យរដ្ឋសភាមកពីគណបក្សប្រជាជនកម្ពុជា លោក ឈាង វុន បានប្រាប់ក្រុមអ្នកសារព័ត៌មានក្រៅកិច្ចប្រជុំសភានៅថ្ងៃនេះថា រដ្ឋសភា នឹងដាក់ពិន័យលើសមាជិកសភាមកពីគណបក្សសង្រ្គោះជាតិដែលធ្វើពហិកាមិនចូលសភា ខណៈលោក កឹម សុខា ប្រឈមនឹងការចាប់ខ្លួន។

លោក ឈាង វុន បានអះអាងថា បើសមាជិកសភាមកពីបក្សប្រឆាំងនៅតែបន្តធ្វើបែបនេះ រដ្ឋសភាអាចនឹងពិចារណាផាកពិន័យដូចជាមិនឱ្យចូលរួមប្រជុំ ការកាត់ប្រាក់ខែ និងដកហូតរថយន្តត្រឡប់មកវិញជាដើម។

អ្នកនាំពាក្យគណបក្សប្រជាជនលោក សុខ ឥសាន បានបន្ថែមថានៅថ្ងៃទី៣០ខែមិថុនា សភានឹងបើកសម័យប្រជុំពេញអង្គ។ លោកថាបើតំណាងរាស្ត្របក្សសង្គ្រោះជាតិមិនចូលប្រជុំសភាទេនោះ សភានឹងអនុវត្តកាត់ប្រាក់ខែនិងដករថយន្តតំណាងរាស្ត្របក្សប្រឆំាង ដោយលោកថាយោងតាមបទបញ្ជាផ្ទៃក្នុងរដ្ឋសភា៖ យើងធ្វើសេចក្តីជូនដំណឹងសិនឲ្យវាទៅតាមបែបបទពីតិចទៅច្រើន ពីស្រាលទៅធ្ងន់ឲ្យគាត់ដឹងថា បទបញ្ជាផ្ទៃក្នុងមានមាត្រា៧០ ៧១ ៧២ ចែងថាតំណាងរាស្ត្រដែលអវត្តមានលើសពី៣ថ្ងៃ ដោយគ្មាការអនុញាតត្រូវកាត់ប្រាក់ឧបត្ថម្ភ ប្រាក់បំណាច់ គាត់អវត្តមានប៉ុន្មានខែហើយ យើងត្រូវអនុវត្តបទបញ្ជាផ្ទៃក្នុង សូមឲ្យអនុវត្តឲ្យបានត្រឹមត្រូវ បើថានូវមិនអនុវត្តទៀត វិធានការជាក់ស្តែងត្រូវអនុវត្ត

ឆ្លើយតបនឹងករណីនេះ តំណាងរាស្ត្រគណបក្សសង្រ្គោះជាតិលោក អេង ឆៃអ៊ាង មានប្រសាសន៍ថាលោកមិនខ្វល់នឹងការលើកឡើងរបស់តំណាងរាស្ត្របក្សកាន់អំណាចដែលថានឹងកាត់ប្រាក់ខែនិងដករថយន្តនោះទេ។ លោកបញ្ជាក់ថា តំណាងរាស្ត្របក្សប្រឆំាងនឹងមិនចូលប្រជុំសភានៅចុងខែនេះទេ ដោយលោកថាដរាបណាតំណាងរាស្ត្របក្សប្រឆំាងនៅតែរងការរំលោភអភ័យឯកសិទ្ធិ។ លោកបន្តថា៖ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិយើងមិនទាន់អាចចូលទៅធ្វើការនៅក្នុងសភាបានទេ ប៉ុន្តែអ្វីដែលយើងមិនធ្វើការនៅក្នុងរដ្ឋសភា យើងធ្វើការក្រៅរដ្ឋសភា យើងជួបជាមួយប្រជាពលរដ្ឋ យើងប្រាស្រ័យទាក់ទង យើងដោះស្រាយបញ្ហាប្រជាពលរដ្ឋ ហើយគ្រាន់តែថាក្នុងស្ថានភាពដែលមានការរំលោភអភ័យឯកសិទ្ធិររបស់រដ្ឋសភា គឺយើងមិនអាចទៅចូលរួមប្រជុំ ទៅចូលរួមអង្គុយនៅក្នុងវិមានរដ្ឋសភាក្នុងស្ថានភាពមួយដែលគេរំលោភរដ្ឋធម្មនុញ្ញ រំលោភសិទ្ធិសភាអ្នកតំណាងរាស្ត្រ អភ័យឯកសិទ្ធិសភាបានទេ

បក្សប្រឆំាងធ្លាប់បញ្ជាក់ថាករណីដែលតំណាងរាស្ត្រខ្លួនមិនចូលសភា ដោយថាពួកគេភ័យខ្លាចមិនអាចបំពេញតួនាទីបានព្រោះតែអាជ្ញាធរតាមចាប់ខ្លួនលោក កឹម សុខា បន្ថែមពីលើការចាប់ខ្លួនតំណាងរាស្ត្រ លោក អ៊ុំ សំអាន និងលោក ហុង សុខហួរ។

នាយកប្រតិបត្តិរបស់អង្គការឃ្លាំមើលការបោះឆ្នោតមួយហៅកាត់ថាខុមហ្រ្វែលលោក គល់ បញ្ញា យល់ថា ដំណាក់កាលនេះ អ្នកនយោបាយគួរតែយកបញ្ហាដាក់លើតុជជែកគ្នាជាជាងរុញស្ថានការណ៍នយោបាយឲ្យកាន់តែឡើងកម្តៅ។ លោកថាបើភាគីទំាងពីរមិនរកដំណោះស្រាយរួមទេនោះ កម្ពុជាអាចនឹងខូចមុខមាត់លើឆាកអន្តរជាតិ។ លោកបន្តថា៖ បើសិនជាយើងមិនខិតខំរកដំណោះស្រាយវាអាចការគំទ្រនានារបស់សហគមន៍អន្តរជាតិ ម្ចាស់ជំនួយ ក៏គេអាចមិនចង់ការគំាទ្រឬក៏បន្ថយការគំាទ្រឬក៏ដកការគំាទ្រឬរហូតដល់ស្តីបន្ទោសឲ្យទៀត វាអាចខូចមុខខូចមាត់ប្រទេសកម្ពុជាយើងដែរ

ក្រោយការបោះឆ្នោតឆ្នាំ២០១៣ គណបក្សប្រឆំាងបានធ្វើពហិកាមិនចូលប្រជុំសភាជិត១ឆ្នាំ ប្រឆំាងនឹងលទ្ធផលបោះឆ្នោត។ នៅពេលនោះសភាដែលមានតែតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាចំនូន៦៨នាក់នោះ បានចូលប្រជុំសភានិងសម្រេចកាត់ប្រាក់ខែតំណាងរាស្ត្របក្សប្រឆំាងទំាង៥៥រូប។ បន្ទាប់មកស្ថានការនយោបាយថយកំដៅ មេដឹកនាំគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី និងមេដឹកនាំបក្សកាន់អំណាចលោក ហ៊ុន សែន បានព្រមព្រៀងគ្នាធ្វើកំណែទម្រង់ គ.ជ.ប ច្បាប់បោះឆ្នោត បែងចែកតួនាទីជាប្រធាននិងអនុប្រធាននៅក្នុងគណៈកម្មាធិការជំនាញចំនួន១០នៃរដ្ឋសភាឲ្យតំណាងរាស្ត្រនៃបក្សទំាងពីរ រួមទំាងផ្តល់អាជ្ញាប័ណ្ណទូរទស្សន៍ឲ្យបក្សប្រឆំាងផងដែរ ទើបបក្សប្រឆំាងព្រមចូលប្រជុំសភា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ