ក្រុមស្រាវជ្រាវរបស់សាលាបារាំងចុងបូព៌ានិងអាជ្ញាធរជាតិអប្សរាបានរកឃើញរោងស្លលោហធាតុរបស់ជនជាតិខ្មែរនៅក្នុងបរិវេណអង្គរធំបច្ចុប្បន្ន ដោយថារោងស្លលោហៈនេះធំនិងប្រណិតជាងគេនៅអាស៊ីអាគ្នេយ៍។
បើតាមព័ត៌មានដែលចុះផ្សាយនៅលើទំព័ហ្វេសប៊ុករបស់អាជ្ញាធរជាតិអប្សរានៅថ្ងៃនេះ ក្រុមស្រាវជ្រាវក្នុងគម្រោង “ព្រះរាជរោងសិតសំរិទ្ធិក្នុងព្រះបរមរាជវាំងអង្គរធំ” លទ្ធផលបឋមបានបង្ហាញពីទំនៀបទំលាប់ក្នុងការផលិតលោហធាតុរបស់បុព្វបុរសខ្មែរ ហើយថាទំនៀមទំលាប់នេះនៅបន្តមានដល់សព្វថ្ងៃ។
លោកបណ្ឌិត Brice VINCENT តំណាងសាលាបារាំងចុងបូព៌ានិងលោក អ៊ឹម សុខរិទ្ធី អ្នកស្រាវជ្រាវបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា នៅថ្ងៃនេះបញ្ជាក់ថាកំណាយស្រាវជ្រាវលើកនេះបានរកឃើញចង្ក្រានស្លលោហៈចំនួនពីរពុម្ពសម្រាប់ចាក់ជារូបផ្សេងៗ រួមនឹងកម្ទេចកម្ទីលោហៈតូចៗដូចជាទង់ដែង ដែក និងសំណជាដើម។
អ្នកទាំងពីរលើកឡើងថាសំណាកនៃលោហៈទាំងនេះបញ្ជាក់ថាខ្មែរចេះវិធីផលិតលោហធាតុមានសំរិទ្ធជាដើម ទៅជាគ្រឿងអលង្ការសម្ភារៈប្រើប្រាស់ផ្សេងៗបានយ៉ាងល្អ ខណៈពេលដែលប្រទេសដទៃទៀតនៅអាស៊ីអាគ្នេយ៍មិនទាន់មាន។
ព័ត៌មានរបស់អាជ្ញាធរជាតិអប្សរាដដែលសរសេរថា គម្រោងស្រាវជ្រាវ “ព្រះរាជរោងសិតសំរិទ្ធក្នុងព្រះបរមរាជវាំងអង្គរធំ” គឺជាគម្រោងសហការរវាងអាជ្ញាធរជាតិអប្សរានិងសាលាបារាំងចុងបូព៌ា (EFEO) ដែលត្រូវធ្វើកំណាយស្រាវជ្រាវរយៈពេល៤ឆ្នាំចាប់ពីឆ្នាំ២០១៦ដល់ឆ្នាំ២០១៩។
គម្រោងនេះមានក្រុមអនុវត្តការងារចំនួន៣ក្រុមធំៗគឺក្រុមអ្នកធ្វើកំណាយ ក្រុមអ្នកសិក្សាវិភាគនៅសាលាបារាំងចុងបូព៌ា និងក្រុមអ្នកមួយទៀតគឺធ្វើវិភាគវិទ្យាសាស្ត្រកំណត់អាយុកាលនៃបំណែកដែលស្រាវជ្រាវបាននៅសហរដ្ឋអាមេរិក។ គម្រោងនេះក៏នឹងមានវគ្គបណ្តុះបណ្តាលដល់និស្សិតបុរាណវិទ្យានៃសាកលវិទ្យាល័យភូមិន្ទវិចិត្រវិល្បៈនិងបុគ្គលិកនៃអាជ្ញាធរអប្សរាតាមរយៈការចុះមកសិក្សាវិភាគនៅសាលពិសោធន៍សាលាបារាំងចុងបូព៌ានិងនៅទីតាំងកំណាយផ្ទាល់នៅក្នុងបរិវេណព្រះបរមរាជវាំងបុរាណក្រោយព្រះលានស្តេចគម្លង់៕