ក្រុមហ៊ុនដឹកអ្នកដំណើរមួយចំនួនចាប់ផ្តើមឡើងថ្លៃបើទោះជាមានការអំពាវនាវពីលោក ហ៊ុន សែន

ក្រុមហ៊ុនដឹកអ្នកដំណើរមួយចំនួននៅថ្ងៃអង្គារទី២៧ខែកញ្ញានេះចាប់ផ្តើមឡើងថ្លៃបណ្តើរៗហើយ បើទោះបីជាលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អំពាវនាវឲ្យរថយន្តឈ្នួលទាំងអស់កុំឲ្យតម្លើងថ្លៃរថយន្តឈ្នួលនៅថ្ងៃបុណ្យភ្ជុំបិណ្ឌក៏ដោយ។

កាលពីថ្ងៃទី២២កញ្ញា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអំពាវនាវដូចរាល់ដងកុំឲ្យមានការដំឡើងថ្លៃឈ្នួលរថយន្តក្នុងពេលបុណ្យភ្ជុំបិណ្ឌនេះ។

លោកថ្លែងថា៖ “នៅរដូវភ្ជុំឆ្នាំនេះ សូមអំពាវនាវចំពោះរថយន្តឈ្នួលទាំងឡាយកុំឡើងថ្លៃ អំពាវនាវ ចេះតែអញ្ចឹង តែគាត់មិនស្តាប់ ហើយយើងវាអត់ឡានជិះ ចេះតែជិះទៅ“។

លោក ហួរ សាវុទ្ធ ដែលជិះរថយន្តរបស់ក្រុមហ៊ុនសូរិយាដឹកអ្នកដំណើរពីភ្នំពេញទៅសៀមរាបនៅព្រឹកថ្ងៃអង្គារនេះប្រាប់វីអូឌីថា ក្រុមហ៊ុននេះបានឡើងថ្លៃឈ្មួល៥០០០រៀលលើសតម្លៃធម្មតា។

លោក ហួរ សាវុទ្ធ បន្ថែមថាការឡើងថ្លៃរថយន្តឈ្នួលនៅថ្ងៃបុណ្យនេះ សម្រាប់លោកមិនជាបញ្ហាទេ ប៉ុន្តែសម្រាប់ប្រជាពលរដ្ឋអ្នកដំណើរផ្សេងដែលក្រីក្រពួកគេនឹងជួបការលំបាក។

លោកថ្លែងថា៖ “ជាការអំពាវនាវសុំឲ្យក្រុមហ៊ុនដឹកអ្នកដំណើរទាំងអស់ធ្វើទៅតាមរាជរដ្ឋាភិបាលទៅ ព្រោះយើងនៅក្រោមរាជរដ្ឋាភិបាល បើក្រុមហ៊ុនមិនធ្វើតាម ទី១ក្រុមហ៊ុនគាត់អត់ល្អ ទី២ទឹកមាត់រដ្ឋាភិបាលសាប“។

ដូចគ្នានេះដែរអ្នកដំណើរអ្នកស្រី ជើន ណាវី ដែលជិះរថយន្តរបស់ក្រុហ៊ុន ខេអេសអូ ត្រេនស្ព័ត ឲ្យដឹងថា ក្រុមហ៊ុននេះបានឡើងថ្លៃ៥០០០រៀលបន្ថែមទៀតនៅថ្ងៃអង្គារនេះ។

អ្នកស្រីបន្ថែមថាជិះថ្ងៃធម្មតាពីភ្នំពេញទៅដល់ផ្ទះអ្នកស្រីនៅសៀមរាមក្រុមហ៊ុននេះយកថ្លៃតែ៣០០០០រៀលប៉ុណ្ណោះប៉ុន្តែសម្រាប់ថ្ងៃនេះក្រុមហ៊ុនយក៣៥០០០រៀល។

អ្នកស្រីថា អ្នកស្រីមិនបានដឹងថាមានក្រុមហ៊ុនមួយចំនួនមិនឡើងថ្លៃថ្ងៃភ្ជុំបិណ្ណនោះទេ ដោយថាធម្មតាថ្ងៃបុណ្យជាតិធំៗរថយន្តឈ្មួលតែងតែឡើងថ្លៃជាធម្មតាទៅហើយ។

អ្នកស្រីបន្ថែមថា៖ “ឲ្យតែខែមានបុណ្យមានទានឡើងថ្លៃរហូតហ្នឹង ម៉ូតូឌុប កង់បីអីយើងតថ្លៃបានគេចុះ ដល់ឡានក្រុងហ្នឹង គេអត់ចុះម៉ង សុំគេយ៉ាងណាក៏មិនចុះឲ្យយើង បើមិនជិះ យើងដើរចេញទៅ គេមិនអង្វរយើងទេ“។

តែទោះយ៉ាងណាមានក្រុមហ៊ុនដឹកអ្នកដំណើរមួយចំនួនដូចជា ក្រុមហ៊ុនកាពីតូល រិទ្ធមន្នី ផារ៉ាម៉ោអង្គរ និងរស្មីភ្នំពេញ អ្នកដំណើរដែលជិះរថយន្តរបស់ក្រុមហ៊ុនទាំងនោះ អះអាងថានៅថ្ងៃអង្គារនេះមិនទាន់មានការឡើងថ្លៃនោះទេគឺតម្លៃនៅដូចថ្ងៃធម្មតា។

អ្នកដំណើរម្នាក់ លោក ម៉ុក គង់ ដែលជិះរថយន្តរបស់ក្រុមហ៊ុនកាពីតូលបានសំដែងការសប្បាយចិត្តដោយក្រុមហ៊ុននេះមិនតំឡើងថ្លៃរថយន្តនៅថ្ងៃបុណ្យ។ លោកស្នើឲ្យក្រុហ៊ុនផ្សេងៗកុំឲ្យឡើងថ្លៃដែរ ដោយលោកថាដើម្បីជួយសម្រួលដល់អ្នកដំណើរក្រីក្រមួយចំនួនបានធ្វើដំណើរស្រួល មិនជិះបញ្ជ្រៀតគ្នាតាមរថយន្តតាក់ស៊ីជាដើម។

លោកថ្លែងថា៖ “ព្រឹកម៉ិញខ្ញុំដើរសួរកន្លែងឡានក្រុងផ្សេងៗគេឡើងថ្លៃដល់ទៅ៩ដុល្លារ ដូច្នេះមកជិះកាពីតូលវិញ ព្រោះគេអត់ឡើងផងថ្លៃផងភ្នំពេញទៅកំពង់ធំគេយក២២០០០ដដែល“។

កាលពីថ្ងៃទី២៤កញ្ញានេះលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសរសេរនៅលើហ្វេសប៊ុករបស់លោកថាមាន ក្រុមហ៊ុនដឹកអ្នកដំណើរចំនួន១៤បានសន្យាមិនតំឡើងថ្លៃឈ្នួលនៅរដូវបុណ្យភ្ជុំបិណ្ឌនេះ។

លោកថាក្រុមហ៊ុនទាំងនោះមានក្រុមហ៊ុនរិទ្ធិមុន្នី កាពីតូល នាគក្រហម ពន្លឺអង្គរខ្មែរដឹកជញ្ជូន ណាហ្គាត្រេនស្ព័តនិងក្រុមហ៊ុនមួយទៀត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ