World Bank ថាកម្ពុជាមានបរិយាកាសពាណិជ្ជកម្មល្អប្រសើរ

ក្រុមអ្នកស្រាវជ្រាវរបស់ធនាគារពិភពលោកបានវាយតម្លៃថា បរិយាកាសធ្វើពាណិជ្ជកម្មនៅកម្ពុជាមានលក្ខណៈអំណោយផលល្អ ប៉ុន្តែទទូចឲ្យរដ្ឋាភិបាលបន្ដកែលម្អវិស័យមួយចំនួន។

យោងតាមរបាយការណ៍របស់ក្រុមធនាគារពិភពលោកស្ដីពីការសម្រួលដល់ការធ្វើធុរកិច្ចសម្រាប់ឆ្នាំ២០១៧ ចេញផ្សាយកាលពីថ្ងៃម្សិលមិញ បង្ហាញថាកម្ពុជាឈរនៅលំដាប់ថ្នាក់១៣១ មាន៥៤,៧៩ពិន្ទុ ក្នុងចំណោមប្រទេស១៩០នៅលើពិភពលោក។

បើតាមរបាយការណ៍ ការសិក្សានេះគឺផ្ដោតលើកត្ដាចំនួន១០ ដែលក្នុងនោះ ការចាប់ផ្ដើមធ្វើជំនួញ កម្ពុជាមានចំណាត់ថ្នាក់១៨០ លិខិតអនុញ្ញាតឲ្យសង់សំណង់(១៨៣) ផ្គត់ផ្គង់ប្រព័ន្ធអគ្គិសនី (១៣៦) ការចុះបញ្ជីទ្រព្យសម្បត្ដិ(១២០) ការទទួលបានឥណទាន (៧) កិច្ចការពារអ្នកវិនិយោគ (១១៤) ការបង់ពន្ធ (១២៤) ពាណិជ្ជកម្មឆ្លងកាត់ព្រំដែន(១០២) ការអនុវត្តកិច្ចសន្យា (១៧៨) និងដំណោះស្រាយការក្ស័យធន(៧២)។

លោកស្រី អ៊ីហ្គូណា ដូប្រាចា ប្រធានគ្រប់គ្រងធនាគារពិភពលោកបានពន្យល់ថា កម្ពុជាកំពុងអភិវឌ្ឍបរិយាកាសនៃការធ្វើពាណិជ្ជកម្មដ៏រឹងមាំដែលអាចជួយដល់សេដ្ឋកិច្ចជាតិនិងកាត់បន្ថយភាពក្រីក្រ។

លោកស្រីថា ៖ «កម្ពុជាបាននិងកំពុងមានការរីកចម្រើនក្នុងការជំរុញឲ្យមានបរិយាកាសពាណិជ្ជកម្មកាន់តែល្អប្រសើរជាងមុន។ កំណែទម្រង់នានាដែលបានធ្វើ គឺកំពុងជួយបង្កើតឲ្យមានសេដ្ឋកិច្ចរស់រវើក ដែលវានឹងជួយបង្កើនក្ដីសង្ឃឹមសម្រាប់ប្រជាពលរដ្ឋកម្ពុជាជាច្រើននិងជួយពួកគេឲ្យចាកផុតពីភាពក្រីក្រ»។

បើតាមរបាយការណ៍ កត្ដាជំរុញឲ្យមានបរិយាកាសពាណិជ្ជកម្មល្អប្រសើរនោះ គឺដោយសារ៖

  • ពលរដ្ឋកម្ពុជាទទួលបានព័ត៌មានសេវាឥណទានកាន់តែច្រើនតាមរយៈស្ថាប័នធនាគារនិងហិរញ្ញវត្ថុ
  • កម្ពុជាគ្មានវិសមភាពយែនឌ័រ
  • រួមទាំងកិច្ចខិតខំរបស់រដ្ឋាភិបាលក្នុងការធ្វើកំណែទម្រង់នានា

យ៉ាងណានេះក្ដី ក្រុមអ្នកស្រាវជ្រាវធនាគារពិភពលោកបានលើកឡើងនូវអនុសាសន៍ជាច្រើន ដូចជា៖

  • កម្ពុជាគួរកែលម្អក្របខ័ណ្ឌច្បាប់សម្រាប់ការធ្វើពាណិជ្ជកម្មឆ្លងព្រំដែននិងពង្រឹងការអនុវត្តកិច្ចសន្យា
  • កាត់បន្ថយពេលវេលាចំណាយលើការចុះបញ្ជីនិងលុបចោលការតម្រូវឲ្យមានការដាក់ប្រាក់តម្កល់ឬប្រាក់ធានា ពេលក្រុមហ៊ុនស្នើចុះបញ្ជី
  • និងពន្លឿនការធ្វើសវនកម្មនិងការដកយកតម្លៃពន្ធជាដើម

បើតាមរបាយការណ៍ដដែល ប្រទេស៤ដែលមានចំណាត់ល្អជាងគេក្នុងតំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វិក គឺនូវែលហ្សេឡង់(លេខ១) សិង្ហបុរី(លេខ២) តំបន់រដ្ឋបាលពិសេស ហុងកុង-ចិន (លេខ៣) និងកូរ៉េខាងត្បូង (លេខ៤) ។

គួរបញ្ជាក់ថាសម្រាប់ឆ្នាំ២០១៦ កម្ពុជាឈរនៅចំណាត់ថ្នាក់១២៨ មាន៥៤,៥៤ពិន្ទុ គឺកើនបាន០,២៥ពិន្ទុ បើធៀបនឹងឆ្នាំ២០១៧៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ