បទយកការណ៍៖ ពលរដ្ឋប្រាប់ទៅរដ្ឋាភិបាលឲ្យបញ្ឈប់បង្ហូរទឹកស្អុយ ចូល​ទន្លេ​ជិតវាំង

រូបភាពហ្វេសប៊ុក

ទឹកខ្មៅកង្វក់ពីបំពង់លូយ៉ាងតិចពីរកន្លែងបានហូរចាក់ចូលទន្លេផ្នែកខាងជើងព្រះមរមរាជវាំងជារៀងរាល់ថ្ងៃ។ ទីតាំងនោះជាកន្លែងទេសចរណ៍ដ៏មមាញឹកជាងគេនៅកណ្តាលរាជធានីភ្នំពេញដែលត្រូវរដ្ឋាភិបាលអះអាងថាជាទីក្រុងគុជ។

អ្នកលក់ដូរ និងអ្នកដើរកំសាន្តតាមមាត់ទន្លេមួយចំនួន​ បានរៀប​រាប់ប្រហាក់ប្រហែលគ្នាថា ក្លិនទឹក​ស្អុយ​ដែល​​ភាយ​ចេញ​ពីលូ ឬអាង​ស្តុប​ទឹកទំាងនោះ​ ត្រូវបានគេ​​បង្ហូ​ចូល​ទឹក​ទន្លេ​ដែលជាកន្លែងទេសចរណ៍​នេះប្រហែល៦​ឆ្នាំ​មក​ហើយ ដោយពុំមានការទប់ស្កាត់ពីអាជ្ញាធរនោះទេ។

រុញរទេះ​ដើរលក់ភេសជ្ជៈចល័តនៅក្បែរច្រំាងមាត់ទន្លេ អ្នកស្រី​ គឹម លី បាន​រៀប​រាប់ថា គាត់មករស់នៅភ្នំពេញប្រកបរបរលក់ដូរនៅមាត់ទន្លេជិត២០ឆ្នាំ ដោយអ្នកស្រីសង្កេតឃើញថា ទឹកស្អុយ​ដែល​ប្រជាពលរដ្ឋ​នៅម្តុំជួរមាត់ទន្លេ ក្នុងរាជធានីភ្នំពេញប្រើប្រាស់តាមផ្ទះនោះ​ ត្រូវ​បានបង្ហូរចូលតាមលូរ ឬអាងស្តុបទឹក​ ដែលអ្នកស្រីថា អាងនោះទំនងជារបស់​ស្ថាប័ន​រដ្ឋធ្វើនៅក្រោមដី ដើម្បី​បង្ហូរ​ចូល​ទន្លេ មុខវត្តឧណ្ណាលោមជា​រៀង​រាល់​ថ្ងៃ។​

អ្នកស្រី លី​ អះអាងថា អ្នកដើរកំសាន្ត និងអ្នកអង្គុយ​លេង​នៅក្បែរច្រំាងមាត់​ទន្លេរាប់​រយនាក់​បាននិយាយ​ប្រហាក់​​ប្រហែលគ្នាថា ក្លិនទឹកស្អុយដែលគេបង្ហូរចូលទឹកទន្លេនេះ ធ្វើឲ្យប៉ះពាល់ដល់បរិស្ថាន និងសុខភាពប្រជាពលរដ្ឋដែលទៅស្រូបយកខ្យល់អាកាសបរិសុទ្ធនៅតំបន់នោះ។

អ្នកស្រីនិយាយថា៖ «កាលណាយើងអង្គុយទៅ យើងហិតក្លិននឹងទៅវាខូចសុខភាព វាអាចខូចបរិស្ថាន ព្រោះអីទស្សនិកជន មិនថាប្រជាជនខ្មែរ សូម្បីតែបរទេសក៏គាត់មកអង្គុយនៅនឹងដែរ តែធ្វើម៉េច​​បើគេបង្ហូរមកយើងអត់ដឹងដែរ ២៤ម៉ោង និយាយរួមតំាងខ្ញុំមកអង្គុយនៅទីនេះ ឃើញហូរហូត»

ទោះជាបែបនេះក្តី ស្ត្រីរូបនោះ​​ឲ្យដឹងទៀត​ថា មិនឃើញមានអាជ្ញាធរបិទចរន្តទឹកស្អុយ កុំឲ្យហូរចូលទឹក​ទន្លេនោះទេ ។

អង្គុយលើបង្កាន់ដៃច្រំាងទន្លេម្តុំមុខវត្តឧណ្ណាឡោម ក្បែរព្រះបរមរាជវំាង លោក ម៉េង រិទ្ធី​ បានប្រាប់​អ្នក​សារព័ត៌​មានថា ទឹកស្អុយនេះ ត្រូវបានគេបង្ហូរចូលទឹកទន្លេជាច្រើនឆ្នាំហើយ។ លោកថាបើមិនមាន​អាជ្ញាធរ​ទប់​ស្កាត់ទេ នោះធ្វើឲ្យទឹកទន្លេកាន់តែកង្វក់ ករណីនេះបើ​ពលរដ្ឋមួយចំនួននៅក្រោមដៃទន្លេ ដង​ទឹក​នោះ  យ​ក​ទៅប្រើប្រាស់ អាចនឹងធ្វើឲ្យប៉ះពាល់ដល់សុខភាពផងដែរ​។

លោកបញ្ជាក់​ថា៖ «នៅភ្នំពេញគេប្រើទឹកម៉ាស៊ីនទេ ប្រជាពលរដ្ឋដូចបងប្អូនខ្មែរឥស្លាមដែលគាត់អាស្រ័យទឹកទន្លេដែលយកទៅហូបរាល់ថ្ងៃវាអាចប៉ះពាល់ខ្លាំង [សុខភាព]ព្រោះទឹកនេះមិនល្អទេ ទឹកបង្គុន ទឹកលូ និយាយរួមទឹកនេះ ទឹកអត់ស្អាត»​

លើសពីនេះទៀត លោក រិទ្ធី បានឲ្យដឹងទៀតថា នៅពេលមេឃភ្លៀងធំម្តងៗ មានកាក​សំណល់​ដូចជា ធូប សធ័រដូង ដបទឹកសុទ្ធ និងសំរាមផ្សេងៗទៀត បាន​ហូរចេញពីលូ ឬអាងស្តុបទឹកនេះ ចូល​ក្នុង​ទន្លេ​ទៀត​ផង​​​។

អង្គុយលើបង្កាន់ដៃច្រំាងទន្លេ ជជែកគ្នាជាមួយមិត្តភ័ត្ត យុវជន បៅ លីម​ យល់​ថា មូលហេតុ​ដែលរដ្ឋបង្ហូរទឹកស្អុយចូលទឹកទន្លេនេះ ដោយសារនៅក្នុងរាជធានីភ្នំពេញមិនមានកន្លែងស្តុបទឹក ខណៈបឹងមួយចំនួនក្នុង​រាជធានីភ្នំពេញ ជាពិសេសបឹងទំពុន និងបឹងកក់ជាដើម​ ត្រូវបានក្រុមហ៊ុន​បូមខ្សាច់​ពន្លិច​ ដើម្បីធ្វើការអភិវឌ្ឍន៍។

លោកមានប្រសាសន៍ថា៖ «បើសិនជាមានបឹងនៅក្នុងភ្នំពេញ វាអាចប្រជៀតទៅក្នុងបឹងខ្លះ ប៉ុន្តែលុបបឹងដ៏អស់     មានតែទន្លេមួយទេដែលជាមុខព្រួញរបស់គេ គោលដៅគេមកតែទន្លេម្តង ព្រោះលុបបឹងអស់ហើយ មានចូល [បង្ហូរទឹកស្អុយ​]តាមណារួច​»

​ ​កាលពី​ឆ្នាំ​២០១៤ សាលារាជធានីភ្នំពេញទទួលបាន​ជ័យលាភី​ជា​ពានរង្វាន់ និង​វិញ្ញាបនបត្រ ​ផ្នែក​ទឹកស្អាត នៃ​ទីក្រុង​ធំៗ​ផ្សេងទៀត ក្នុង​តំបន់​អាស៊ាន​។ បន្ទាប់ពី​ទទួល​ជ័យលាភី​នេះ លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន រួមជាមួយ​លោក អៀង អូ​នី អភិបាលរង​រាជធានី​ភ្នំពេញ បាន​ដឹកនាំ​ប្រតិភូ​ទៅ​ទទួល​ដោយផ្ទាល់​ពី​គណៈកម្មការ​នៅ​ទីក្រុង​វៀង​ច័ន្ទ ប្រទេស​ឡាវ​។​

ប៉ុន្តែពលរដ្ឋមួយចំនួន និយាយថា បើរដ្ឋាភិ​បាល​មិន​ពិនិត្យ និងលុបបំបាត់កុំឲ្យទឹកស្អុយហូរចូលទន្លេនេះបានទេ នឹងធ្វើ​ឲ្យសាធារណៈជនជាតិ និង​អន្តរជាតិ​ រិះគន់រដ្ឋាភិបាលថា មិនចេះថែរក្សាបរិស្ថាន និង​មច្ឆាជាតិក្នុងទឹកទន្លេ ហើយធ្វើឲ្យទីក្រុងភ្នំពេញ បាត់សោភ័ណ្ឌភាព ខណៈរដ្ឋាភិបាលដាក់ឈ្មោះទីក្រុងភ្នំពេញថាជា «ទីក្រុងគុជ» នោះ។

ឈរនៅក្រោមដើមឈើ ក្បែរច្រំាងទន្លេ លោក អ៊ឹង រិទ្ធិ លើកឡើងថា ដើម្បីឲ្យបរិស្ថានស្អាត ទីក្រុងស្អាត និងមានសោភ័ណ្ឌភាពល្អ រដ្ឋាភិបាលត្រូវ​រំដោះទឹកស្អុយក្នុងរាជធានី​ភ្នំពេញ​ទៅក្រៅទី​ប្រជុំជន​ ជា​ជាង​បង្ហូរ​ចូល​ទឹកទន្លេ ឬបង្កើតកន្លែងចំរាញ់​ទឹកស្អុយឲ្យទៅជាទឹកស្អាតវិញ។

លោកបញ្ជាក់ថា៖ ​«រដ្ឋាភិបាលខ្ញុំជឿជាក់​​​​ថា គាត់និងអាចធ្វើបានចំរាញ់ពីទឹកស្អុយទៅទឹកស្អាត មានចំរោះ គាត់ធ្វើមានកន្លែងចំរោះរបស់គាត់ ចេញមកទឹកស្អាតតែម្តង ប្រទេសគេមានឥណ្ឌា មានគំនសំរាមគេធ្វើទៅជាអគ្គិសនីរបស់គេ»

លោក សឹម​ ដុល្លារ ដែលអះអាងថា ជា​កម្មករយាមនៅអាងស្តុបទឹកមុខវត្តឧណ្ណាឡោម​ រាជធានីភ្នំពេញ ទទួលស្គាល់ថា ពិតជាមានទឹកស្អុយ​ហូរចូលទឹកទន្លេពិតមែន​ ដោយសារ​ពេលភ្ញៀង​មក​ធ្វើ​ឲ្យ​ដី ​ហូ​តាម​ទឹកចូលពេញទ ធ្វើឲ្យទឹកស្អុយជ្រាបចូលអាងក្រោមដី ដែលមានទំហំ៤ម៉ែត្រ បណ្តោយជាង​១០០ម៉ែត្រ។ លោក សឹម ដុល្លារ​ បន្ត​ថា ក្រុមការងារកំពុងចុះស្តាដីចេញពីបាតអាងស្តុបទឹកនោះ ក្នុង​មួយ​ថ្ងៃប្រហែលជា១០ឡាន ដើម្បីដឹកយកទៅចាក់នៅត្រើយម្ខាងផងដែរ។

លោកនិយាយថា៖ «ដីវាពេញ គឺវាត្រូវហៀចេញមកហើយ ដីវាហូតាមលូមកកំពុងស្តារាល់ថ្ងៃ ទើបហើយម៉ិញ ឡើងម៉ិញ ប៉ុន្តែស្តាប្រហែលជា១ខែបានហើយ»

អ្នកនាំពាក្យសាលារាជធានីភ្នំពេញលោក មាន ចាន់យ៉ាដា មានប្រសាសន៍ថា សាលារាជធានីភ្នំពេញ​បានសហការជា​មួយ​មន្ទីរបរិស្ថាន និងសាលាខ័ណ្ឌ ដើម្បីដោះស្រាយបញ្ហាទឹកស្អុយទំាងនេះហើយ​ប៉ុន្តែលោកមិនបាន​បញ្ជាក់ពីការបង្វែរទឹកស្អុយនោះទៅទីតំាងណាទេ ដោយទម្លាក់ការងារនេះទៅផ្នែកបរិស្ថានវិញ។

នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជាលោក សន ជ័យ ដែលតាមដានរឿងនេះ មា​ន​កា​រភ្ញា​ក់​ផ្អើល នៅពេលឮថាមានការបង្ហូរទឹកស្អុយចូលទឹកទន្លេនោះ​ ដោយលោកថា នៅម្តុំផ្សារកណ្តាល​មាន​ប្រព័ន្ធ​ស្តុបទឹកស្អុយ មិនឲ្យហូរចូលទន្លេផងដែរ។

លោក សន ជ័យ យល់ថា បើរដ្ឋាភិបាលមិនមានវិធានការទប់ស្កាត់បញ្ហានេះឲ្យមានប្រសិទ្ធិភាពទេ នឹងធ្វើឲ្យប៉ះពាល់ដល់ការគ្រប់គ្រងអភិបាលកិច្ចរបស់រដ្ឋាភិបាល​។

លោកមានប្រសាសន៍ថា៖ «បើគ្រាន់តែទឹកស្អុយប៉ុន្នឹង គ្រប់គ្រងមិនបាន ផែនការគ្រប់គ្រងទឹករបស់រដ្ឋាភិបាលវាមានការរិះគន់ហើយវាមានការប៉ះពាល់សុខភាពប្រជាពលរដ្ឋ ជាពិសេសអ្នកនៅតាមដងទន្លេ ក៏វាប៉ះពាល់ដល់នយោបាយរបស់រដ្ឋាភិបាលដែរ»  

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ