លោក ហ៊ុន សែន ថាបើចង់ប្តូរលោកចេញត្រូវមើលផលវិបាកនៃការសម្លាប់ កាដាហ្វី

លោក ហ៊ុន សែន (រូបភាពពីហ្វេសប៊ុកលោក នាយករដ្ឋមន្ត្រី)

លោកនាយករដ្ឋមន្ត្រី ហ៊ុន​ សែន លើកឡើងថា ប្រសិនបើមានការសម្លាប់រូបលោក ឬមានការផ្លា​ស់ប្តូរការដឹកនាំរបស់លោក នៅ​​​​ថ្ងៃខាងមុខមែននោះ លោកព្រមានថា កម្ពុជាអាចនឹងមានសង្គ្រាមកាប់សម្លាប់ខ្មែរគ្នា កើតឡើង ដូចប្រទេស​មួ​យចំ​នួនលើពិភពលោក រួមទាំងលីប៊ីផង ដែលបានស​ម្លាប់មេដឹ​ក​នាំ​​ផ្តា​ច់កា​រ  កាដា​ហ្វី ។

ក្នុងពិធីសម្ពោធសមទ្ធផលមួយកន្លែង នៅខេត្តកំពង់ចាម នាព្រឹកថ្ងៃទី​២៨ខែកុម្ភះនេះ លោក ហ៊ុន សែន ថ្លែងថា នៅខែមេសាខាងមុខនេះ ប្រាក់ខែគ្រូបង្រៀន ទាបបំផុត នឹងត្រូវតម្លើងដល់៩៥ម៉ឺនរៀល រួមទាំងការបញ្ចុះ​តម្លៃអគ្គិ​សនីត្រឹម​៦​១០​រៀល ក្នុងមួយគីឡូវ៉ាត់ម៉ោង។

ប៉ុន្តែលោក ហ៊ុន សែន ថ្លែងបែបឌឺដងថា បន្ទាប់ពីរដ្ឋាភិបាលតម្លើងបែបនេះ លោកថា នឹងមានអ្ន​កនយោ​បា​​យ​ផ្សេ​ងទៀត គេនឹងមកសន្យាថានឹងតម្លើងដល់ប្រាក់ខែដល់៣លានរៀល តម្លៃអគ្គីសនី នឹងបញ្ចុះត្រឹ​ម២០០​រៀលក្នុ​ងមួ​​យ​គី​ឡូវ៉ា​ត់ម៉ោង។ លោកជំរុញឲ្យពលរដ្ឋទទួលយកនូវអ្វីដែលរដ្ឋាភិបាលកំពុងផ្តល់ឲ្យ ដោយថាមិនត្រូវទទួលយក«ការសន្យាខ្យល់»នាំឲ្យមានការប្តូរមេដឹកនំាទៅរកសង្រ្គាមដូចប្រទេសមួយចំនួនលើពិភពលោកនោះទេ។

លោកថា៖ «មើលនៅប្រទេសលីប៊ី សេរី អ៊ីរ៉ាក់ លទ្ធផលបានមស្អី គឺការស្លាប់រាល់ថ្ងៃៗ ហ្នឹងហើ​យការស​ន្យា​ចង់​​សម្លាប់​ សាដាំ ហូសេន មួយកើតសាដាំ ហូសេនប៉ុន្មានហើយ នៅទូទាំងប្រទេសអ៊ីរ៉ាក់ ចង់សម្លាប់ កា​ដា​ហ្វី មួយកើតដាហ្វីប៉ុន្មាន ហើយសម្លាប់មនុស្សអស់​ប៉ុន្មាន។ ចង់ផ្តួលរំប​បអាសាតមួយ​ប្រជាពល​រដ្ឋ​សេ​រី​ស្លា​​​ប់អស់ប៉ុន្មាន?។ ឥឡូវចង់សម្លា​ប់ ហ៊ុន សែន មួយ ចង់ផ្តួលហ៊ុន សែន មួយ តើនឹងមានស្អីនៅពេលខាងមុខ នេះជា​សញ្ញា​សួ​រ​​មួយថា តើខ្លួននៅមានស្ថេរភាពអង្គុយរបៀបហ្នឹងទេ ?បើមួយថ្ងៃៗអង្គុយចាំតែញិញធ្មេញ ថា ឲ្យតែពឹ​ប អាញ់​​រឹបពីអាអ្នកមានយកឲ្យអាអ្នកក្រ នែវាទៅអញ្ចេស អាហ្នឹងអាពតសុទ្ធហើយមានស្អីទៀត»។

ប្រទេសមួយចំនួនដែលពលរដ្ឋធ្វើបដិវត្តន៍ទម្លាក់ពីអំណាច ហើយឈានដល់សម្លាប់មេដឹកនាំ ដែលលោក ហ៊ុន សែន លើកយកមកធ្វើជាឧទារហ​រណ៍​នោះ សុទ្ធសឹ​ងជាមេដឹកនាំបែបផ្តាច់ការដែលកាន់អំណាចយូរដូចជា កាដាហ្វី ជាដើម។

មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ ធ្លាប់ប្រាប់VOD នៅពេលថ្មីៗនេះថា  ប្រាក់ខែ​មន្ត្រីរា​​ជការ២៥០ដុល្លារគណបក្សប្រឆាំងបានដាក់ចូលក្នុងគោលនយោបាយតាំងពីឆ្នាំ២០១៣។លោកថា មក​ដក់ពេលនេះ ប្រាក់ខែគួរត្រូវបានតម្លើងច្រើនជាងនេះ ដើម្បីបំពេញ​តម្រូវ​ការជីវ​ភាពរស់នៅរបស់មន្ត្រីរាជការ។

លោក សុន ឆ័យ អះអាងថាដោយសារគោលនយោបាយរបស់គណបក្សសង្គ្រោះជាតិ ដែលបក្សកាន់អំណាចចាត់ទុកថា«ជាខ្យល់»នោះហើយទើបជំរុ​ញឲ្យ​រដ្ឋាភិបាលតម្លើងប្រាក់ខែដល់មន្ត្រីរាជការបាននៅពេលនេះ។

អ្នកឃ្លាំមើលពីការអភិវឌ្ឍសង្គម លោក ប៊ួ បញ្ញា លើកឡើងថា សង្គ្រាមនៅកម្ពុជានឹងមិនអាចកើតឡើងទេ ក្នុងសម័យកាលនេះ  ដោយលោកថា សង្គ្រាមអាចផ្ទុះឡើងលុះណា​តែភាគីម្ខាងទៀ​តមានមហាអំ​ណាច​គាំទ្រហើយមានអាវុធ ដូចពីសម័យអតីតកាល។លោកបន្តថា កម្ពុជាបច្ចុប្ប​ន្នបានផ្តល់អំណា​ច​​ឲ្យព​​លរដ្ឋ​ជ្រើ​​​​​ស​រើសមេដឹកនាំតារយៈការបោះឆ្នោត៥ឆ្នាំម្តង។

លោកថា៖«ទោះជាយ៉ាងណាខ្ញុំមើលឃើញប្រជាពលរដ្ឋមិនភ័យខ្លាចទេ  ពីព្រោះអីយើងមើល​កាលពីឆ្នាំ​២០១​៣​​។មុន២០១៣លោកនាយករដ្ឋមន្ត្រីនិយាយប៉ុន្មានដង គម្រាមច្រើន​ដងណាស់ក្នុងវេ​ទិការសាធារ​ណៈនិ​មួយៗ។ប៉ុន្តែប្រជាពលរដ្ឋនៅតែទៅបោះឆ្នោត ដើម្បីធ្វើ​ឲ្យមានការផ្លាស់​ប្តូរនៅប្រទេ​សកម្ពុជា​ហ្នឹង។​អញ្ចឹង​នេះក្រាន់តែជាសញ្ញាមួយគំរាម»។

លោក ហ៊ុន សែន តែងតែរំលឹកដដែលៗពី​សន្តិភាពដែល​ថាកើតឡើង​ដោយ​សារ​តែកា​រដឹ​ក​នាំមក​របស់​លោ​​ក​​​មានការរីកចំរើន។ប៉ុន្តែរបាយការណ៍នៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ បានកត់​សំគាល់ថា «ក្រោម​​អំ​ណាចរបស់លោក ហ៊ុន សែន ប្រហែល៣០ឆ្នាំកន្លងមក មានទាំងហិង្សាលើ​អ្នកនយោបា​យ​ប្រឆាំ​​​​​ង​ ​​ការគាបសង្កត់ផ្នែកសិទ្ធិមនុស្ស និងអំពើពុករលួយ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ