របាយការណ៍ថ្មីមួយ រកឃើញថា ប្រជាពលរដ្ឋជាច្រើនយល់ឃើញថា ស្ថាប័នរដ្ឋចំនួនបីនៅកម្ពុជា កំពុងចាក់ស្រេះដោយអំពើពុករលួយ។ ទោះជាយ៉ាងណា មន្ដ្រីរាជរដ្ឋាភិបាល ច្រាលចោលរបាយការណ៍នេះ ដោយចោទថា គ្មានភស្ដុតាងគ្រប់គ្រាន់។
របាយការណ៍ស្ដីពីការវាស់វែងអំពើពុករលួយសម្រាប់ឆ្នាំ២០១៦ របស់អង្គការតម្លភាពកម្ពុជា ដែលចេញផ្សាយនៅថ្ងៃអង្គារទី២៨ខែកុម្ភៈនេះ បង្ហាញថា ក្នុងចំណោមប្រជាពលរដ្ឋ ដែលបានសម្ភាសន៍ចំនួនមួយពាន់បីនាក់ (១ ០០៣នាក់) ភាគច្រើននិយាយថា អំពើពុករលួយក្នុងប្រទេសកម្ពុជានៅតែរីករាលដាលនៅក្នុងស្ថាប័នចំនួន៣ គឺតុលាការមាន៥៩ភាគរយ, ប៉ូលិសមាន៥២ភាគរយ, និងមន្រ្ដីរដ្ឋាភិបាលមាន៤៤ភាគរយ។
បើតាមរបាយការណ៍នេះ ក្នុងចំណោមពលរដ្ឋប្រមាណជាងមួយពាន់នាក់ ដែលបានផ្ដល់បទសម្ភាសន៍ ក្នុងនោះមាន៣៥ភាគរយ យល់ថាអំពើពុករលួយនៅតែកើនឡើង ខណៈ ២៨ភាគរយឆ្លើយថា ថយចុះ ចំណែក ៣១ភាគរយទៀតនិយាយថា នៅថេរ ឬនៅដដែល។
យ៉ាងណាក៏ដោយ របាយការណ៍ដដែលនេះ បង្ហាញពីចំនុចវិជ្ជមានមួយចំនួន ដោយថា ការសូកប៉ាន់ទាក់ទងនឹងការប្រើប្រាស់សេវាសាធារណៈ បានធ្លាក់ចុះ ដោយនៅឆ្នាំ២០១៣ ពលរដ្ឋ៦២ភាគរយថា ពួកគេបានសូកប៉ាន់ដើម្បីធ្វើអត្តសញ្ញាបណ្ណ និងសំបុត្រកំណើត ហើយចំនួននេះ បានធ្លាក់ចុះមកត្រឹម៣០ភាគរយនៅឆ្នាំ២០១៦។ ដូចគ្នានេះដែរ ពលរដ្ឋ៣៨ភាគរយ ថាខ្លួនបានបង់ប្រាក់សំណូកទៅមន្ទីរពេទ្យ នៅឆ្នាំ២០១៣ ហើយចំនួននេះបានថយចុះមក១៩ភាគរយ នៅឆ្នាំ២០១៦។
នាយកប្រតិបត្ដិអង្គការតម្លាភាព លោក ព្រាប កុល មានប្រសាសន៍បន្ថែមថា កម្រិតអំពើពុករលួយ មានការថយចុះគួរឲ្យកត់សម្គាល់ ពាក់ព័ន្ធនឹងការផ្ដល់សេវាសាធារណៈ បន្ទាប់ពីពីរាជរដ្ឋាភិបាលបានប្រកាសធ្វើកំណែទម្រង់ស៊ីជំរៅលើវិស័យចំនួន។ ប៉ុន្ដែលោកថា ចំពោះកំណែទម្រង់នៅថ្នាក់ជាតិវិញ គឺនៅមានកម្រិតនៅឡើយ។
លោកបន្ដថា មូលហេតុនាំឲ្យកម្ពុជានៅមានកម្រិតអំពើពុករលួយខ្ពស់ដូចនេះ គឺបណ្ដាលមកពីការរំលោភអំណាចរដ្ឋ ការគ្រប់គ្រងប្រព័ន្ធហិរញ្ញវត្ថុ និងថវិកាជាតិមិនសូវមានប្រសិទ្ធិភាព និងការរឹតត្បិតដល់សិទ្ធិមនុស្ស និងសេរីភាពសារព័ត៌មាននិងថា ជាហេតុធ្វើឲ្យបាត់កំណើនវិនិយោគ។
លោកថា៖ «របាយការណ៍នេះ យើងឃើញថា ការប្រឆាំងអំពើពុករលួយ ដោយការកាត់បន្ថយការសូកប៉ាន់ ឬការទទួលសំណូកពីប្រជាពលរដ្ឋ គឺមានប្រសិទ្ធិភាពគួរឲ្យកត់សម្គាល់ហើយ គ្រាន់ថានេះជាអំពើពុករលួយតូចៗ មួយជ្រុង។ ប៉ុន្ដែតាមរបាយការណ៍ CPI ឬសន្ទស្សន៍វាស់វែងអំពើពុករលួយឆ្នាំ២០១៦ គេផ្ដោតទៅលើអំពើពុករលួយធំៗ ដែលខ្ញុំបាននិយាយពីរឿងប្រព័ន្ធយុត្តិធម៌ ពុករលួយនយោបាយ ការវិនិយោគធំៗ ការគ្រប់គ្រងធនធានធម្មជាតិ ហើយនិងការគ្រប់គ្រងថវិកាជាតិ ពន្ធនាំចេញនាំចូលអាធំៗ ហ្នឹង នៅមិនទាន់មានភាពល្អប្រសើរគួរឲ្យកត់សម្គាល់ទេ»។
ពាក់ព័ន្ធនឹងការលើកឡើងរបស់អង្គការតម្លាភាពកម្ពុជានេះ វីអូឌីនៅមិនទាន់អាចសុំការស្រាយបំភ្លឺ ពីអ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក គៀត ច័ន្ទថារិទ្ធិ, អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន, និងប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ឱម យិនទៀង បានទេនៅឡើយទេ រហូតមកដល់ម៉ោងចេញផ្សាយនេះ។
ប៉ុន្តែ អ្នកនាំពាក្យគណបក្សប្រជាជន លោក សុខ ឥសាន បានច្រានចោលរបាយការណ៍នេះ ដោយថាគ្មានភស្ដុតាងជាក់ស្ដែងមកបញ្ជាក់។ លោកបន្ដថា រដ្ឋាភិបាលបានអនុវត្តកំណែទម្រង់ស៊ីជម្រៅ ដែលគិតមកទល់ពេលនេះ បានទទួលលទ្ធផលគួរជាទីគាប់ប្រសើរហើយ។
លោកថា៖ «អាហ្នឹង វាត្រូវបញ្ជាក់ឯកសារពីគាត់មកវិញថា គាត់មានភស្ដុតាងអី ដែលគាត់ចោទគេថា ប្រព្រឹត្ដអំពើពុករលួយ។ […]យើងមើលឃើញអំពីលទ្ធផល ហើយការងារក៏កាន់តែមានប្រសិទ្ធិភាព ហើយបង់ប្រាក់កម្រៃក្រៅផ្លូវការ ក៏វាថយចុះឬមួយក៏អត់មានតែម្ដង»។
ក្រោយការបោះឆ្នោតឆ្នាំ២០១៣ និងបន្ទាប់ពីមានការិះគន់យ៉ាងខ្លាំងពីសំណាក់អង្គការសង្គមស៊ីវិល បក្សប្រឆាំង និងម្ចាស់ជំនួយ រាជរដ្ឋាភិបាលកម្ពុជា ត្រូវបានមជ្ឈដ្ឋានទូទៅយល់ថា បានខិតខំយ៉ាងច្រើន ក្នុងការធ្វើកំណែទម្រង់ស្ថាប័នរដ្ឋមួយចំនួន ដូចជាក្រសួងអប់រំ ក្រសួងសេដ្ឋកិច្ច និងជុំវិញការផ្ដល់សេវាសាធារណៈជាដើម។
ដើម្បីប្រយុទ្ធប្រឆាំងអំពើពុករលួយឲ្យមានប្រសិទ្ធិភាព អង្គការតម្លភាពកម្ពុជា ក៏បានអំពាវនាវឲ្យរាជរដ្ឋាភិបាលបន្ដ ធ្វើកំណែទម្រង់នៅថ្នាក់ជាតិ និងបានផ្ដល់អនុសាសន៍មួយចំនួនដូចជា ជម្រុញឲ្យមន្ដ្រីរដ្ឋាភិបាលប្រកាសទ្រព្យសម្បត្តិនិងបំណុលជាសាធារណៈ អនុញ្ញាតឲ្យពលរដ្ឋចូលរួមក្នុងសកម្មភាពប្រយុទ្ធប្រឆាំងអំពើពុករលួយដោយគ្មានការភ័យខ្លាច និងធានានូវឯករាជ្យភាពស្ថាប័នតុលាការ និងអង្គភាពប្រឆាំងអំពើពុករលួយជាដើម។
កាលពីខែមករា អង្គការតម្លាភាពក៏បានចេញរបាយការណ៍មួយដែរ ស្តីពីស្ថានភាពអំពើពុករលួយនៅទូទាំងពិភពលោកសម្រាប់ឆ្នាំ២០១៦។ របាយការណ៍នោះឲ្យដឹងថា ស្ថានភាពអំពើពុករលួយនៅកម្ពុជា គឺជាប់ជាប់លេខ១៥៦ ក្នុងចំណោម១៧៦ប្រទេស នៅទូទាំងពិភពលោក ដែលស្ថិតនៅចំណាត់ថ្នាក់ទាបបំផុតទី៣ នៅតំបន់អាស៊ីប៉ាស៊ីហ្វិក និងជាប់ចំណាត់ថ្នាក់ក្រោមគេនៅតំបន់អាស៊ាន៕