លទ្ធផលអង្កេត៖ កម្ពុជាផ្សព្វផ្សាយព័ត៌មានថវិកាឆ្នាំ២០១៧បានតិចតួច

លទ្ធផលនៃការអង្កេតព័ត៌មានថវិកាដែលធ្វើឡើងដោយអង្គការអន្តរជាតិមួយទៅលើប្រទេសចំនួន១១៥ បង្ហាញថាប្រទេសកម្ពុជាក្នុងឆ្នាំ២០១៧កន្លងមក តម្លាភាពថវិកានិងការចូលរួមរបស់សាធារណៈជនមានកំរិតតិចតួច ចំណែក​ឯការត្រួតពិនិត្យថវិកាគឺនៅមានកំរិត។

របាយការណ៍បង្ហាញឲ្យឃើញថា សន្ទស្សន៍នៃការផ្សព្វផ្សាយព័ត៌មានថវិកា ប្រទេសកម្ពុជាទទួលបានពិន្ទុ ២០លើ១០០ ដែលគេចាត់ទុកថាទាបបំផុត។ ឯកសារសំខាន់ដែលគេមិនអាចរកបានហើយធ្វើឲ្យកម្ពុជាទទួលបានពិន្ទុបែបនេះ គឺសេចក្តីព្រាងច្បាប់ថវិកាប្រចាំឆ្នាំ និងរបាយការណ៍បំណាច់ឆ្នាំ។

ថ្លែងក្នុងសិក្ខាសាលាផ្សព្វផ្សាយ «ការអង្កេតព័ត៌មានថវិកា ឆ្នាំ២០១៧» កាលពីម្សិលមិញ មន្ត្រីកម្មវិធីសម្រាប់តំបន់អាស៊ី នៃអង្គការភាពជាដៃគូថវិកាអន្តរជាតិ (IBP) អ្នកស្រី Sally Torbert មានប្រសាសន៍ថា ក្រុមការងារអ្នកស្រីធ្វើការរងារនេះដោយផ្តល់ពិន្ទុលើការផ្សព្វផ្សាយព័ត៌មានទាក់ទងនឹងថវិកាតាមអនឡាញ ឬប្រព័ន្ធអ៊ីនធឺណែត របស់ក្រសួងពាក់ព័ន្ធ។

អ្នកស្រីថា៖ «អញ្ចឹងហើយនៅក្នុងចំណោមឯកសារ៨ហ្នឹង គឺឯកសារ២សំខាន់មែនទែន ហើយមានពិន្ទុច្រើនមែនទែន តែដល់ពេលយើងអត់អាចរកបានតាមប្រព័ន្ធអ៊ីនធឺណែត ធ្វើឲ្យពិន្ទុសូន្យតែម្តង»

VOD ព្រឹកនេះ សុំការឆ្លើយតបពីអ្នកនាំពាក្យទាំងបីរូបរបស់ក្រសួងហិរញ្ញវត្ថុមិនទាន់បាននៅឡើយ ដោយខ្លះកំពុងជាប់រវល់ និងមិនលើកទូរសព្ទ។

ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា លោក សន ជ័យ មានប្រសាសន៍ទាក់ទងនឹងបញ្ហានេះថា តម្លាភាពនៃព័ត៌មានដែលមហាជនទទួលបានទាក់នឹងថវិកានៅមានកំរិតគួរឲ្យបារម្ភ ដោយថា អាចដឹងបានតែព័ត៌មានដែលបានអនុម័តហើយប៉ុណ្ណោះ។

លោកថា «យើងដឹងច្រើនជាងគេរបាយការណ៍​ ឬព័ត៌មានថវិកា​ដែលគេអនុម័តហើយ បានន័យថា ចេញពីទីស្តីគណៈរដ្ឋមន្ត្រីទៅសភា។ អញ្ចឹងក្នុងចន្លោះហ្នឹងពេលវេលាដែលយើងទទួលបានវាខ្លី ហើយធ្វើឲ្យការពិគ្រោះយោបល់ពីសង្គមស៊ីវិល ពីតូអង្គជាអ្នកជំនាញពាក់ព័ន្ធហ្នឹងមានឱកាសតិចតួចទៅរដ្ឋសភា»

ទោះបីជាយ៉ាងណា ពិន្ទុនៃការផ្សព្វផ្សាយព័ត៌មានថវិកានៃប្រទេសកម្ពុជា មានការកើនឡើង១២ពិន្ទុ ចន្លោះឆ្នាំ២០១៥ និង២០១៧។

IBP ដែលសហការជាមួយ NGO Forum ធ្វើការអង្កេតលើការបើកទូលាយព័ត៌មានថវិកាជាតិកម្ពុជាតាំងពីឆ្នាំ២០០៨ ក៏បានផ្តល់អនុសសាន៍ដើម្បីពង្រឹងលើតម្លាភាពថវិកា ដោយថា ទី១ កម្ពុជាគួរផ្តល់អាទិភាពទៅលើការផ្សព្វផ្សាយសេចក្តីព្រាងច្បាប់ថវិកាប្រចាំឆ្នាំ និងរបាយការណ៍ចុងឆ្នាំឲ្យបានទាន់ពេលវេលា។ ចំណុចទី២ ពង្រីកវិសាលភាពនៃរបាយការណ៍សវនកម្មទៅគ្រប់ការចំណាយ រួមទាំងជំនួយ ផ្សេងៗពីខាងក្រៅ។ ចំណុចចុងក្រោយ រួមបញ្ចូលទាំងព័ត៌មានទំនាក់ទំនងទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលជាផ្នែកមួយនៃរបាយការណ៍ថវិកាសម្រាប់ប្រជាពលរដ្ឋ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ