ទឹក​ជំនន់​ជន់​​លិច​ផ្ទះ​ពលរដ្ឋ​ជាង​២០​ខ្នង​នៅ​ខេត្ត​ប៉ៃលិន​

ផ្ទះពលរដ្ឋ​ដែល​ត្រូវ​ទឹក​ជំនន់ជន់​លិច​(រូបភាពពី​ក្រសួង​ធនធាន​ទឹក​)

ក្រសួង​​ធន​ធាន​ទឹក និង​ឧតុនិយម បាន​ឲ្យ​ដឹង​ថា ​ផ្ទះ​ប្រជា​ពលរដ្ឋ​ជាង ២០​គ្រួសារ ​នៅ​ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​ ត្រូវ​បាន​លិច​លង់​ ក្រោយ​ពី​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ប៉ុន្មាន​ថ្ងៃ​ជាប់ៗ​គ្នា​។​

ក្រសួង​​បាន​ប្រកាស​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​​នៅ​ថ្ងៃ​ទី​២៨ ខែ​ឧសភា​នេះ​ថា​ ផ្ទះ​ពល​រដ្ឋ​ចំនួន ២៣​ខ្នង និង​កំណាត់​ផ្លូវ​លំ ១ខ្សែ​ប្រវែង​ជាង ១០០​ម៉ែត្រ ស្ថិត​នៅ​ភូមិ​ផ្ទះ​ស្បូវ​ ឃុំ​ស្ទឹង​ត្រង់ ត្រូវ​បាន​ទឹក​ជំនន់​ជន់​លិច​។​

ក្រសួង​ថា ​ការ​ជន់​លិច​នេះ​ដោយ​សា​ទឹក​ភ្លៀង​ធ្លាក់​ខ្លាំង​ក្នុង​កំរិត ​៤៥​មីល្លីម៉ែត្រ​។

ក្រសួង​ដដែល​នេះ ​បាន​ឱ្យ​ដឹង​ទៀត​ថា ​ពេល​នេះ មន្ត្រី​ជំនាញ និង​អាជ្ញាធរ​មូលដ្ឋាន​ កំពុង​ជួយ​អន្តរាគមន៍ បើក​ទ្វា​ទឹក​មួយ​ចំនួន​ដើម្បី​បង្ហូរ​កាត់​បន្ថយ​ការ​ជន់​​លិច​ផ្ទះ​អ្នក​ភូមិ​។​

យ៉ាង​ណា​ក៏​ដោយ ​អធិការ​រង​ស្រុក​សាលា​ក្រៅ​ លោក រី តារា បាន​ប្រាប់​វីអូឌី​ឱ្យ​ដឹង​ថា ​អាជ្ញាធរ​​មិន​ទាន់​មាន​វិធាន​ការ​ជម្លៀស​​ពលរដ្ឋ​ទៅ​កាន់​ទី​ទួល​មាន​សុវត្ថិ​ភាព​នៅ​ឡើយ​ទេ​ ដោយ​លោក​ថា ​តំបន់​នោះ​មាន​ការ​ជន់​​លិច​ជា​រៀង​រាល់​ឆ្នាំ​។​

គួរ​បញ្ជាក់​ថា​ កាល​ពី​ម្សិលមិញ​នេះ​ ក្រសួង​ធនធាន​ទឹក​បាន​ប្រកាស​ថា​ ចាប់​ថ្ងៃ​ទី២៨ រហូត​ ដល់​ថ្ងៃ​ទី ៣១​ឧសភា​នេះ​ នឹង​មាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ក្នុង​កំរិត​ច្រើន​នៅ​តាមតំបន់​​មាត់​សមុទ្រ តំបន់​ជួរ​ភ្នំ​ក្រវ៉ាញ និង​តំបន់​ខ្ពង់រាប៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ