ធន មករា ក្ដាប់តំណែងជើងឯក នៅប៉ុស្ដិ៍លេខ​៥

អ្នកប្រដាល់មកពី សមាគម​ប្រដាល់​ក្រសួងការពារជាតិ ធន មករា ទទួលជ័យជំនះក្នុងព្រឹត្តិការណ៍​ TV5 Knock Out Series By K-Cement

ការប្រកួត​​​​ផ្ដាច់ព្រ័ត្រនៅប៉ុស្ដិ៍លេខ​​៥កាលពីថ្ងៃទី​២៦ ​​​ឧសភា បានបញ្ចប់​​ដោយ​ភាពជោគជ័យក្រោមការ​គាំទ្រ​យ៉ាង​ណែនតាន់​តាប់​ពី​អ្នកទស្សនា​នៅសង្វៀន​ផ្ទាល់​ ​​​សម្រាប់ការប្រកួត​​​ដណ្ដើមជើង​ឯក​​​​​​ក្នុងប្រភេទទម្ងន់​​៥៧គីឡូក្រាម ​​​រវាងកីឡាករ​ជើងខ្លាំង​​៤រូប។ កីឡាករ​​​​​​៣រូប​ដណ្ដើមបានត្រឹមចំណាត់ថ្នាក់លេខ​​​​​២ លេខ​​៣ និងលេខ​៤ ក្នុងពេលដែល​​កីឡាករ​​វ័យក្មេង ​ធន មករា ​ដណ្ដើម​បានចំណាត់ថ្នាក់លេខ​​​​១ ​​​​​​ក្លាយខ្លួនជាជើង​ឯក​​​​រដូវ​​កាលថ្មី អមដោយទឹកប្រាក់​​​​​​​ដែលឈ្នះ​​យ៉ាងខ្ពស់ជាងគេ។

ការប្រកួត​​​យ៉ាង​ស្វិតស្វាញនៅក្នុងព្រឹត្តិការណ៍  TV5 Knock Out Series By K-Cement នោះ ​​ត្រូវគេដឹងថា បើការប្រកួត​បាន​​២​​រដូវកាល​មក​ហើយ ដោយ​​​ក្នុងមួយ​រដូវ​កាលប្រើ​ពេល​​​​​ប្រមាណជាង​​​៣ខែ ហើយ​​​កីឡាករដែល​ត្រូវ​ចូល​​រួមប្រកួត​ក៏​មានចំនួន​រហូតដល់​៣២​រូប ហើយតម្រូវអោយ​​​កីឡាករទាំង​នោះ​​ចាប់គូគ្នាប្រកួត​​​​​​​​ទម្លាក់​​​ម្ដង​​​​ពាក់កណ្ដាល​​ចោល។ ​ការប្រកួត​បានចាប់​ផ្ដើមពីការ​ប្រកួត​ចាញ់ធ្លាក់​​​​​​​​​​​​​​​​ៗ​ពី​​​៣២​នាក់មក​​​១៦​នាក់ និង​បន្ត​ពី​​១៦​​នាក់​យក​​៨​នាក់ ​និង​បន្ត​ពី​​៨នាក់​​​យក​​៤​នាក់​​​ ដើម្បី​​អោយ​អ្នកទាំង​​៤​​ឡើងប្រកួត​​ប៉ះគ្នា​​នៅវគ្គ​ចុងក្រោយ។ ​

ក្រោយប្រកួត​ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ​ កីឡាករ​​​​​​​​​​វ័យក្មេង​​​២​រូប គឺ​ធន មករា មកពីក្លិប​កងយុទ្ធពល​ខេមរភូមិន្ទ និង​កីឡាករ ​លន បញ្ញា ​មកពីក្លិបមហិទ្ធិតាដំបងដែក គឺជាសមាសភាព​​២នាក់​​​ដែល​​​បានឡើងប្រកួត​ប៉ះគ្នា​​​ ដើម្បីដណ្ដើ​ម​យក​តំណែង​​ជើងឯក​នៅប៉ុស្ដិ៍លេខ​​៥​។ ការប្រកួត​របស់ពួកគេ​ត្រូវបានធ្វើឡើង​​​​​​ប្រកប​ដោយភាពស្វិតស្វាញ និង​​​​ពោរពេញដោយការប្រឹង​ប្រែង​​រៀងៗខ្លួន ​ដោយសារតែម្នាក់ៗ​ដែល​បានឡើង​ប្រកួត​​​​​ប្រកប​ដោយឆន្ទៈចង់ឈ្នះ ហើយ​​​​​គឺអាច​និយាយបាន​​​​​​​​អ្នក​មានប្រៀប​ក៏​​ប្រើអត់សមត្ថភាព អ្នក​ចាញ់​​ពិន្ទុក៏បញ្ចេញអស់ថ្វីដៃ។ ​កីឡាបង្គោលក្រហម​​ ធន មករា បានក្លាយជាម្ចាស់ពាន ​​​​​​​និង​ទទួល​បានទឹកប្រាក់​​​ចំនួន​​៤ពាន់ដុល្លារ ខណៈដែល​កីឡាកររូបនេះ ក៏​ត្រូវគេមើលឃើញ​ទទួលបានជ័យជម្នះ​ដោយសារតែ​ការ​​​​​​​​​ប្រើអស់​បច្ចេកទេស​ ​​​​​​​ហើយ​​​​​​​​​​ឈាន​​​វាយរុល​ដោយមិនញញើតគូប្រកួត។

​​​លោក សេង កដិកា អ្នករៀបចំការប្រកួតបានអះអាងថា ការ​ប្រកួតដែលបានបញ្ចប់​បានធ្វើអោយកីឡាករ​​​​ខ្លាំង​​ៗដែលមានសមត្ថភាព​លេចចេញ​​​​​​ផ្លែ​ផ្កាគួរអោយ​កត់សម្គាល់ ជាពិសេស​នៅពេលដែល​​​​កីឡាករអ្នកឈ្នះ​គឺអាចនិយាយបាន​​​ជា​កីឡាករដែល​​​ក្នុងពេលប្រកួតជម្រុះដំបូងៗ​​ កីឡាកររូបនេះ មិនមានអ្នកជឿជាក់ច្រើនឡើយថាអាចទៅរួច។ លោកថាការប្រកួត​នៅក្នុងវគ្គ​នេះ ​​​​​​កីឡាករចូល​រួមទាំង​​​៣២​រូប សុទ្ធតែមានចម្រុះដោយ​កីឡា​ករជើង​ខ្លាំងៗ និងល្បីឈ្មោះ​​ ដោយ​​​​​ក្នុងចំណោមនោះ ​កីឡាករ​​​ជើងចាស់មួយចំនួនក៏បាន​​​លេចមុខ​ផងដែរ ប៉ុន្តែ​​​កីឡាករ​ទាំងនោះ​បែរជា​​ត្រូវ​​ជ្រុះ​បាត់​​​ម្ដង​​ម្នាក់ៗ​​​​​បន្ទាប់ពីការប្រកួតជម្រុះ​កាន់តែ​​​តម្រូវអោយកីឡាករ​​​ថ្មីៗ​​ត្រៀមខ្លួនខ្លាំងក្លា។

​ជាក់ស្ដែង​កីឡាករ​​​​​ជើងថ្មី​បានក្លាយជាអ្នក​​​ទម្លាក់កីឡាករជើងចាស់ និងក្លាយជាអ្នកកាន់ពាន​យ៉ាង​កាលពី ដែលលោកហៅ​ការ​កាន់ពានជើងឯករបស់កីឡាករ ធន មករា កាលពីថ្ងៃទី​​​២៦ ឧសភា ថា​ជា​​​​លទ្ធផលដែលធ្វើអោយកីឡាករជើងចាស់​​​​​​​​ផ្ដើម​ផ្អើល ហើយកុំមើល​​ស្រាលកីឡាករវ័យក្មេង។ ​​លោកថា​​​ម្ចាស់ពានដែលទើបរកឃើញ​​កាលពីវគ្គបញ្ចប់នេះ ​​​​មិនសូវមាន​បទពិសោធន៍ឡើងប្រកួត​ច្រើនទេ ប៉ុន្តែបើនិយាយពី​​​​​​សមត្ថភាព និង​​​​​​ការតស៊ូគឺមានខ្លាំង​ក្លា ទើប​​​នឹងក្លាយជាធនធាន​កីឡាករ​​កាន់តែប្រសើរ​​នាពេលអនាគត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ