តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​ជួប​លោក​ សម រង្ស៊ី នៅហ្វីលីពីន

តំណាងរាស្រ្ត​បក្ស​ប្រឆាំង លោក អេង ឆៃអ៊ាង​ និង​លោក យឹម សុវណ្ណ នៅលើយន្តហោះ មុន​ពេល​ចាកចេញទៅប្រទេស​ហ្វីលីពីន(រូបថតពីហ្វេសប៊ុក​របស់​លោក អេង ឆៃអ៊ាង)

តំណាងរាស្រ្តបក្សសង្គ្រោះជាតិមួយចំនួននៅថ្ងៃអង្គារនេះបានធ្វើដំណើរទៅកាន់ប្រទេសហ្វីលីពីន ដើម្បីជួបប្រធានបក្សរបស់ខ្លួន លោក សម រង្ស៊ី ពិភាក្សាកិច្ចការមួយចំនួន។

តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ បានឲ្យវីអូឌីដឹងថានៅថ្ងៃនេះតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ៥រូប ដែលរួមមានលោក ប៉ុល ហំម លោក យឹម សុវណ្ណ លោក អ៊ូ ច័ន្ធរិទ្ធិ លោក អេង ឆៃអ៊ាងនិងលោកស្រី មូរ សុខហួរ នឹងធ្វើដំណើរទៅកាន់ប្រទេសហ្វីលីពីនរយៈពេល២ថ្ងៃ ដើម្បីជួប លោកសម រង្ស៊ី។ លោកបញ្ជាក់ថាជំនួបនេះនឹងមានការពិគ្រោះទៅលើបញ្ហាជាក់ស្តែងដែលគណបក្សបានជួបប្រទះនិងរកមធ្យោបាយដើម្បីដោះស្រាយ។

លោកមានប្រសាសន៍ថា៖“ជាធម្មតាការជួបផ្ទាល់របស់មេដឹកនាំគណបក្សហ្នឹងគឺថាចង់ពិនិត្យរួមគ្នាមើល ទៅស្ថានភាពជាក់ស្តែងដែលកំពុងកើតមាននិងពិគ្រោះគ្នានិងរកមធ្យោបាយយ៉ាងណាដើម្បីដោះស្រាយបញ្ហាទាំងនោះ ដើម្បីឲ្យគណបក្សសង្គ្រោះជាតិនោះគឺអាចបំពេញការងារបានជាប្រក្រតី ហើយនិងជំរុញទៅដល់ការបោះឆ្នោតនៅពេលខាងមុខ”។

គួររំឭកថា លោក សម រង្ស៊ី បានកំពុងនិរទេសខ្លួនៅក្រៅប្រទេសគេចពីការចាប់ខ្លួន ចាប់តាំងពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៥ ក្រោយតុលាការចេញដីកាចាប់ខ្លួនរូបលោក ពាក់ព័ន្ធនឹងការបរិហាកេរ្តិ៍លោក ហោ ណាំហុង អតីតរដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា។ លោកកំពុងជាប់ពាក់ព័ន្ធនឹងសំណុំរឿងមួយចំនួនទៀត ក្នុងនោះមានសំណុំរឿងអតីតសមាជិកព្រឹទ្ធសភា លោក ហុង សុខហួរ ទាក់ទងនឹងបទសមគំនិតក្នុងអំពើក្លែងបន្លំឯកសារសាធារណៈ បណ្តឹងរបស់រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី លោក សោម សឿន ដែលបានប្តឹងលោកពីបទក្លែងលិខិតនៅលើហ្វេសប៊ុកនិងបង្ហោះអត្ថបទមានខ្លឹមសារមួលបង្កាច់ខុសពីការពិតនិងមួយទៀតបណ្តឹងរបស់លោក ហេង សំរិន ទាក់ទងនឹងការបង្ហោះវីដេអូលើហ្វេសប៊ុក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ