បទយកការណ៍៖ ពលរដ្ឋថាត្រពាំងឈូក​នៅ​តែ​ជា​កន្លែង​ចែក​ចាយ​ថ្នាំ​ញៀន​ ​ទោះ​បី​ជា​អជ្ញាធរ​ចុះ​បោសសម្អាត​ហើយ​ក៏​ដោយ

រំលឹកទៅ​​កាលពី​៤ខែ​មុន​រដ្ឋាភិបាល​កម្ពុជាបាន​បញ្ជារ​ឲ្យ​កងកម្លាំង​អាជ្ញាធរ​ចុះ​ទៅ​បោស​សម្អាតទី​តាំងដែល​ល្បី​ជា​យូរណាស់​មក​ហើយ​ដែល​ជា​កន្លែង​ចែក​ចាយ​ និង​ប្រើ​ប្រាស់​គ្រឿង​ញៀន​ដ៏​ធំ​នៅ​ភ្នំពេញ​នោះ​គឺ​ តំបន់ត្រពាំង​ឈូក។

​បត់​​តាម​ផ្លូវ​លំ​តូច​មួយ​មុខ​មន្ទី​រ​ពេទ្យព្រះ​កុសមៈ ហៅពេទ្យ​លោក​សង្ឃ អ្នក​នឹង​ឃើញ​មាន​ផ្សារ​ក្រមួន​មួយ ​ដែល​បើក​អាជីវកម្ម​យ៉ាង​អ៊ូរអរ​ពេល​ថ្ងៃ តែ​ស្ងប់​ស្ងាត់​និង​​គ្មាន​ពន្លី​ភ្លើង​បំភ្លឺ​ផ្លូវ​នាពេលរាត្រី​នោះ ហើយ​អ្វី​ដែលគួរ​ឲ្យ​ចាប់​អារម្មណ៍​គឺ​មាន​ផ្លូវ​តូច​ៗ​ ជាច្រើន​នៅ​តាម​ផ្លូវ​លំ​នោះ ដែល​ចូល​ទៅ​កាន់​ផ្ទះ​ពលរដ្ឋ ដែល​សាង​សង់​ដោយ​ឈើ និង​មាន​ផ្លូវ​ជាច្រើន​ខ្វាត់​ខ្វែង​នៅ​ខាង​ក្នុង​នោះ​ទៀត តំបន់​នោះ​ហើយ​ដែល​ជា​តំបន់​ត្រពាំង​ឈូក​ ដែល​​ត្រូវ​បាន​អាជ្ញាធរចុះ​ទៅ​បង្ក្រាប និង​រុះ​រើកាលពីខែ​កុម្ភះ​ឆ្នាំ​២០១៧។ បើ​ទោះ​បី​ជា​មាន​ការ​បង្ក្រាប​ និង​រុះ​រើ​ហើយ ​ក៏​ដោយ​​ពល​រដ្ឋដែល​រស់​នៅ​ និង​រកស៊ី​នៅ​ទី​នោះ​នៅ​តែ​​បង្ហាញ​ក្តី​បារម្ភ​ថា​ នៅ​តែ​កើត​មាន​ការ​ប្រើ​ប្រាស់​ នឹង​ចែក​ចាយគ្រឿង​ញៀន​ដដែល តែតូច​ៗ និង​​ស្ថិត​ក្នុង​រូបភាពក្នុង​ការ​ចែក​ចាយ​លាក់​លៀមជាង​មុន។

អង្គុយ​លើ​ម៉ូតូ និង​សុំ​មិន​ឲ្យ​​​បញ្ចេញ​ឈ្មោះ បុរស​វ័យ​កណ្តាល​អាយុ​៣៧​ឆ្នាំ ដែល​ជាអ្នក​រត់​ម៉ូតូ​ឌុប​ និង​រស់​នៅ​ក្នុង​តំបន់​នោះ​ថា​ ការ​ចែក​ចាយ​គ្រឿង​ញៀន​នៅ​ក្នុង​តំបន់​នេះ ​នៅ​តែ​បន្តកើត​មាន​ តែ​មិន​សូវ​សកម្ម​ដូច​ពី​មុន​នោះ​ទេនៅពេល​ថ្ងៃ តែ​ថានៅពេល​យប់ ​គឺ​មាន​អ្នក​ចែក​ចាយ​ឡើង​ទៅ​ផ្លូវខាង​​លើ​ដើម្បី​ធ្វើ​សកម្មភាព​ ដែល​ពេល​វេលា​នៃ​ការ​ចែកចាយ​នោះ​ចាប់​ពី​ម៉ោង៨​ល្ងាច​ទៅ។

លោក​ថា៖ «ជា​ពិសេស​ក្រោយ​ពេទ្យ​កន្លែង​ផ្ទះ​តាម៉ាប់​នោះ ច្រើង​ចង់​ងាប់បើ​ថា​បិទ​ៗ​ បាន​តែ​ខាង​ក្រោម​តែ​អាខាង​លើ​វា​នៅ​តែ​ដដែលហ្នឹង! តែ​ម៉ោង​៨​ វាចេញ​មក​ហើយ​រហូត​ដល់​ជិត​ភ្លឺ ដឹង​ហើយ​អ្នក​ធ្វើការ​គេ​ដឹង​គ្រប់​តែ​គ្នាហ្នឹង ហើយ​យើង​និយាយ​ទៅ​ វា​ពិបាក​វា​ប៉ះពាល់​គេ​វា​ម៉េច​កើត និយាយ​គ្នា​យើង​ចេះ​តែ​និយាយ​បាន​ហើយ​តែ​និយាយ​វែង​ឆ្ងាយ​ច្រើន​ហ្នឹង​វា​ពិបាក»។​

លោក​បារម្ភ​ថា ការ​នៅ​តែ​លាក់​លៀម​ និង​នៅ​តែមាន​ការ​ចែក​ចាយ​នេះ ​លោក​បារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន និង​អនាគត​របស់​កូន​របស់​លោក​ដែល​កំពុងសិក្សា លោកចង់​ឲ្យ​រដ្ឋាភិបាល​ធ្វើ​យ៉ាង​ណា​លុប​បំបាត់​គ្រឿង​ញៀន​នេះ​ចេញ​ឲ្យ​អស់​កុំ​ឲ្យ​មាន​ការចែក​ចាយគ្រឿង​ញៀន​នេះបន្តទៀត។

មិន​ហ៊ាន​បញ្ចេញ​ឈ្មោះ​ព្រោះ​ខ្លាច​ប៉ះពាល់​ដល់​ការ​រក​ស៊ី​របស់​ខ្លួន បុរស​វ័យ​ប្រហែល​៥០ម្នាក់​ ដែល​ជា​ម្ចាស់ហាង​គុយ​ទាវ​នៅ​ផ្សារ​បឹង​ឈូក​ឲ្យដឹងថា ​លោក​ឃើញ​មាន​ការ​ចែក​ចាយ​គ្រឿង​ញៀន​នៅ​តំបន់​នេះ​ស្ទើ​ជា​រៀង​រាល់​ថ្ងៃ ដោយ​មាន​ការ​លាក់​បាំង តែ​លោក​ថា​ លោក​មិន​ហ៊ាន​រាយការណ៍​ទៅ​អាជ្ញាធរ​ទេព្រោះ​ខ្លាច​មាន​បញ្ហា​ដល់​ក្រុម​គ្រួសារ​ខ្លួន។

លោក​ថា៖ «​តែខ្ញុំ​មិន​ស្គាល់​មុខ​ទេ! ឃើញ​ហុច​ឲ្យ​អញ្ចឹង​លួច​ហុច​ឲ្យអញ្ចឹង​ទៅ ជូន​ការ​តែ​តាម​ផ្លូវ​ជា​តិ​ក៏​មាន​ដែរ​អាផ្លូវធំៗ ខ្ញុំ​ឃើញ​តើ កញ្ចប់​តូច​ៗ​ប៉ុនហ្នឹង ​មាន​អីមាន​តែ​អា​ហ្នឹង! …គេ​លក់​ថ្នាំ​ញៀនមិន​គេ​ចង់​បាន​ចំណេញ​លុយ ហើយ​អូនឯង​មិន​ចង់​បាន​ចំណេញ​លុយ ហើយ​គេ​មិន​ចង់​បាន​ចំណេញ​លុ​យដូច​តែ​គ្នា ហើយ​យើង​ទៅ​រាយការណ៍​មិច រាយការណ៍​ប្រសិន​ជា​គេ​ស្អប់​យើង​ទៅ​ធ្វើ​មិច​ទៅ? គេ​រកស៊ី​អី​រកទៅ​អាហ្នឹង​សំខាន់​ទៅ​លើ​សមត្ថកិច្ចតើ!»។

បន្ទាប់​ពី​ចុះ​បង្ក្រាប​កាលពី​ខែ​កុម្ភះ​ឆ្នាំ២០១៧មក ​ទីតាំង​សន្តិសុខមួយ ​ត្រូវ​បាន​ដាក់​នៅប្រចាំការក្បែរ​តំបន់​​នោះ​​ដែល​​​មាន​ប្រជា​ការ​ពារ​នៅ​ចាំ​​យាម​២៤​ម៉ោង ដើម្បីទទួល​ការ​រាយការណ៍​ពី​ប្រជា​ជន​ពី​បទ​ល្មើស​​គ្រឿង​ញៀន​នេះ។

អង្គុយ​និយាយ​គ្នា​នៅ​ក្នុង​ទីស្នាក់​ការ​បញ្ជារ​ការ​ស្រាល​នៅ​តំបន់​ត្រពាំង​ឈូក ប្រជា​ការ​ពារ​ដែល​នៅ​ប្រចាំ​ការ​នៅ​តំបន់នោះ​​លោក ជុំ រស្មី អាយុ​៥១ឆ្នាំ បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​វី​អូ​ឌី​ថា លោក​ទទួល​ស្គាល់​ថា​ បញ្ហា​គ្រឿ​ង​ញៀន​នៅ​តំបន់​នេះ ​គឺ​មិន​ទាន់​បាន​បង្ក្រាប​បាន​ទាំង​ស្រុង​នោះ​ទេ ដោយ​ថា​តំបន់​នេះ​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​ខណ្ឌចំនួន​២ គឺ​ខណ្ឌ​ទួលគោក និង​ខណ្ឌ​សែន​សុខ។ តែ​ទោះ​ជាយ៉ាង​ណាលោក​បាន​អះ​អាងគ្រឿង​ញៀន​នៅ​តំបន់​បឹង​ឈូក​នេះ​ ត្រូវបា​ន​ដោះ​ស្រាយ​បាន​៨៥%​ហើយ។

លោកថា៖ ​«យើង​មិន​អាច​ទៅ​ឃាត់​ឃាំង​គាត់​បាន​ទេ នៅ​តាម​ព្រំ​ប្រទល់សាធារណៈសមត្ថកិច្ច​ខណ្ឌ​ទួល​គោក វា​មាន​កន្លង​មក​ មាន​ខ្លះ​រប៉ាត់​រប៉ាយ​អី​អញ្ចឹង អា​ហ្នឹង​ខណ្ឌ​ទួល​គោក តែ​ខាង​ខ្ញុំ​នេះ​ខណ្ឌ​សែន​សុខ អត់​មាន​ទេ អត់​មាន​ឆ្វេក​ឆ្វាច​ចេញ​តាម​ថ្នល់​ទេ គឺ​អត់​មាន។ ភាគច្រើន​ចេញ​ម៉ោង១១ ម៉ោង​១២ អី​អញ្ចឹង​យប់​យូរ​ដែរ។ ខាង​លើ តែ​ខាងក្រោម​នេះអត់​មាន​ទេ បើ​ក្នុង​នោះ​យូរ​ៗ​មាន​ម្តង​ដែរ​មិន​អត់​សោះ​ទេ»។

ប្រធាន​មជ្ឈមណ្ឌល​ប្រជា​ពលរដ្ឋដើម្បី​អភិវឌ្ឍន៍និង​សន្តិ​ភាពលោកយង់គឹមអេង ថា​បញ្ហា​គ្រឿង​ញៀន​​ដែល​នៅ​តែ​បន្ត​នៅ​តំបន់​បឹង​ឈូកនេះ ​ព្រោះ​ក្នុង​យុទ្ធ​នាការ​​ដែលធ្វើកន្លង​មក​នោះ​មិន​ទាន់មាន​ព័ត៌មាន​ពី​ការ​​ចាប់​បាន​មេខ្លោង​ធំណាម្នាក់​មក​ធ្វើ​ការ​ផ្តន្ទាទោសនោះ​ទេ ដែល​ធ្វើឲ្យ​មេខ្លោង​ធំៗ​ទាំង​នោះ​នៅ​តែ​ប្រើ​ប្រាស់​តំបន់​នេះ​ចែក​ចាយ​ដដែល។ លោក​ថា​ បញ្ហា​នេះ​អាច​បណ្តាល​មក​ពីមេខ្លោង​គ្រឿង​​ញៀន​​នោះ​មាន​ខ្នង​បង្អែក​ធំ​ៗ ដើម្បី​ការ​ពារ​ការចែក​ចាយ​គ្រឿង​ញៀន​នៅ​តំបន់​នេះ។

លោក​ថា៖ «ខ្ញុំ​គិត​ថា​ ប្រហែល​ជា​ឈ្មួញ​ជួញដូរ​ធំ​ៗ​ហ្នឹ​ង​ គេ​មិន​បាន​ចេញ​មុខគេ​ប្រើ​តែ​កូន​ចៅ​តូច​តាច​របស់​គេមួយ​ចំនួន​ចែក​ចាយ​អញ្ចឹង​ទៅ ដែល​ធ្វើ​ឲ្យ​ពិបាក​ស្វែង​រក​ចាប់​អា​នេះ​ទី​មួយ រឿង​ទី​ពីរ​ទៀត​ ទំនង​ជា​ឈ្មួញ​ជួញ​ដូរ​ហ្នឹង​គាត់​មាន​ខ្នង​ធំៗ​ដែរ ដែល​ធ្វើ​ឲ្យអាជ្ញាធរ​ពិ​បាក​ក្នុង​ការ​បង្ក្រាប​»។

បើ​តាម​លោក គឹមអេង ដើម្បីដោះស្រាយ​បញ្ហា​គ្រឿង​ញៀន​នៅ​តំបន់​នោះ​ គឺ​ត្រូវ​រៀប​ចំ​សន្តិសុខ​ជា​ប្រចាំនិង​ត្រូវ​ស្វែង​រកអ្នក​ដែល​ចែក​ចាយ និង​មេខ្លោងគ្រឿង​ញៀន​នៅ​តំបន់​នោះ​យក​មក​ផ្តន្ទាទោស ជា​ពិសេសគួរ​តែ​ជម្រុញ​ទឹក​ចិត្ត​ប្រជា​ជន​ឲ្យ​បង្កើត​ជា​សហគមន៍ ដើម្បី​តាម​ដានពី​ការ​ចេញ​ចូល​និង​កំណត់​មុខសញ្ញា​រាយការណ៍​ទៅ​សមត្ថកិច្ច ហើយ​អាជ្ញា​ធរ​មូល​ដ្ឋាន​គួរ​តែ​មាន​ទំនាក់​ទំនង​ល្អជា​មួយពល​រដ្ឋ​នៅ​តំបន់​នោះ។

គួររំលឹក​ផង​ដែរ​ថា កាលពីចុង​ខែ​មករា​ កន្លងទៅ​រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​លោក ស ខេង បានបញ្ជា​ឲ្យ​អាជ្ញាធរ​រាជធានីភ្នំពេញ សហការ​ជា​មួយអាជ្ញាធរ​ជាតិប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​បង្ក្រាប​គ្រឿង​ញៀន​នៅ​តំបន់​ត្រពាំង​ឈូកឲ្យ​បាន​ក្នុង​រយៈពេល​១ខែ លើសពី​នេះ​លោក​ក៏​បាន​បញ្ជា​ឲ្យ​តាម​រក​ចាប់​ខ្លួន​មេខ្លោង​ជួញ​ដូរ​នៅ​តំបន់​នេះផង​ដែរ តែ​ក្នុង​យុទ្ធនាការ​របស់​រដ្ឋាភិបាល​នេះ​មិន​ទាន់​ចាប់​ខ្លួន​មេខ្លោង​ណា​ម្នាក់​នៃ​តំបន់​ត្រពាំង​​ឈូក​បាន​នៅ​ឡើយ​ទេ។

ងាក​​ទៅ​កាន់​​យុទ្ធនាការ​បង្ក្រាប​គ្រឿង​ញៀន​របស់​រដ្ឋាភិបាល​វិញ ក្នុង​រយៈពេល​៦​ខែ​ដើមឆ្នាំ​២០១៧​នេះ ​សមត្ថ​កិច្ច​បាន​អះ​អាង​ថា ​ខ្លូនបង្ក្រាបបានជាង​៥ពាន់​ករណី និងឃាត់ខ្លួនមនុស្សបានជាង៩ពាន់​នាក់​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ