គ.ជ.ប សម្តែងការសោកស្តាយចំពោះការវាយតម្លៃអវិជ្ជមាន​ពី​ស្ថានភាពបោះឆ្នោត

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សម្តែងការសោកស្តាយ​ចំពោះ​ការវាយ​តម្លៃ​មិន​ត្រឹមត្រូវ​អំពី​ដំណើរ​ការរៀបចំការបោះឆ្នោតនៅ​កម្ពុជា​ ដោយថា​គ្មាន​ព្រឹត្តិការណ៍​ជាក់ស្តែង​មក​បញ្ជាក់​ការ​ពិតនិង​ធ្វើឲ្យ​សាធារណជនមានការយល់ច្រឡំ លើលទ្ធផលនៃការរាប់សន្លឹកឆ្នោត។

ក្នុង​សេចក្តីថ្លែងការណ៍ចុះថ្ងៃទី២៧​ ខែមិថុនា ឆ្នាំ២០១៧ ម្សិលមិញ គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បើឆ្នោត​បានបញ្ជាក់ថា ​គ្មានការបោះឆ្នោតណាមួយដែលរៀបចំបានល្អឥតខ្ចោះ​មួយរយ​ភាគ​រយ​នោះទេ​ ទោះបីនៅប្រទេសដែលអភិវឌ្ឍន៍ខ្លាំងក៏ដោយ។ គ.ជ.ប ចាត់​ទុក​ថា​ការ​វាយ​តម្លៃ​អវិជ្ជមាន​ពី​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​ ជាការ​លើក​ឡើង​ដោយ​គ្មាន​ភស្ភុតាង គ្មាន​មូល​ដ្ឋាន​ច្បាប់​ត្រឹម​ត្រូវ និង​ធ្វើ​ឲ្យ​ប្រជា​ពល​រដ្ឋ​ភ័ន្តច្រឡំ។

គ.ជ.ប លើក​ឡើង​ទៀត​ថា គ្រប់​បញ្ហា​ដែល​កើត​ឡើង​នៅ​ក្នុង​ពេល​បោះឆ្នោត និង​រាប់​សន្លឹក​ឆ្នោត​នោះ​មិន​មានបណ្តឹង​ណាមួយ​ធ្ងន់​ធ្ងរ​នោះ​ទេ ហើយ​ថារាល់​បណ្តឹង​ទាំង​នោះ​ គជប ធ្វើ​ការ​ដោះ​ស្រាយ​ដោយ​ត្រឹម​ត្រូវ និង​មាន​តម្លាភាព​បំផុត។

ក្នុង​សេចក្តីថ្លែង​ការ​នោះដែរ គ.ជ.ប បាន​អំពាវនាវ​ឲ្យ​គ្រប់​ភាគី​ពាក់​ព័ន្ធ និង​ប្រជា​ពល​រដ្ឋ​ទាំង​អស់​រក្សាភាព​ស្ងប់​ស្ងាត់​ក្រោយព្រឹត្តិការ​ណ៍​បោះឆ្នោត​នេះ​ ដើម្បី​រក្សា​សន្តិសុខ និង​ភាព​ស្ងប់​ស្ងាត់​សម្រាប់​ប្រទេស​ជាតិ។

កាលពី​ថ្ងៃទី​១២មិថុនា អង្គការឃ្លាំ​មើល​សិទ្ធិមនុស្ស​អន្តរជាតិ (Human Rights Watch) បាន​ចេញ​សេច​ក្តី​ថ្លែង​ការ​ណ៍​របស់​ខ្លួនថា ការ​បោះឆ្នោតឃុំ​សង្កាត់​​ឆ្នាំ​២០១៧នៅ​កម្ពុជា មិន​ពេញ​លក្ខណៈនៃ​ការ​បោះឆ្នោត​ប្រជា​ធិបតេយ្យ​នោះ​ទេ ដោយ​សារមាន​ការ​គំរាម​ទៅ​លើ​បក្ស​ប្រឆាំង និង​សង្គម​ស៊ីវិលមុន​ការ​បោះឆ្នោត ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​មិន​ស្មើ​​ភាព​គ្នា ការ​ចេញ​មក​បោះឆ្នោត​ដោយ​ទាហាន​ដែល​ស្ថិត​ក្នុង​ឯក​សណ្ឋាន និង​ការបាត់​បង់​សំឡេង​របស់​កម្ម​ករ​ចំណាកស្រុក​ ក៏ដូច​ជា​កម្មករ​រោងចក្រ​នៅ​ក្នុង​ស្រុកជាដើម​៕

ម៉ាប់ ស៊ុយ

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ