បទយកការណ៍៖ អ្នក​បើក​ទូកដឹកភ្ញៀវនៅកាំពីបារម្ភ​​បាត់​បង់​មុខ​របរ ​បន្ទាប់​ពីសង់​ទំ​នប់វារីអគ្គិសនី ​ដន សាហុង​

ទូកដឹកភ្ងៀវនៅកាំពី

ភ្នែកសំឡឹងមើលទៅលើផ្ទៃទឹកដែលកំពុងតែហូរនិងចាំងពន្លឺព្រិចៗ បុរសដែលមានស្នាមជ្រីវជ្រួញនៅលើផ្ទៃមុខម្នាក់កំពុងអង្គុយលើកៅអីក្រោមម្លប់ឈើដើម្បីចាំដឹកភ្ញៀវទេសចរណ៍ ដែលមានបំណងទៅទស្សនាសត្វផ្សោតនៅអន្លង់ផ្សោតកាំពី។ ស្ថិតក្នុងវ័យ៦៣ឆ្នាំ លោក ស ហួត ចាប់ផ្តើមប្រកបមុខរបរជាអ្នករត់ទូកមានរយៈពេលជាង២ឆ្នាំមកហើយ។

លោក ស ហួត មានប្រសាសន៍ថារបរនេះផ្តល់ប្រាក់កម្រៃល្មម ដើម្បីផ្គត់ផ្គង់ការរស់នៅបាន។ លោកថាលោកអាចរកបាន១ម៉ឺនប្រាំពាន់រៀលក្នុងមួយជើង ហើយថ្ងៃខ្លះលោកអាចរត់បានលើសពីមួយជើងក្នុងមួយថ្ងៃ។ ដោយឡែក លោកបន្តថានៅរដូវវស្សាមិនសូវមានភ្ញៀវមកកំសាន្តប៉ុន្មានទេ ដូច្នេះលោកអាចបើកបានតែមួយជើងប៉ុណ្ណោះក្នុងមួយថ្ងៃ។

លោកមានប្រសាសន៍ថា៖ ចាប់ពីខែតុលាឡើងទៅដល់ខែធ្នូ អាហ្នឹងភ្ញៀវរៀងសម្បូរបន្តិច។ យើងអាចចរាចរទៅមកជូនគាត់បាន១ជើង(ឬ)២ជើងក្នុងមួយថ្ងៃ ប៉ុន្តែបើចាប់ពីខែឧសភាមកគឺដាច់ ជួនកាលពីរថ្ងៃបានបាន១ជើងអីញ្ចឹងទៅ។ ភ្ញៀវដែលសម្បូរគឺចាប់ពីខែកុម្ភៈមក”។

ជីវភាពរបស់បុរសវ័យចំណាស់ម្នាក់នេះពឹងផ្អែកតែមួយមុខលើការបើកបរទូក ដោយគាត់បានបោះបង់ការងារជាអ្នកនេសាទ និងធ្វើចម្ការ។ លោក ស ហួត ក៏បានសម្តែងការព្រួយបារម្ភអំពីការបាត់បង់សត្វផ្សោតនិងភ្ញៀវទេសចរណ៍ បន្ទាប់ពីមានការសាងសង់ទំនប់វាវីអគ្គិសនី ដន សាហុង។

ដៃទាញក្រមាដែលបង់នៅនឹងកយកមកជូតញើសបណ្តើរនិយាយបណ្តើរ លោកមានប្រសាសន៍បន្តថា៖ បើសិនជាបាត់បង់ផ្សោត បាត់បង់ត្រីអីទៅហ្នឹង ប្រហែលជាអត់មានអីមើល ព្រោះក្រចេះយើងហ្នឹងសំខាន់ជាងគេគឺសត្វផ្សោតហ្នឹងហើយ។ ភ្ញៀវបរទេសសំដៅមកគឺសត្វផ្សោតហ្នឹងហើយ។ ខ្ញុំបារម្ភជាងគេទី១គឺខ្លាចបាត់បង់មច្ឆាជាតិ ទី២គឺខ្លាចបាត់បង់សត្វផ្សោត សត្វដែលកម្រ។ អញ្ចឹងការព្រួយបារម្ភរបស់ខ្ញុំ ប្រសិនជាអាចហាមឃាត់គេធ្វើបាន គួរកុំឲ្យធ្វើ ប្រសិនគេធ្វើទៅហើយ យើងមិនដឹងជាហាមឃាត់របៀបម៉េចទេ”។

មានប្រសាសន៍ស្រដៀងគ្នានឹងលោក ស ហួត អនុប្រធានសមាគមន៍ទូកនិងជាអ្នកបើកបរទូកលោក ស៊ សុខជា ក៏បានបង្ហាញពីក្តីបារម្ភចំពោះការសាងសង់ទំនប់វារីអគ្គិសនី ដន សាហុង។ លោកថាការសាងសង់នេះអាចនឹងធ្វើឲ្យបាត់បង់សត្វផ្សោតនិងប៉ះពាល់ដល់មុខរបរចិញ្ចឹមជីវិតរបស់លោកនៅថ្ងៃខាងមុខ។

និយាយទាំងទឹកមុខញញឹមនិងចេញស្នាមជ្រួញនៅតាមកន្ទុយភ្នែកផងនោះ បុរសវ័យ៦៨ឆ្នាំរូបនេះមានប្រសាសន៍ថា៖ ផ្សោតនេះអាចធ្វើឲ្យជីវភាពពួកខ្ញុំជាអ្នករត់ទូកធូរធារមួយកម្រិតដែរ តែបើបាត់បង់ភ្ញៀវមិនបានមកមើលទស្សនា ខ្ញុំរកលុយអត់បាន”។

អ្នកបើកទូកដឹកភ្ញៀវនៅកាំពី
អ្នកបើកទូកដឹកភ្ញៀវនៅកាំពី

ទំនប់ ដន សាហុង មានទីតាំងនៅខេត្តចំប៉ាសាក់ ប្រទេសឡាវ ដែលសាងសង់នៅលើខ្សែទឹកហួសាហុង ចន្លោះ ដន សាហុង និងកោះ ដន សាដាម ដែលជាខ្សែទឹកដ៏សំខាន់មួយរបស់ទន្លេមេគង្គ។

ខ្សែទឹកហួសាហុងគឺជាខ្សែទឹកដ៏សំខាន់មួយនៃទន្លេ ហើយវាជាកន្លែងឆ្លងកាត់តែមួយដែលត្រីអាចបំលាស់ទីនៅចុងខែប្រាំង។ ទំនប់នេះមានចំងាយប្រហែល២គីឡូម៉ែតពីព្រំដែនកម្ពុជា-ឡាវ។

ទន្លេមេគង្គហូរកាត់ប្រទេសកម្ពុជាចាប់ពីខោន(ខេត្តស្ទឹងត្រែង)ដល់ព្រំប្រទល់វៀតណាម។ ព្រែកកាំពីគឺជាដៃទន្លេមួយក្នុងចំណោមដៃទន្លេមេគង្គសំខាន់ៗទាំងឡាយនៅក្នុងប្រទេសកម្ពុជា។

នៅក្នុងឆ្នាំ២០០៨ រដ្ឋាភិបាលឡាវបានចុះកិច្ចសន្យាជាមួយនឹងក្រុមហ៊ុនរបស់ប្រទេសម៉ាឡេស៊ីក្នុងការសាងសង់ទំនប់វារីអគ្គិសនី ដន សាហុង ប្រវែង៧គីឡូម៉ែតនិងមានកម្ពស់ពី២២.៥ម៉ែត ដែលមានកម្លាំង២៦០មេហ្គាវ៉ាត់។ រដ្ឋាភិបាលឡាវបានសម្រេចអនុញ្ញាតឲ្យមានការសង់ទំនប់នេះនៅខែកញ្ញាឆ្នាំ២០១៥ ហើយការសាងសង់បានចាប់ផ្តើមនៅខែធ្នូឆ្នាំ២០១៥។

ទំនប់វារីអគ្គិសនី ដន សាហុង នឹងបិទច្រកតែមួយគត់ដែលត្រីអាចបំលាស់ទីបានក្នុងរដូវប្រាំង ដែលការនេះនឹងបង្កជាហានិភ័យដល់ធនធានជលផលនិងផលចាប់ត្រីទឹកសាបដែលមានផលិតភាពខ្ពស់ជាងគេលើសាកលលោក។ យោងតាមអង្គការមូលនីធិសត្វព្រៃពិភពលោក(WWF)ឲ្យដឹងថាទំនប់នេះនឹងធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ជីវភាពប្រជាជនចំនួន៦០លាននាក់ដែលកំពុងរស់នៅតំបន់នៃអាងទន្លេមេគង្គក្រោម។ ក្នុងរបាយការណ៍មួយរបស់ WWF បង្ហាញថាទន្លេមេគង្គមានសត្វផ្សោតប្រមាណជា៨០ក្បាលត្រូវបានប្រមាណថាកំពុងរស់នៅក្នុងប្រទេសកម្ពុជា។

សត្វផ្សោតត្រូវបានអង្គការ IUCN ចាត់ថ្នាក់ជាសត្វកម្រជិតផុតពូជពីក្នុងពិភពលោក។ ដោយឡែកនៅកម្ពុជាវាត្រូវបានចាត់ទុកថាជាបេតិកភណ្ឌមានជីវិតមួយដែលកំពុងស្រូបទាញយកទេសចរណ៍មកទស្សនាកម្សាន្តនិងផ្តល់ការងារនិងប្រាក់ចំណូលដល់ប្រជាពលរដ្ឋនិងជាតិផងដែរ។

លោក ឈិត សំអាត នាយកអង្គការមូលនិធិសត្វព្រៃពិភពលោក WWF ប្រចាំប្រទេសកម្ពុជាសម្តែងការព្រួយបារម្ភចំពោះគម្រោងអភិវឌ្ឍន៍ទំនប់វារីអគ្គិសនីនានានៅតាមដងទន្លេមេគង្គ។ លោកបន្តថាការសាងសង់ទំនប់វារីអគ្គិសនីអាចមានផលប៉ះពាល់ទៅលើត្រីនិងផ្សោតព្រមទាំងជីវភាពប្រជាពលរដ្ឋ។

លោកមានប្រសាសន៍ថា៖ ការសាងសង់ទំនប់វារីអគ្គិសនីនេះគឺជាឧបសគ្គមួយយ៉ាងធំធេងក្នុងការគំរាមកំហែងទៅដល់ការបាត់បង់ប្រភេទពូជសត្វផ្សោតរបស់ប្រទេស(កម្ពុជា)យើង…”។

បច្ចុប្បន្នអង្គការមូលនីធិសត្វព្រៃពិភពលោកមានគម្រោងមួយចំនួនដែលធ្វើការទៅលើបញ្ហានេសាទខុសច្បាប់តាមដងទន្លេមេគង្គនិងគម្រោងដែលជួយបង្រៀនវិជ្ជាជីវៈកសិកម្មដល់ប្រជាពលរដ្ឋ ដើម្បីឲ្យពួកគាត់អាចបង្កើនមុខរបរកសិកម្មផ្សេងៗក្រៅពីពឹងផ្អែក។

លោក ស ហួត បានសំណូមពរឲ្យរដ្ឋាភិបាលជួយដោះស្រាយបញ្ហាដែលអាចកើតមាន បន្ទាប់ពីសាងសង់ទំនប់រួចដូចជាការចុះមកបណ្តុះបណ្តាលវិជ្ជាជីវៈទាក់ទងនឹងរបរកសិកម្ម។

លោកថា៖ សំណូមពររបស់ខ្ញុំគឺសុំឲ្យរាជរដ្ឋាភិបាលជួយគិតគូរ ជួយដោះស្រាយ ជួយរកមុខរបរណាមួយសម្រាប់ប្រជាជននៅខាងក្រោមៗ(ទន្លេមេគង្គ) ឲ្យគាត់មានជីវភាពសមរម្យដូចជា(បច្ចេកទេស)ដាំបន្លែឬក៏ចឹញ្ជឹមត្រីឬក៏ធ្វើកសិកម្មស្រែចម្ការ (ហើយ) មានបើកវគ្គបណ្តុះបណ្តាលដូចជាការចិញ្ចឹមកង្កែប អន្ទុងអី! គឺខ្ញុំចង់បានអាហ្នឹង”៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ