លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងអរគុណនៅចំពោះមុខប្រធានរដ្ឋសភាវៀតណាម ដោយថាបានជួយសម្រួលដល់ប្រជាពលរដ្ឋខ្មែរបានទៅពិនិត្យនិងព្យាបាលជំងឺនៅក្នុងប្រទេសមួយនេះ។
កាលពីថ្ងៃទី២៧ ខែកញ្ញា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជួបជាមួយប្រធានរដ្ឋសភាវៀតណាមនៅវិមានសន្តិភាព ដើម្បីជជែកពិភាក្សាលើចំណុចផ្សេងៗដែលពាក់ព័ន្ធនឹងទំនាក់ទំនងនៃប្រទេសទាំងពីរ។ ក្នុងការឱកាសនៃជំនួបនោះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានថ្លែងអំណរគុណដល់ភាគីវៀតណាម ដែលបានឲ្យពលរដ្ឋខ្មែរបានទៅពិនិត្យនិងព្យាបាលជំងឺ។ នេះបើតាមហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ហ្វេសប៊ុកនោះសរសេរថា៖ «ជូនចំពោះប្រជាជននិងរដ្ឋាភិបាលវៀតណាមដែលកន្លងមកជួយសម្រួលឲ្យប្រជាជនកម្ពុជាយើងបានឆ្លងទៅពិនិត្យនិងព្យាបាលជំងឺនៅក្នុងប្រទេសវៀតណាម ជាពិសេសប្រជាជនដែលកំពុងរស់នៅតាមព្រំប្រទល់»។
ប្រធានរដ្ឋសភាវៀតណាមលោកស្រី ង្វៀន ធីគឹមងិន មកបំពេញទស្សនកិច្ចនៅកម្ពុជាចំនួន២ថ្ងៃ គឺថ្ងៃទី២៧និង ២៨ខែកញ្ញា។ សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋសភាកម្ពុជាបញ្ជាក់ថា ការមកបំពេញទស្សនកិច្ចនេះ ដើម្បីពង្រឹង ចំណងមិត្តភាពប្រទេសទាំងពីរ។
តាមរបាយការណ៍របស់ក្រសួងសុខាភិបាលគឺពលរដ្ឋខ្មែរទៅព្យាបាលជំងឺនៅក្រៅប្រទេសមាន១%។ ប៉ុន្តែអ្នកតាមដានការអភិវឌ្ឍសង្គមអះអាងថាចំនួនពលរដ្ឋខ្មែរទៅព្យាបាលជំងឺនៅក្រៅប្រទេសមានច្រើនលើសលប់ដោយសារមិនសូវទុកចិត្តសេវាសុខាភិបាលនៅកម្ពុជា ទើបពលរដ្ឋខ្មែរដែលមានជីវភាពធូរធាឬអ្នកមានអំណាចទៅព្យាបាលជំងឺនៅសិង្ហបុរី អ្នកមានទ្រព្យល្មមទៅថៃ ហើយអ្នកដែលមិនសូវមានទ្រព្យច្រើនទៅវៀតណាម។
អ្នកនាំអ្នកជំងឺទៅព្យាលនៅក្នុងប្រទេសថៃនៅតែក្នុងខេត្តមួយគឺខេត្តសុរិន្ទបានអះអាងថា ពលរដ្ឋខ្មែរបានទៅព្យាលបាលជំងឺនៅទីនោះជាមធ្យមក្នុង១ថ្ងៃមាន៥ទៅ៧០០នាក់៕