លោក កឹម សុខា ថាលោកសុខចិត្តអង្វរ ឲ្យតែមានការដោះលែងអ្នកជាប់ឃុំ

ប្រធានគណបក្ស​សង្រ្គោះជាតិ លោក កឹម សុខា​

លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិលើកឡើងថា លោកសុខចិត្តអង្វរឲ្យតែមានការដោះលែងអ្នកជាប់ឃុំ មានថ្នាក់ដឹកនាំនិងសកម្មជនបក្សសង្គ្រោះ មន្រ្តី គ.ជ.ប មន្រ្តីអង្គការសង្គមស៊ីវិល និងសកម្មជនដីធ្លី។

ថ្លែងទៅកាន់សាច់ញ្ញត្តិអ្នកជាប់ឃុំនិងសកម្មជនរបស់គណបក្សសង្គ្រោះជាតិក្នុងពិធីបង្សុកូលនៅទីស្នាក់ការបក្សកាលពីថ្ងៃទី២៧កញ្ញា លោក កឹម សុខា មានប្រសាសន៍ថាលោកនឹងព្យាយាមសហការដើម្បីឲ្យមានការដោះលែងអ្នកជាប់ឃុំទាំងនោះ ទោះបីជាឲ្យលោកទទូចអង្វរក៏ដោយ។

លោកថ្លែងថា៖ “ហើយខ្ញុំនៅតែព្យាយាមអញ្ចឹង សហការ ទោះបីខ្ញុំទទូចអង្វរ ក៏ខ្ញុំសុខចិត្តអង្វរដែរ ធ្វើម៉េចឲ្យបានដោះលេងបងប្អូនយើងទាំងអស់ដែលជាសកម្មជន ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិក៏ដូចជាសកម្មជនអង្គការក្រៅរដ្ឋាភិបាលឬក៏អ្នកតស៊ូទាំងឡាយ ដើម្បីការពារសិទ្ធិសេរីភាពដីធ្លី ក៏ដូច គ.ជ.ប ហ្នឹង ខ្ញុំនឹងព្យាយាមតទៅទៀត ខ្ញុំសំណោមពរទៀត ខ្ញុំជឿថាថ្ងៃមួយ ខ្មែរនឹងជួបជុំគ្នា“។

ការលើកឡើងរបស់ប្រធានស្តីគណបក្សសង្គ្រោះជាតិនេះធ្វើឡើយបន្ទាប់ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រកាស “បទឈប់បាញ់” នយោបាយនៅរដូវបុណ្យភ្ជុំ ខណៈដែលលោកអះអាងថាបទឈប់បាញ់នយោបាយថ្មីមួយហាក់បីដូចជាបានត្រូវរ៉ូវគ្នា។

អ្នកនាំពាក្យរបស់គណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន មានប្រសាសន៍ថាទោះជា លោក កឹម សុខា អង្វរយ៉ាងណា ក៏មិនមានការដោះលែងអ្នកជាប់ឃុំទាំងនោះដែរ ដោយលោកថាអ្នកជាប់ឃុំទាំងនោះបានប្រព្រឹត្តខុសច្បាប់។ លោកថាមានការដោះលែងឬមិនដោះលែង វាជាការងារតុលាការ មិនមែនជាការងាររបស់គណបក្សប្រជាជនទេ។

លោកថ្លែងថា៖ “គាត់[លោក កឹម សុខា]អង្វរម៉េចក៏ទៅអត់រួចដែរ ព្រោះអាហ្នឹងរឿងច្បាប់ណាស់ គាត់ត្រូវទទួលស្គាល់ទង្វើខុសច្បាប់របល់គាត់ ហើយដោះលែងមិនដោះលែងនៅលើឆានធានសិទ្ធិរបស់តុលាការ ហើយយើងមកអំពាវនាវឲ្យគណបក្សទៅដោះលែងម៉េចកើត គណបក្សមានភារកិច្ចអីទៅចាប់ ទៅចង់ ទៅដោះលែង“។

សូមជំរាបជូនថា រហូតមកដល់ពេលនេះទាំងសកម្មជនបក្សប្រឆាំង មន្រ្តី គ.ជ.ប មន្រ្តីសិទ្ធិមនុស្ស និងសកម្មជនដីធ្លីមានចំនួន២៥នាក់ហើយ ដែលត្រូវបានតុលាការឃុំខ្លួននិងកាត់ទោសឲ្យជាប់ពន្ធធនាគារ។

កន្លងមកប្រទេសចំនួន៣៦បានទទូចឲ្យរដ្ឋាភិបាលកម្ពុជា ត្រូវធានាសិទ្ធិសេរីភាពក្នុងការធ្វើសកម្មភាពរបស់គណបក្សប្រឆាំងនិងសង្គមស៊ីវិលនៅកម្ពុជា ដោយថាដើម្បីឲ្យការបោះឆ្នោតខាងមុខអាចទទួលបាន។

ចំណែកសភាអឺរ៉ុបបានអនុម័តសេចក្តីសម្រេចមួយ ដោយអំពាវនាវឲ្យទម្លាក់ការចោទប្រកាន់លើសកម្មជនបក្សប្រឆាំងនិងដោះលែងមន្រ្តីសង្គមស៊ីវិលដែលកំពុងឃុំខ្លួន។

សភាអឺរ៉ុបក៏អំពាវនាវឲ្យមានការពិចារណាលើការផ្អាកផ្តល់ជំនួយមកកម្ពុជា បើសិនជាស្ថានភាពសិទ្ធិមនុស្សមិនបានល្អប្រសើរទេនោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ