វៀតណាមបង្រៀនកម្លាំងប្រដាប់អាវុធខ្មែរឲ្យទប់ទល់ការធ្វើបាតុកម្ម

កម្លាំងប្រដាប់អាវុធខ្មែរ បាតុកម្ម

អគ្គស្នងការនគរបាលជាតិបានបង្វឹកជំនាញបង្ក្រាបបាតុកម្មដល់យោធាដោយថា ដើម្បីទប់ទល់បាតុកម្មនិងការពាររដ្ឋាភិបាល ខណៈដែលគណបក្សសង្គ្រោះជាតិលើកឡើងថា ពួកគេនឹងធ្វើបាតុកម្មបើស្ថានភាពនយោបាយនៅតែមានភាពតានតឹង។

នៅក្នុងវីដេអូឃ្លីបដែលបង្ហោះដោយអគ្គស្នងការនគរបាលជាតិកាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦ បានបង្ហាញថា គ្រូដែលបង្រៀនហ្វឹកហ្វឺនគឺជាជនជាតិវៀតណាមនិងខ្មែរ ដោយធ្វើនៅសាលាដែលឧបត្ថម្ភដោយរដ្ឋាភិបាលវៀតណាម ឈ្មោះថាសាលាមិត្តភាពនគរបាលកម្ពុជា-វៀតណាម។

បើតាមអគ្គស្នងការនគរបាលជាតិ ការបណ្ដុះបណ្ដាលទប់ទល់បាតុកម្មនេះធ្វើឡើងជា៥វគ្គ ក្នុងមួយវគ្គមានរយៈពេល៣ខែ ដែលមានកម្លាំងប្រដាប់អាវុធ២៧៧នាក់មកពីខេត្តចំនួន៩។

នៅក្នុងវីដេអូឃ្លីបនោះ អគ្គស្នងការនគរបាលជាតិ លោក នេត សាវឿន ថ្លៃងថាការបើកវគ្គបណ្ដុះបណ្ដាលនេះ  ដើម្បីពង្រឹងសមត្ថភាពកងកម្លាំងការពារសង្គម ពលរដ្ឋ និងការពាររដ្ឋាភិបាល ខណៈដែលលោកថាបច្ចុប្បន្នអង្គការក្រៅរដ្ឋាភិបាលនិងគណបក្សនយោបាយខ្លះកំពុងកំពុលបរិយាកាសថាកម្ពុជាមានវិបត្តិនយោបាយ។

លោកមានប្រសាសន៍ថា៖ “ការពិតអត់មានវិបត្តិនយោបាយទេ គឺមានតែអ្នកនយោបាយមួយចំនួនគាត់ជាប់ទោស ហើយមានបុគ្គលអង្គការក្រៅរដ្ឋាភិបាលខ្លះ គាត់ជាប់គុកមានតែប៉ុណ្ណឹង ហើយបច្ចុប្បន្នកំពុងតស៊ូអំពីផ្លូវច្បាប់ រឿងពិតមានតែប៉ុណ្ណឹង។ ក៏ប៉ុន្តែ ក្រុមខ្លះអង្គការខ្លះបានទៅប្ដឹងដល់អង្គការសហប្រជាជាតិ បានសរសេរទំព័រកាសែត បានបញ្ចេញតាមប្រព័ន្ធព័ត៌មានសង្គម ចុះទៅអាប់អ៊ួរសម្បើមណាស់។ ចឹងនគរបាលយើងត្រូវតែក្ដាប់បញ្ហានេះឲ្យជាប់ យើងត្រូវតែរឹងមាំ ដើម្បីការពារផលប្រយោជន៍ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ការពាររដ្ឋធម្មនុញ្ញរបស់យើង“។

លោក នេត សារឿន អះអាងថាកម្លាំងបង្រា្កបបាតុកម្មកន្លងមកនៅមានចំណុចខ្សោយច្រើន ដែលធ្វើឲ្យក្រុមអ្នកធ្វើបាតុកម្មធ្វើបាបកម្លាំងដែលជាបង្រា្កប ដោយលោកលើកឧទាហរណ៍ពីការធ្វើបាតុកម្មកាលពីឆ្នាំ២០១៣។

លោកមានប្រសាសន៍ថា៖ “អ្នកដែលគេប្រព្រឹត្ត គេមានប្រៀបជាងយើង។ បាតុករខុសច្បាប់ អ្នកបង្កអសន្តិសុខវ៉ៃ  គប់ដុំថ្ម គប់ទឹកអាស៊ីត គប់សាំងដប  […] ជួនកាលយើងរកសាក្សីប្ដឹងទៅតុលាការអត់គ្រប់គ្រាន់ទេ។ ឯរូបខ្លះយើងការពារខ្លួគេប្ដឹងយើងថា ទៅរំលោភគេវិញ បានន័យថាកងកម្លាំងសមត្ថកិច្ចយើង អាគេវៃមកយើងអត់សូវមានរូបសោះ ពេលបំពានយើងមិនសូវមានរូបទេ ឯកម្លាំងយើងគ្រាន់តែលើជើងទាត់គេ ជាប់បាត់នៅក្នុងអាប់ប្រិយ [កាមេរ៉ា]“។

ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីការអភិវឌ្ឍនិងសន្តិភាព លោក យង់ គឹមអេង ចាត់ទុកការបង្វឹកទាហាននេះជារឿងធម្មតា ក៏ប៉ុន្តែលោកថា មន្ត្រីនគរបាលមិនគួរបង្ហោះវីដេអូវគ្គបណ្ដុះបណ្ដាលបង្ក្រាបបាតុកម្មនេះឡើយ ព្រោះធ្វើឲ្យប្រជាពលរដ្ឋភ័យខ្លាច ហើយវាជាការគំរាមហែងមកលើពលរដ្ឋ ខណៈដែលការធ្វើបាតុកម្មតវ៉ាកន្លងមក គឺប្រជាពលរដ្ឋជាអ្នកធ្វើ។ លោកបន្តថា ប្រសិនបើការបង្រ្កាបរបស់កម្លាំងមកលើអ្នកតវ៉ាដោយសន្តិវិធីនោះនឹងធ្វើឲ្យប៉ះពាល់កាន់តែខ្លាំងទៅសិទ្ធិសេរីភាពក្នុងការបញេ្ចញមតិនៅក្នុងប្រទេសកម្ពុជា។

លោកមានប្រសាសន៍ថា៖ “ប្រសិនបើការបង្ហាត់បង្រៀនទៅដល់កម្លាំងហ្នឹង គឺជាការបង្ហាត់បង្រៀន ដើម្បីតែបង្រ្កាបតែមួយមុខនោះ គឺយើងហាក់ដូចជាចាត់ទុកប្រជាពលរដ្ឋជាសត្រូវរបស់រដ្ឋអីចឹង។ ហើយមែនទែនទៅការបង្ហាត់បង្រៀនកម្លាំងទាំងអស់ហ្នឹង ត្រូវបង្ហាត់បង្រៀនតាំងពីរបៀបការទប់ទល់និងរបៀបការពារបាតុករ អាហ្នឹងបានវាមានភាពសមសម្របមួយ ហើយក្នុងការធានានិងសិទ្ធិរបស់ប្រជាពលរដ្ឋក្នុងការចូលរួម ក្នុងការទាមទារ បញ្ចេញសិទ្ធិរបស់ខ្លួនដោយសន្តិវិធី“។

គួរបញ្ជាក់ថា ក្រោយពេលជាប់គាំងនយោបាយក្នុងអំឡុងឆ្នាំ២០១៣-២០១៤ មានចលនាបាតុកម្មជាច្រើនកើតឡើង ដូចជាការទាមទារឲ្យមានការរាប់សន្លឹកឆ្នោតឡើងវិញ ទាមទារឲ្យថ្លៃសាំងចុះថោក ទាមទារឲ្យតម្លើងប្រាក់ឈ្នួលកម្មករជាដើម។ ក្នុងអំឡុងពេលទាមទារនោះ ក៏មានការបង្រា្កបក្រុមបាតុករនៅផ្លូវវេងស្រេងដែលធ្វើឲ្យមនុស្សយ៉ាងតិច៧នាក់បានស្លាប់និងមានមនុស្សជាច្រើនបានរបួស បន្ទាប់ពីមានការបង្រ្កាបដោយកងកម្លាំងប្រដាប់អាវុធ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ