រដ្ឋសភាច្រានចោលសំណើសុំ​ដកអភ័យឯកសិទ្ធិតំណាងរាស្ត្របក្សប្រឆំាងពីររូប​

(ពីឆ្វេងទៅស្តាំ) តំណាងរាស្រ្ត លោក ពិន រតនា ​លោក តុ វ៉ាន់ចាន់ និង លោក កឹម សុខា​

រដ្ឋសភាបានច្រានចោលសំណើរបស់ក្រសួងយុត្តិធម៌ ដែលស្នើឲ្យមានការលើកអភ័យឯកសិទ្ធិតំណាងរាស្រ្តបក្សប្រឆាំងពីររូប ក្នុងបទសញ្ចាកម្មដែលរងការចោទថាជាអ្នកនាំ នាង ខុម ចាន់តារ៉ាទី ហៅស្រី មុំ ឲ្យជួបលោក កឹម សុខា។

នៅព្រឹកថ្ងៃពុធនេះប្រធានរដ្ឋសភាលោក ហេង សំរិន បានបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ ដោយមានវត្តមានតំណាងរាស្រ្ត៥រូបមកពីគណបក្សសង្គ្រោះជាតិនិង៧រូបមកពីគណបក្សប្រជាជនកម្ពុជា។ កិច្ចប្រជុំនេះធ្វើឡើងដើម្បីពិនិត្យនិងអនុម័តរបៀបវារៈចំនួន៨ ក្នុងនោះក៏មានរបៀបវារៈសំណើរបស់ក្រសួងយុត្តិធម៌ឲ្យពិនិត្យលើអភ័យឯកសិទ្ធិតំណាងរាស្ត្របក្សប្រឆំាងពីររួប គឺលោក តុ វ៉ាន់ចាន់ និងលោក ពិន រតនា ផងដែរ។

ក្រោយពីកិច្ចប្រជុំបិទទ្វារ២ម៉ោង អ្នកនាំពាក្យរដ្ឋសភា លោក ឡេង ប៉េងឡុង ថ្លែងប្រាប់អ្នកសារព័ត៌មានថា របៀបវារៈស្នើដកអភ័យឯកសិទ្ធិតំណាងរាស្ត្របក្សប្រឆាំងនោះ គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាមិនបានសម្រេចដាក់ទៅកិច្ចប្រជុំសភាពេញអង្គទេ។ លោកបន្តថា៖ “សំណើសុំរបស់ក្រសួងយុត្តិធម៌ ដើម្បីលើកអភ័យឯកសិទ្ធិដែលសមាជិកសភាពីររូបឈ្មោះលោក ពិន រតនា និងលោក តុ វ៉ាន់ចាន់ ក្នុងបញ្ហានេះគឺថាគណៈកម្មាធិការអចិន្ត្រៃយិ៍ (គណៈកម្មាធិការអចិន្ត្រៃយិ៍នៃរដ្ឋសភា)មិនមានសម្រេចលើបញ្ហានេះទេ ពីព្រោះពីរនាក់នោះមិនបានប្រព្រឹត្តបទល្មើសជាក់ស្តែងទេ ដូច្នេះគណៈអចិន្ត្រៃយិ៍មិនបានសម្រេចបញ្ហាហ្នឹងទេ គឺមិនលើកបញ្ហាហ្នឹងទេ គឺនឹងឆ្លើយជូនទៅក្រសួងយុត្តិធម៌“។

តាមរដ្ឋធម្មនុញ្ញ ការដកអភ័យឯកសិទ្ធិតំណាងរាស្ត្រណាមួយបានគឺត្រូវប្រើសំឡេងសមាជិកសភា២ភាគ៣នៃសមាជិកសរុប១២៣ ប៉ុន្តែបច្ចុប្បន្នគណបក្សប្រជាជនកម្ពុជាមិនមានសំឡេងគ្រប់គ្រាន់ក្នុងការដកអភ័យឯកសិទ្ធិតំណាងរាស្រ្តបក្សប្រឆាំងឡើយ។

អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិលោក យ៉ែម បុញ្ញឬទ្ធិ សាទរនឹងគណៈកម្មាធិការអចិន្ត្រៃយិ៍នៃរដ្ឋសភាដែលសម្រេចមិនយកការស្នើលើកអភ័យឯកសិទ្ធិតំណាងរាស្ត្រពីររូបរបស់បក្សប្រឆំាងទៅដាក់ក្នុងកិច្ចប្រជុំពេញអង្គនោះ។ លោកបន្តថា៖ “សេចក្តីស្នើសុំពាក់ព័ន្ធនឹងវិស័យយុត្តិធម៌ យើងបានពិភាក្សា ហើយបានអនុម័តរួមគ្នា ហើយបានបញ្ជូននៅសេចក្តីស្នើសុំនោះទៅគណៈកម្មាធិការទី៦ ដើម្បីធ្វើការសិក្សាបន្ថែម មុននឹងដាក់ចូលរាយការណ៍មកអចិន្ត្រៃយិ៍វិញ(គណៈកម្មាធិការអចិន្ត្រៃយិ៍នៃរដ្ឋសភា) ហើយនឹងដាក់ចូលសភាពេញអង្គមួយទៀតពាក់ព័ន្ធនឹងការលើកអភ័យឯកសិទ្ធិ អចិន្ត្រៃយិ៍លោកបានសម្រេចសុំឲ្យខាងអគ្គលេខាធិការរាយការណ៍ជូនទៅក្រសួងយុត្តិធម៌វិញគឺមិនមានការឆ្លើយតបជាវិជ្ជមានទៅតាមការស្នើសុំនោះទេ យើងសង្កេតឃើញថាជាចំណុចមួយដ៏ល្អប្រសើរទៅតាមនីតិវិធីដែលមានកំណត់នៅក្នុងបទបញ្ជាផ្ទៃក្នុង ក៏ដូចជាបានចែងក្នុងច្បាប់ជាដើម“។

សូមបញ្ជាក់ថា លោក តុ វ៉ាន់ចាន់ និងលោក ពិន រតនា ត្រូវបានតុលាការកោះហៅជាបន្តបន្ទាប់ ដោយសង្ស័យថាបានប្រព្រឹត្តបទល្មើសសញ្ចារកម្មដោយថាបាននាំកញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ ទៅឱ្យលោក កឹម សុខា នៅប្រទេសថៃ តែតំណាងរាស្ត្រទាំងពីររូបនេះមិនបានចូលខ្លួនតាមការកោះហៅនោះទេ ដោយសំអាងមានអភ័យឯកសិទ្ធិការពារ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ