វិភាគ៖ តើ​លោក ហ៊ុន សែន កំពុង​ដើរ​ប្រាស​ចាក​ពី​យុទ្ធសាស្ត្រ ​ផ្ដល់​ឲ្យ​ដោយ​អ្នក​ជំនាញ​ ឬ​ទេ?

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន (FB: លោក ហ៊ុន សែន)

គិត​មក​ដល់​ថ្ងៃ​ទី​២៧ខែ​កញ្ញា​ រយៈ​ពេល២៤​ថ្ងៃ ​បាន​កន្លង​ផុត​ទៅ​ហើយ ដែល​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា ត្រូវ​បាន​ចាប់​ខ្លួន​ទាំង​កណ្ដាល​អធ្រាត្រ ហើយ​ត្រូវ​បាន​​បញ្ជូន​ទៅ​ដាក់​ឃុំ​នៅ​ពន្ធនាគារ​ត្រពាំងផ្លុង ស្ថិត​នៅ​ក្នុង​ទឹក​ដី​ខេត្ត​ត្បូងឃ្មុំ ជាប់​ព្រំ​ប្រទល់​នឹង​​ប្រទេស​វៀតណាម​។

មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ត្រូវ​បាន​​ចោទ​ប្រកាន់​​ពី​រដ្ឋាភិបាល​បក្ស​កាន់​អំណាច​ថា «ក្បត់ជាតិ»។ ចោទ​ថា «ក្បត់​ជាតិ» ដោយ​បក្ស​កាន់​អំណាច ​សំអាង​លើ​វីដេអូ​មួយ ​បង្ហាញ​ពី​លោក កឹម សុខា ថ្លែង​ទៅ​កាន់​ប្រជាជន​ខ្មែរ​រស់​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី កាល​ពី​ឆ្នាំ​២០១៣​កន្លង​មក។

ក្នុង​វីដេអូ​នោះ លោក កឹម សុខា បាន​ថ្លែង​ថា លោក​ទទួល​បាន​ការ​គាំ​ទ្រ​ពី​អាមេរិក ដើម្បីនាំ​មក​នូវ​ការ​ផ្លាស់​ប្ដូរ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា ប៉ុន្តែ រដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ចាត់​ទុក​សម្ដី​មេបក្ស​ប្រឆាំង​រូប​នេះ​ថា «បាន​​ឃុប​ឃិត​គ្នា​ជាមួយ​អាមេរិក ក្នុង​បំណង​ផ្ដួល​រំលំ​រដ្ឋាភិបាល​ស្រប​ច្បាប់» ​ទៅ​វិញ។

ក្នុង​ឋានៈ​ជា​សមាជិក​សភា​មាន​អភ័យ​ឯកសិទ្ធិ​មួយ​រូប ការ​ចាប់​ខ្លួន​មេ​បក្ស​ប្រឆាំង​រូប​នេះ ត្រូវ​បាន​បណ្ដា​ប្រទេស​ប្រជាធិបតេយ្យ​ថ្កោល​ទោស​ទៅ​លើ​រដ្ឋាភិបាល​កម្ពុជា ព្រម​ទាំង​ទាម​ទារ​ឲ្យ​ដោះ​លែង​មក​វិញ​ដោយ​គ្មាន​លក្ខខណ្ឌ​ទៀត​ផង។ ទោះជាយ៉ាងណា មាន​តែ​ប្រទេស​ចិន​កុម្មុយនីស្ត​មួយ​ប៉ុណ្ណោះ ដែល​បាន​ថ្លែង​ការពារ​ចំណាត់​ការ​របស់​រដ្ឋាភិបាល​កម្ពុជា ដោយ​ចាត់​ទុក​ជាការ​ «ការពារ​សន្តិសុខ និង​ស្ថេរភាព​ជាតិ»

បើ​ទោះបី​ជា​រដ្ឋាភិបាល​កម្ពុជា​អះ​អាង​ថា ការ​ចាប់​ខ្លួន​លោក កឹម​ សុខា គឺ​ជា​ការ​អនុវត្ត​ច្បាប់​ប្រឆាំង​នឹង​បុគ្គល​ដែល​បក្ស​កាន់​អំណាច​ថា បាន​ប្រព្រឹត្ត​បទ​ល្មើស​ជាក់​ស្ដែង​ក៏​ដោយ ក៏​បណ្ដា​ប្រទេស​ប្រជាធិបតេយ្យ​លោក​ខាង​លិច និង​ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ​នានា ចាត់​ទុក​ការ​ចាប់​ខ្លួន​មេ​បក្ស​ប្រឆាំង​រូប​នេះ​ថា ត្រូវ​បាន​ធ្វើ​ឡើង​ក្រោម​ហេតុ​ផល​នយោបាយ។

ប្រសិន​បើ​ការ​ចាប់​ខ្លួន​លោក កឹម សុខា ត្រូវ​បាន​ធ្វើ​ឡើង​ក្រោម​ហេតុ​ផល​នយោបាយ​មែន​នោះ ដូច្នេះ វា​នាំ​ឲ្យ​មាន​ការ​ចោទ​សួរ​ថា តើ​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន កំពុង​ធ្វើ​នយោបាយ​ប្រាស​ចាក​ពី​យុទ្ធសាស្ត្រ​ផ្ដល់​ឲ្យ​ដោយ​ក្រុម​អ្នក​ស្រាវ​ជ្រាវ​មក​ពី​ប្រទេស​អ៊ីស្រាអែល​មែនទេ?

មុន​នឹង​វែក​ញែក​ថា តើ​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន កំពុង​ធ្វើ​ដំណើរ​នយោបាយ​ប្រាស​ចាក​ពី​យុទ្ធសាស្ត្រ​ឬ​យ៉ាង​ណា​នោះ ជា​ដំបូង​នេះ គេ​គួរ​តែ​រំលឹក​បក​ក្រោយ​ត្រឡប់​ទៅ​ខែ​មិថុនា​កន្លង​មក​នេះ ជុំ​វិញ​​ការ​ស្ទង់​មតិ​មួយ ​ដែល​​អតីត​មេ​បក្ស​ប្រឆាំង លោក សម រង្ស៊ី អះ​អាង​ថា ការ​ស្ទង់​មតិ​នោះ ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​សម្ងាត់​ពី​សំណាក់​​គណបក្ស​ប្រជាជន​កម្ពុជា។

ផ្អែក​តាម​សំណុំ​ឯកសារ​ដែល​វីអូឌី​ទទួល​បាន ​កាល​ពី​ខែ​មិថុនា​កន្លង​មក​នោះ បង្ហាញ​ថា ការ​ស្ទង់​មតិ​នោះ ត្រូវ​បាន​រចនា និង​ចង​ក្រង​ឡើង​ដោយ​ក្រុមហ៊ុន SHAVIV STRATEGY & CAMPAIGNS។ ផ្អែក​តាម​បណ្ដាញ​សង្គម LinkedIn បង្ហាញ​ថា SHAVIV STRATEGY & CAMPAIGNS គឺ​ជា​ក្រុមហ៊ុន​​ផ្ដល់​ប្រឹក្សា​យោបល់​ខាង​ផ្នែក​នយោបាយ​លំដាប់​ពិភព​លោក ដោយ​មាន​ជំនាញ​ខាង​រៀបចំ​​យុទ្ធសាស្ត្រ​សម្រាប់​យុទ្ធនាការ​បោះ​ឆ្នោត​ឲ្យ​ទទួល​បាន​ជោគ​ជ័យ។

ការ​ពិត​ទៅ ការ​ស្ទង់​មតិ​នោះ ត្រូវ​បាន​ធ្វើ​ឡើង​ពីរ​លើក​ក្នុង​ឆ្នាំ​២០១៦ ពោល​គឺ​នៅក្នុង​​ខែ​ឧសភា​ម្ដង និង​នៅ​ចន្លោះ​ខែ​កញ្ញា ដល់​ខែ​តុលា​ម្ដង​ទៀត តាម​រយៈ​ការ​សម្ភាស​លើ​មនុស្ស​ដែល​ត្រូវ​ចាត់​ទុក​ជា​សំណាក​ជិត ៥ ៤០០​នាក់ នៅ​ទូទាំង​ប្រទេស។

នៅ​ក្នុង​ការ​ស្ទង់មតិ​នោះ សំណួរ​ជា​ច្រើន​ត្រូវ​បាន​គេ​រៀបចំ​ឡើង​សម្រាប់​សួរ​ទៅ​ប្រជាជន​ជា​សំណាក​ទាំង​នោះ ហើយ​នៅ​ក្នុង​នោះ​ក៏​មាន​សំណួរ​ទាក់​ទង​នឹង​បញ្ហា​នយោបាយ ឬ​ការ​ប្រកួត​ប្រជែង​គ្នា​រវាង​គណបក្ស​ធំៗ​ពីរ គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ។

សំណួរ​សំខាន់​មួយ​នោះ ត្រូវ​បាន​សួរ​ទៅ​កាន់​សំណាក់​ថា តើ​តើ​ពួកគេ​ជឿ​ថា ដំណើរការ​ក្ដី​ផ្លូវ​ច្បាប់​ប្រឆាំង​នឹង​លោក សម រង្ស៊ី និង​លោក កឹម សុខា មាន​យុត្តិធម៌​ឬ​ទេ?

មិន​ថា​ដំណើរការ​ក្ដី​តាម​ផ្លូវ​ច្បាប់​ប្រឆាំង​នឹង​លោក សម រង្ស៊ី ឬ​ក៏​លោក កឹម សុខា ទេ អ្នក​ឆ្លើយ​តប​ដល់​ទៅ ៦៤​ភាគរយ សុទ្ធ​តែ​ជឿ​ថា មិន​យុត្តិធម៌​នោះ​ឡើយ ខណៈ​ដែល​អ្នក​ដែល​ឆ្លើយ​ថា​មាន​យុត្តិធម៌​នោះ មាន​ត្រឹម​តែ ១៥ និង ១៦​ភាគរយ​ប៉ុណ្ណោះ។

ជាង​នេះ​ទៅ​ទៀត ការ​ស្ទង់​មតិ​នោះ​ ក៏​បាន​​ចង្អុល​បង្ហាញ​ឲ្យ​ឃើញ​​ផង​ដែរថា មិន​ថា​​បក្ស​កាន់​អំណាច​ព្យាយាម​គាប់​សង្កត់​បែប​ណា​ទៅ​លើ​បក្ស​ប្រឆាំង និង​មេដឹកនាំ​របស់​បក្ស​នេះ​នោះ​ទេ អ្នក​ឆ្លើយ​តប​ភាគ​ច្រើន​ ប្រាប់​ថា ពួកគេ​នៅ​តែ​បោះ​ឆ្នោត​ឲ្យ​បក្ស​ប្រឆាំង​ដដែល។

ក្នុង​នាម​ជា​អ្នក​ស្រាវ​ជ្រាវ​បញ្ហា​សង្គម​មួយ​រូប លោក​បណ្ឌិត មាស នី បាន​ឲ្យ​តម្លៃ​ខ្ពស់​ទៅ​លើ​លទ្ធផល​នៃ​ការ​ស្រាវ​ជ្រាវ និង​ការ​ស្ទង់​មតិ ដោយ​លោក​ថា វា​ជា​មូលដ្ឋាន​សម្រាប់​ការ​រៀបចំ​គោល​នយោបាយ ​ដ៏​ត្រឹម​ត្រូវ​របស់​ស្ថាប័ន​ណា​មួយ ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​សង្គម​ពិត​ប្រាកដ។

លោក​បណ្ឌិត មាស នី មាន​ប្រសាសន៍​ថា​៖ «ជាការ​ពិត ឲ្យ​តែ​គោល​នយោបាយ​ណា​ធ្វើ​ទៅ​ ​មាន​ការ​ស្រាវ​ជ្រាវ​ច្បាស់​ ហើយ​មាន​មូលដ្ឋាន​​សម្រាប់​យើង​ផ្អែក​ទៅ​រក អាហ្នឹង​វា​ជា​រឿង​មួយ​ល្អដែល​ជួយ​ឲ្យ​គោល​នយោបាយ​របស់​ស្ថាប័ន​មួយ​អាច​ធ្វើ​ឡើង ហើយ​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​ពិត​។ អញ្ចឹង​បាន​ជា​វា​ទាមទារ​ថា ការ​ស្រាវ​ជ្រាវ​នោះ ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ឯករាជ្យ ឬ​ក៏​ធ្វើ​ឡើង​ដោយ​ស្ថាប័ន ឬ​មនុស្ស​ណា​ម្នាក់​ដែល​មាន​លម្អៀង។ កាល​ណា​មាន​លម្អៀង វា​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​គុណភាព ហើយ​និង​ផល​ប្រយោជន៍​របស់​គោល​នយោបាយ។ ប៉ុន្តែ ការ​ធ្វើ​នយោបាយ ការ​រៀប​ចំ​គោលន​យោបាយ​ដោយ​ផ្អែក​លើ​កត្តា​ដែល​មាន​ការ​ស្រាវ​ជ្រាវ​ច្បាស់​លាស់ វា​ជា​សំខាន់​ណាស់​សម្រាប់​សង្គម​ជាតិ​នីមួយៗ»

បើ​ងាក​ទៅ​ផ្អែក​តាម​លទ្ធផល​នៃ​ការ​ស្ទង់​មតិ​កាល​ពី​ឆ្នាំ​មុន លោក​បណ្ឌិត មាស នី មើល​ឃើញ​ថា គណបក្ស​កាន់​អំណាច​មាន​ចំណុច​ខ្លាំង និង​ចំណុច​ខ្សោយ​របស់​ខ្លួន ប៉ុន្តែ លោក​ថា គណបក្ស​មួយ​នេះ ដែល​សម្បូរ​ទៅ​ដោយ​ធន​ធាន​មនុស្ស និង​ធន​ធាន​ថវិកា​នោះ មិន​បាន​ប្រឹង​ប្រែង​កែ​ល្អ​ចំណុច​ខ្សោយ​របស់​ខ្លួន​ទេ។

តាម​ការ​យល់​ឃើញ​របស់​អ្នក​វិភាគ​បញ្ហា​សង្គម​រូប​នេះ គណបក្ស​កាន់​អំណាច ​ហាក់​ព្រួយ​បារម្ភ​ខ្លាំង​ ចំពោះ​កំណើន​ប្រជា​ប្រិយភាព​ដ៏​រហ័ស​របស់​បក្ស​ប្រឆាំង ដែល​ធ្វើ​ឲ្យ​បក្ស​នេះ ​បាន​ប្រើ​ជើង​ម្ខាង​សម្រាប់​ទប់​ទល់ ​នឹង​គណបក្ស​ប្រឆាំង ខណៈ​ដែល​ជើង​ម្ខាង​ទៀត បែរ​ជា​មិន​ខិត​ខំ​កែ​លម្អ​ចំណុច​ខ្សោយ​របស់​ខ្លួន។

លោក​បណ្ឌិត មាស នី មាន​ប្រសាសន៍​បន្ត​ថា​៖ «នៅ​ក្នុង​ហ្នឹង គណបក្ស​កាន់​អំណាច​គឺ​មាន​អ្វីៗ​ទាំង​អស់នៅ​ដៃ ដល់​អញ្ចឹង​ទៅ វា​ជា​ចំណុច​ខ្លាំង​មួយ។ អ្វី​ដែល​ខ្ញុំ​មើល​ឃើញ​ គឺ​ថា កន្លង​មក​នេះ គណបក្ស​កាន់​អំណាច​មិន​បាន​យក​ចំណុច​ខ្លាំង​របស់​ខ្លួន​ទៅ​ប្រើ​ទេ ជាពិសេស កំណែ​ទម្រង់​ប្រកប​​ដោយ​ប្រសិទ្ធភាព។ ដល់​អញ្ចឹង​ទៅ គាត់​ចំណាយ​ពេល​ច្រើន​ពេក​សម្រាប់​ប៉ែង​ជើង ដែល​ខ្មែរ​យើង​ហៅ​ថា រត់​ផងធាក់​ផងជាមួយ​គណបក្ស​ប្រឆាំង ដោយសារ​តែ​មាន​ការ​ព្រួយ​បារម្ភ​ខ្លាំង​ពេក ដោយ​ឃើញ​គណបក្ស​ប្រឆាំង​ហ្នឹង​ឡើង​ប្រកៀក​ ដូចជា​ប្រកៀក​ទៅ​នឹង​ខ្លួន។ ដល់​អញ្ចឹង​ទៅ អាការ​ដែល​ប្រកៀក​ពេក​ហ្នឹង​ឯង វា​បាន​នាំ​ទៅ​ឲ្យ​គណបក្ស​កាន់​អំណាចមាន​ការ​ព្រួយ​បារម្ភ ដល់​ព្រួយ​បារម្ភ ប្រសិន​បើ​គណបក្ស​កាន់​អំណាច​ហ្នឹង ក្នុង​​ពេល​​មាន​ធន​ធាន​គ្រប់​គ្រាន់ មាន​អំណាច​គ្រប់​គ្រាន់​ ហើយកំពុង​តែ​មាន​តួនាទី​ផង ​ហើយ​ពង្រឹងការ​កំណែ​ទម្រង់​ឲ្យ​មាន​ប្រសិទ្ធភាព​ ខ្ញុំ​មាន​ជំនឿ​ថា ទោះ​បី​ជា​​ដប់​ម្ភៃ​ឆ្នាំ​ទៀត​ក៏​គណបក្ស​សង្គ្រោះ​ជាតិមិន​អាច​មាន​ជ័យ​ជម្នះ​លើ​គណបក្ស​ប្រជាជន​បាន​ដែរ ក៏​ប៉ុន្តែ ចំណុច​ដែល​ជា​ការ​ចន្លោះ​ប្រហោង​នោះ គឺ​ដោយសារ​តែ​គណបក្ស​កាន់​អំណាច​ហ្នឹង មិន​បាន​ប្រើ​ចំណុច​ខ្លាំង​ដែល​ខ្លួន​មាន​ហ្នឹង​សម្រាប់​យក​ទៅ​កែ​ប្រែ​ប្រជាប្រិយភាព​ទេ ប៉ុន្តែ ចំណាយ​ពេល​ច្រើន​ពេកធ្វើ​ការ​ដាក់​គំនាប​ជាមួយ​គណបក្ស​ប្រឆាំង ដល់​អញ្ចឹង​ទៅ វា​ធ្វើ​ឲ្យ​ខាត​ពេល​វេលា នៅ​ពេល​ជើង​ម្ខាង​ជាន់​គណ​បក្ស​ប្រឆាំង ខណៈ​ដែល​ជើង​ម្ខាង​ទៀត​មិន​ធ្វើការ​កំណែ​ទម្រង់»

បន្ទាប់​អ្នក​វិភាគ​លើក​ឡើង​ដូច្នេះ យើង​ងាក​ទៅ​មើល​លទ្ធផល​នៃ​ការ​ស្ទង់​មតិ​ខាង​លើ​វិញ។ ក្រៅ​ពី​វាស់​ស្ទង់​អំពី​សន្ទុះ​ប្រជា​ប្រិយភាព​គណបក្ស​នយោបាយ និង​មេដឹកនាំ​បក្ស​នយោបាយ​នីមួយៗ​ហើយ ការ​ស្ទង់​មតិ​នោះ ក៏​បាន​វាស់​វែង​ចំណុច​ខ្លាំង និង​ចំណុច​ខ្សោយ​របស់​គណបក្ស​ធំៗ​ទាំង​ពីរ​ផង​ដែរ ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ធំៗ​ នៅ​ក្នុង​ប្រទេស​​កម្ពុជា។

លទ្ធផល​នៃ​ការ​ស្ទង់មតិ បាន​បង្ហាញ​ថា លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន មាន​ចំណុច​ខ្លាំង​លើ​ការ​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ជាតិ ដូចជា ផ្លូវ​ថ្នល់ ស្ពាន ជា​ដើម និង​វិស័យ​អប់រំ។ ទន្ទឹង​នោះ លោក​បែរ​ជា​ត្រូវ​បាន​ពលរដ្ឋ​វាយ​តម្លៃ​ថា មាន​ចំណុច​ខ្សោយ​​លើ​ការ​ដោះ​ស្រាយ​បញ្ហា​ឧក្រិដ្ឋកម្ម និង​គ្រឿង​ញៀន បញ្ហា​អំពើ​ពុក​រលួយ បញ្ហា​សិទ្ធិ​មនុស្ស និង​បញ្ហា​បរិស្ថាន​ជា​ដើម។

ស្រដៀង​គ្នា​នេះ​ដែរ នៅ​ពេល​និយាយ​អំពី​គណបក្ស លទ្ធផល​នៃ​ការ​ស្ទង់​មតិ​រក​ឃើញ​ថា គណបក្ស​កាន់​អំណាច​ ត្រូវ​បាន​ពលរដ្ឋជឿ​ជាក់​ខ្លាំង​ក្នុង​ការ​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ជាតិ កសាង​ផ្លូវ​ថ្នល់ និង​ស្ពាន ព្រម​ទាំង​វិស័យ​អប់រំ​ផង​ដែរ។ ទោះជាយ៉ាង​ណា គណបក្ស​នេះ ​បែរ​ជា​ពលរដ្ឋ​មិន​ជឿ​ជាក់​លើ​ការ​ដោះ​ស្រាយ​បញ្ហា​ការងារ​សម្រាប់​ប្រជាជន និង​បញ្ហា​តម្លៃ​ផលិត​ផល​កសិកម្ម​នោះ​ឡើយ។

ដូច្នេះ គណបក្ស​កាន់​អំណាច​គួរ​តែ​ខិត​ខំ​ប្រឹង​ប្រែង​កែ​លម្អ​ចំណុច​ខ្សោយ​របស់​ខ្លួន ជា​ជាង​ប្រើ​ប្រាស់​ពេល​វេលា​គាប់​សង្កត់ ឬ​ធ្វើ​ទុក្ខ​បុក​ម្នេញ​លើ​បក្ស​ប្រឆាំង ដែល​អាច​ត្រូវ​បាន​មើល​ឃើញ​ថា ជា​ការ​ដើរ​ប្រាស​ចាក​ពី​យុទ្ធសាស្ត្រ​ដែល​ផ្ដល់​ដោយ​ក្រុមហ៊ុន​ប្រឹក្សា​យោបល់​មក​ពី​ប្រទេស​អ៊ីស្រាអែល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ