ប៉ុន្មានខែចុងក្រោយនេះ កម្មករបានអះអាងថា ថៅកែរោងចក្រមួយចំនួន ជាពិសេសនៅស្រុកស្អាង ខេត្តកណ្តាល ត្រូវបានថៅកែ ព្យួរការងារ ឬឈប់បន្តកិច្ចសន្យាខ្លីឲ្យកម្មករ កម្មការិនី ជាដើម។
រោងចក្រ ដែលស្ថិតនៅស្រុកស្អាង ខេត្តកណ្តាល រួមមាន រោងចក្រ ឌីក នា ធី ហៅរោងចក្រថ្នល់ចិន រោងចក្រ ស្យុង យិន រោងចក្រ ឃីង វ៉េ និងរោងចក្រផ្សេងទៀតជាដើម។
ឈរនៅមុខផ្ទះជួល អតីតកម្មការិនី សែ ស្រីរីម ធ្វើការនៅរោងចក្រ ឃីង វ៉េ ស្ថិតនៅភូមិព្រែកត្រែង ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្តាល បានរៀបរាប់ថា កាលពីពេលថ្មីៗនេះ ថៅកែរោងចក្រ បានឈប់បន្តកិច្ចសន្យាខ្លីឲ្យកម្មករប្រហែល១ពាន់នាក់ ដោយថា រោងចក្រគ្មានការងារឲ្យកម្មករធ្វើ។ ករណីនេះ អ្នកនាងថា ធ្វើឲ្យប៉ះពាល់ដល់ជីវភាពគ្រួសារ ខណៈរូបគាត់ មិនទាន់រកការងារថ្មី បានធ្វើនៅឡើយ។
អ្នកនាងនិយាយថា«អត់មាន គ្រួសារមិនសូវប៉ុន្មានទេ ដល់ពេលយើងបែងចែកគ្រួសារហើយ យើងត្រូវការវែកញែករឿងលុយកាក់ ទីមួយ[ចំណាយលើ]ម្ហូបអាហារ ការរស់នៅសព្វថ្ងៃ ទីបីនៅលើកូន លើអីសព្វគ្រប់ទំាងអស់ ផ្ទះជួលក៏វាមានផលវិបាក…វាពិបាកសព្វគ្រប់មិនស្រួលទេ កិច្ចសន្យាខ្លី ធ្វើឲ្យយើងប៉ះពាល់ ច្រើនណាស់»។
កម្មការិនី រី ស៊ីមន ធ្វើការងារនៅ រោងចក្រ ស្យុង យិន ជិត៥ឆ្នាំ បានរៀបរាប់ថា ថៅកែរោងចក្រឈប់បន្តកិច្ចសន្យាខ្លីឲ្យកម្មករក្នុងខែកញ្ញានេះ ប្រហែលជា៣៦នាក់ និងព្យួរការងារប្រហែល៦០នាក់។ កម្មការិនីរូបនោះឲ្យដឹងទៀតថា ករណីថៅកែរោងចក្រឈប់បន្តកិច្ចសន្យាខ្លីឲ្យ ទំនងជាដឹងថា គាត់ចូលរួមជាមួយសហជីពស៊ីខៅឌូ។
កម្មការិនី ស៊ីមន ហៅការឈប់បន្តកិច្ចសន្យាខ្លីឲ្យគាត់ថា អ្នកគ្រប់គ្រងរោងចក្រប្រកាន់បក្សពួកនិយម និងរើសអើងពួកគេ។
កម្មការិនីនិយាយថា៖ «ក្រុមខ្ញុំ ៥ទៅ ៦នាក់ អ្នកចូលសហជីពស៊ីខៅឌូ ហើយបើខាងគេ[រោងចក្រ]គេបញ្ចប់អាណត្តិដែរ តែឥឡូវគេបន្តអាណត្តិឲ្យវិញ អយុត្តធម៌ណាស់ ព្រោះខាងសហជីពចិន គេបន្តអាណត្តិឲ្យ[កម្មករ] អ្នកចូលសហជីពស៊ីខៅឌូ គេអត់បន្តអាណត្តិឲ្យ…វាប៉ះពាល់ ដល់ការងារកម្មករយើង ដែលតស៊ូ រាប់ឆ្នាំមក ខ្លះ៤ឆ្នាំ ខ្លះ៣ឆ្នាំ ដ៏ពេលចឹងគ្នាអស់ទឹកចិត្ត»។
កម្មករទំាងនោះអះអាងថា កិច្ចសន្យាខ្លី មានរយៈពេល៣ខែ ហើយក្នុងកិច្ចសន្យានេះ ១ខែធ្វើកិច្ចសន្យាម្តង ខណៈកិច្ចសន្យាវែងមានរយៈពេល១ឆ្នាំ។ ពួកគេថា ការធ្វើការងារក្នុងកិច្ចសន្យាខ្លី មិនទទួលអត្ថប្រយោជន៍ផ្សេងៗ ដូចអ្នកធ្វើការក្នុងកិច្ចសន្យាវែងទេ ហើយថែមទាំងប្រឈមថៅកែរោងចក្របញ្ឈប់មុនគេទៀត។
ម្ចាស់ផ្ទះជួលនៅ ឃុំសិត្បូ ស្រុកស្អាង លោក ហែម នន់ បានឲ្យដឹងថា ក្រោយពីបុណ្យភ្ជុំបិណ្ឌ កម្មករ កម្មការិនី ដែលធ្លាប់ជួលផ្ទះរបស់គាត់ គឺឈប់ជួល ដោយសារកម្មករទំាងនោះ ត្រូវបានថៅកែឈប់បន្តកិច្ចសន្យាខ្លីឲ្យ។ ករណីនេះ លោកថា ធ្វើឲ្យគ្រួសារគាត់បាត់ចំណូលមួយផ្នែក នៅពេលមិនមានកម្មករជួលផ្ទះស្នាក់នៅ។
លោកនិយាយថា៖ «អត់មានកម្មករមកជួល យើងអត់មានបាន[លុយ]អ្វី កម្រៃណាចូល ប៉ះពាល់សព្វគ្រប់ តំាងពីជីវភាពយើងលក់ដូរ ផ្ទះវាអត់មានអ្នកចូល វាស្ងាត់ ដ៏អញ្ចឹង វា ធ្លាក់ចុះតាមហ្នឹងដែរ»។
ចំណែកអ្នកលក់បាយ សម្លរ នៅមុខរោងចក្រ ស្យុង យិន គឺអ្នកស្រី គាង សោភ័ណ្ឌ សង្កេតឃើញថា ប៉ុន្មានខែចុងក្រោយនេះ មិនមានកម្មករទៅធ្វើការច្រើនដូចសព្វដងទេ ករណីនេះ ធ្វើឲ្យគាត់លក់ដូរក៏មិនសូវដាច់ដែរ។ អ្នកស្រី អំពាវនាវទៅរោងចក្រកុំបញ្ចប់កិច្ចសន្យាខ្លីដល់កម្មករ ដោយថា ធ្វើយ៉ាងណាឲ្យពួកគេបានធ្វើការងារបន្តទៀត។
អ្នកស្រីនិយាយថា៖ «តំាងពីភ្ជុំបិ ណ្ឌរហូតដល់ថ្ងៃនេះ ខ្ញុំលក់ដីរ បាយ សម្លរ អត់ដាច់ទេ សំណូមពរកុំបិទអីរោងចក្រ ឲ្យដំណើរការល្អឡើងវិញទៅ ដើម្បីឲ្យខ្ញុំបានរកមុខរបរខ្ញុំផង…រាល់ថ្ងៃលក់អត់ដាច់ អត់សូវមានកម្មករធ្វើការ បញ្ឈប់អស់ហើយ»។
សរុបមកវិញទំាងកម្មករ ម្ចាស់ផ្ទះជួល និងអ្នកលក់ដូរនៅម្តុំរោងចក្រ បានលើកឡើងប្រហាក់ប្រហែលគ្នាថា ពួកគេមិនចង់ឲ្យថៅកែរោងចក្រឈប់បន្តកិច្ចសន្យាខ្លី ដល់កម្មករនោះទេ ដោយថា ការឈប់បន្តកិច្ចសន្យាខ្លីនេះ ធ្វើឲ្យពួកគេប៉ះពាល់ដល់ជីវភាពក្នុងគ្រួសារដូចគ្នា។
អនុប្រធានរដ្ឋបាលរោងចក្រ ស្យុង យិន លោក ឆូយ វិបុល ច្រានចោលការលើកឡើងរបស់កម្មករ ដែលថា ថៅកែរោងចក្រ ឈប់បន្តកិច្ចសន្យាខ្លីដល់កម្មករ កម្មការិនី ជាការរើសអើងកម្មករ ពេលចូលសហជីព។
លោកបញ្ជាក់ថា ដើមចមដែលរោងចក្រឈប់បន្តកិច្ចសន្យាខ្លី ដោយសាររោងចក្រមិនមានការងារឲ្យកម្មករធ្វើ នឹងធ្វើតាមច្បាប់ជាតិ។
លោកនិយាយថា៖ «យើង អនុវត្តតាមច្បាប់ព្រះរាជាណាចក្រកម្ពុជាយើង មាត្រា៧៣ គេបាននិយាយច្បាស់ហើយ កិច្ចសន្យាកាលណាផុតរលុត នៅពេលដែលដល់អាណត្តិនៃកិច្ចសន្យា ធម្មតាការចង់នៅធ្វើការទំាង គេ ទំាងខ្ញុំ ធ្វើការដើម្បីបានលុយ តើយើងយល់អារម្មណ៍ខ្លួនឯង ក៏ប៉ុន្តែក្រុមហ៊ុនគាត់ជួបវិបត្តិសេដ្ឋកិច្ច គឺអត់មានអីវ៉ាន់ឲ្យគាត់[កម្មករ]ធ្វើ»។
ទាក់ទិននិងរឿងកម្មករ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានកំណត់ពេលពីរថ្ងៃក្នុងមួយសប្ដាហ៍ គឺថ្ងៃអាទិត្យ និងថ្ងៃពុធ ដើម្បីជួបសំណះសំណាល និងចុះសួរសុខទុក្ខកម្មករតាមបណ្ដារោងចក្រនានា។
អំឡុងពេលជួបសំណេះសំណាលនោះ លោក ហ៊ុន សែន បានប្រកាសម្តងហើយម្តងទៀតថា ប្រាក់ឈ្នួលកម្មករនឹងត្រូវដំឡើងជាបន្តបន្ទាប់ ពោលមិនតិចជាង ១៦៨ដុល្លារ ចាប់ដើមឆ្នាំ២០១៨ទៅ បូករួមទាំងសេវាថែរទាំងសុខភាព ពីស្ថាប័នរដ្ឋដោយឥតបង់ថ្លៃ ខណៈពាក់ព័ន្ធកិច្ចសន្យាខ្លីសម្រាប់កម្មករ មិនឃើញលោក ហ៊ុន សែន លើកឡើងនោះទេ។
តំណាងសហជីពស៊ីខៅឌូ ប្រចំានៅរោងចក្រ ស្យុង យិន លោក សំរ៉ុង បុរី គំាទ្រការប្រកាសរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដែលថា ដំឡើងប្រាក់ខែឲ្យកម្មករយ៉ាងតិច១៦៨ដុល្លារ ក្នុងមួយខែ ចាប់ពីដើមឆ្នាំ២០១៨នោះ។ ប៉ុន្តែលោក ចង់ឲ្យរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធ ជំរុញទៅថៅកែរោងចក្រ ឲ្យយកចិត្តទុកដាក់ដល់កម្មករ ដោយថា ថៅកែរោងចក្រគួរតែព្យួរការងារ និងផ្តល់ប្រាក់ខែឲ្យកម្មករ៥០ភាគរយនៃប្រាក់ខែដែលពួកគេ ទទួលបានជារៀងរាល់ខែក្នុងមួយនាក់ ជាជាងឈប់បន្តកិច្ចសន្យាខ្លីឲ្យពួកគេ។
លោកស្នើថា៖ «អត់ចង់ឲ្យមានការព្យួរ អត់ចង់ឲ្យមានការបញ្ចប់ទេ សម្រាប់ខ្ញុំ បើថាអត់ ជាក់ស្តែងអត់មានអ្វីធ្វើឲ្យពួកគាត់ស៊ី៥០ភាគរយ ព្រោះឲ្យគាត់ស៊ី៥០ភាគរយ គាត់អាចបានអត្ថប្រយោជន៍ខ្លះ បើព្យួរ ឬបញ្ចប់ គឺពិបាកមែនទែន»។
របាយការណ៍ចុងក្រោយនៃបេឡាជាតិរបបសន្តិសុខសង្គម បង្ហាញថា កម្មករដែលធ្វើការក្នុងវិស័យកាត់ដេរសព្វថ្ងៃមានចំនួន៨០ម៉ឺននាក់ នៅក្នុងក្រុមហ៊ុនរោងចក្រកាត់ដេរចំនួនជាង១ ០០០។
ទោះយ៉ាងណា គេមិនទាន់ឃើញចំនួនតួលេខកម្មករ ជាប់កិច្ចសន្យាវែង និងកិច្ចសន្យាខ្លី ថាមានប៉ុន្មាននាក់នៅឡើយ ដែលកំពុងធ្វើការនៅក្នុងប្រទេសកម្ពុជា៕