មន្ត្រី​រដ្ឋាភិបាល​ថា​កិច្ច​គាំ​ពារបរិស្ថាន​មាន​ហើយ​តែខ្វះ​ការ​ចូល​រួមពី​ប្រជា​ពល​រដ្ឋ​

មន្ត្រីក្រសួងបរិស្ថានឲ្យដឹងថា ច្បាប់និងយន្តការរដ្ឋក្នុងកិច្ចគាំពារបរិស្ថាននៅកម្ពុជាគឺមានគ្រប់គ្រាន់អស់ហើយ តែនៅខ្វះការចូលរួមអនុវត្តន៍របស់ប្រជាជនតែប៉ុណ្ណោះ ដែលត្រូវទាមទារឲ្យមានការបង្រៀនពួកគេពីផលប្រយោជន៍នៃកិច្ចគាំពារបរិស្ថានទាំងនេះ។

អនុរដ្ឋលេខាក្រសួងបរិស្ថាន លោក ស៊ូ សូវុធ បានឆ្លើយទៅនឹងសំនួរអ្នកសារព័ត៌មានបន្ទាប់ពីបានចូលរួមបើកសិក្ខាសិលាថ្នាក់ជាតិទាក់ទងនឹងការចូលរួមជាសារធាណៈនៅក្នុងការវាយតម្លៃហេតុប៉ះពាល់បរិស្ថាននៅព្រឹកថ្ងៃសុក្រ ទី២៨ តុលានេះថា យន្តការរដ្ឋាភិបាលរួមទាំងច្បាប់ផងនោះគឺមានគ្រប់គ្រាន់អស់ហើយ តែលោកថាអ្វីដែលធ្វើឲ្យយន្តការទាំងនេះមិនអាចប្រព្រឹត្តិទៅបានរលូននោះ គឺដោយសារខ្វះការចូលរួមអនុវត្តពីសំណាក់ប្រជាពលរដ្ឋ។

លោកមានប្រសាសន៍ថា៖ «វានៅមានភាពខ្វះចន្លោះតែម្យ៉ាងទេ ធម្មតាច្បាប់ធ្វើឡើងចាប់បង្ខំមនុស្សឲ្យគោរព។ ច្បាប់ធ្វើឡើងចាប់មនុស្សឲ្យគោរព មិនមែនច្បាប់មកអង្វរមនុស្សទេ។ … ដូច្នេះយើងត្រូវឲ្យគាត់យល់អំពីថា តើសារៈសំខាន់អ្វីខ្លះដែលកើតឡើងពីផលប៉ះពាល់ មានសារៈសំខាន់ណាស់អញ្ចឹងគាត់ត្រូវតែចូលរួមផ្តល់យោបល់មកចង់បានរបៀបម៉េច កែច្នៃយ៉ាងម៉េច បញ្ជៀសកន្លែងណាខ្លះដែលគាត់មិនចង់បាន»។

លោក អ៊ូច ឡេង ដែលទទួលបានពានរង្វាន់ពីបរទេសខាងកិច្ចការពារបរិស្ថាន ទទួលស្គាល់ថាយន្តការច្បាប់របស់កម្ពុជា គឺមានគ្រប់គ្រាន់សម្រាប់កិច្ចការពារបរិស្ថាននៅកម្ពុជានេះ តែលោកថាអ្វីដែលសំខាន់នោះ គឺទៅលើអ្នកអនុវត្តន៍ច្បាប់ទាំងនេះ។ លោកមើលឃើញថា អ្នកអនុវត្តន៍ច្បាប់មួយចំនួនបានបំពានច្បាប់ ហើយយកច្បាប់ទៅធ្វើការរកស៊ីដើម្បីប្រយោជន៍ផ្ទាល់ខ្លួននិងចូលរួមបំផ្លិចបំផ្លាញព្រៃឈឺទៅវិញទេ។

លោកមានប្រសាសន៍ថា៖ «ហើយនៅតាមបណ្តាខេត្តមួយចំនួនដូចជាមណ្ឌលគិរី រតនគិរី ក្រចេះ ស្ទឹងត្រែង ព្រះវិហារ កោះកុង អីហ្នឹងជាដើមហ្នឹង គឺមុខរបបរបស់មន្ត្រីរដ្ឋាភិបាលមួយចំនួនធំហ្នឹង គឺអត់មានអ្វីក្រៅពីឈើហើយនិងសត្វព្រៃទេ ចឹងហើយនេះជាការបារម្ភមួយ។ ទោះបីជាគាត់ដឹងច្បាប់យ៉ាងណាក៏ដោយ ក៏គាត់បណ្តោយឲ្យប្រជាពលរដ្ឋ បណ្តោយឲ្យអ្នកទៅពីខាងក្រៅ ចូលទៅប្រមូលព្រៃឈើហើយដឹកយកទៅលក់នៅប្រទេសវៀតណាម ប្រទេសអីជាដើមហ្នឹង គឺធ្វើឡើងជាចំហ ដោយសុវត្ថិភាព និងមានការជួយសម្រួលពីមន្ត្រីជំនាញនិងមន្ត្រីមានសមត្ថភាពអីជាដើម»។

លោក អ៊ូច ឡេង បន្តថាបច្ចុប្បន្ននេះការនាំឈើចេញទៅវៀតណាម ហាក់បីដូចជាស្បើយបន្តិចហើយ តែលោកថាអ្វីដែលជាបញ្ហានៅពេលនេះ គឺការចរាចរណ៍ឈើនៅក្នុងស្រុក ដែលធ្វើឡើងដោយមន្ត្រីមានអំណាច។ លោកឲ្យជាយោបល់ថា ដើម្បីធ្វើឲ្យកិច្ចគាំពារនិងថែរក្សាបរិស្ថាននៅកម្ពុជានេះមានប្រសិទ្ធភាព គឺត្រូវបិទដេប៉ូលក់និងកែឆ្នៃឈើទាំងអស់ ជាពិសេសត្រូវត្រួតពិនិត្យឲ្យបានខ្លាំងទៅលើមន្ត្រីដែលធ្វើការទាក់ទងទៅនឹងព្រៃឈើនេះ។

គួរបញ្ជាក់ថាកាលពីកន្លងទៅ រដ្ឋាភិបាលបានប្រកាសដកហូតតំបន់ព្រៃចំនួន១៨កន្លែង មានផ្ទៃដីសរុបជាង២៦ម៉ឺនហិកតា (២ ៦៧៤ ៥០៣) ដូចជាព្រៃនៅតំបន់ក្រវាញខាងត្បូង ក្នុងខេត្តពោធិ៍សាត់ ព្រៃព្រះរការ ក្នុងខេត្តព្រះវិហារ និងព្រៃនៅតំបន់មួយចំនួនទៀត រួមទាំងតំបន់ព្រៃឡង់ផង ធ្វើជាតំបន់អភិរក្សវិញ។

ទាក់ទងទៅនឹងកិច្ចសហប្រតិបត្តិការនៃការការពារព្រៃឈើនិងបរិស្ថាន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី២២ ខែសីហា សម្រេចឲ្យមានការជួបប្រជុំរវាងរដ្ឋាភិបាលនិងអង្គការពាក់ព័ន្ធ៣ខែម្តង និងបានសម្រេចឲ្យមានជំនួបនេះជាមួយនាយករដ្ឋមន្ត្រីមួយឆ្នាំម្តងផងដែរ។ លោកជំរុញឲ្យក្រសួងពាក់ព័ន្ធស្តាប់ពាក្យពិត៣ខែម្តង ជាជាងស្តាប់ពាក្យកុហក៥ឆ្នាំម្តង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ