សកម្មជនបរិស្ថានថារងការវាយដំពីម្ចាស់សិប្បកម្មឈើខុសច្បាប់

អ្នកឃ្លាំមើលបរិស្ថានអះអាងថា ម្ចាស់សិប្បកម្មកែច្នៃឈើឯកជនខុសច្បាប់មួយកន្លែងនៅខេត្តក្រចេះ បានគំរាមកំហែងនិងស្ទុះមកវាយលើសកម្មជនការពារព្រៃឡង់ ខណៈពួកគេត្រឡប់មកពីល្បាតព្រៃ។

សកម្មជនការពារព្រៃឡង់ លោក យ៉ា ស្មាក់ ដែលអះអាងថា រងការគំរាមកំហែងបានរៀបរាប់ប្រាប់VODថា ម្ចាស់សិប្បកម្មកែច្នៃឈើឯកជនធ្វើទ្វារបង្អួច ស្ថិតនៅភូមិស្ពានក្តា ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ បានគំរាមកំហែងនិងស្ទុះមកវាយលោកត្រូវដៃ បណ្តាលឲ្យជ្រុះទូរសព្ទ ខណៈពួកគេចំនួន៣នាក់ត្រឡប់មកពីល្បាតព្រៃកាលពីល្ងាចថ្ងៃទី២៧ ខែតុលាម្សិលមិញ។

លោក យ៉ា ស្មាក់ ឲ្យដឹងទៀតថា ម្ចាស់សិប្បកម្ម ឈ្មោះ ថាច បានគំរាមពួកគេថា បើសកម្មជនការពារព្រៃឡង់នៅតែចុះល្បាតព្រៃទៀត នឹងមានគ្រោះថ្នាក់ដល់ជីវិត៖ «គេ(ម្ចាស់សិប្បកម្មកែច្នៃឈើ)និយាយថា បើចុះល្បាតថ្ងៃក្រោយនឹងមានគ្រោះថា្នក់ដល់ជីវិត»។

ទោះជាមានការគំរាមសម្លាប់បែបនេះក្តី លោក យ៉ា ស្មាក់ បញ្ជាក់ថា ពួកគេនៅតែបន្តចុះស្រាវជ្រាវរកបទល្មើសព្រៃឈើបន្តទៀត ដោយថាដើម្បីការពារព្រៃឈើនិងទុកឲ្យក្មេងជំនាន់ក្រោយបានឃើញធនធានធម្មជាតិរបស់កម្ពុជា។

យ៉ាងណាក៏ដោយVODមិនអាចសុំការបំភ្លឺពី លោក ថាច ដែលជាម្ចាស់សិក្បកម្មកែច្នៃឈើឯកជនបានទេ។

ព្រៃឡង់ស្ថិតក្នុងខេត្តចំនួន៤ គឺខេត្តស្ទឹងត្រែង កំពង់ធំ ក្រចេះ និងព្រះវិហារ។ បើតាមសកម្មជនការពារព្រៃឡង់អះអាងថា នៅខេត្តក្រចេះ ព្រៃនៅសេសសល់ពីឈ្មួញកាប់បំផ្លាញមានជាង១១ម៉ឺនហិកតាតែប៉ុណ្ណោះ។

អ្នកសម្របសម្រួលសហគមន៍ដើម្បីសន្តិភាពការពារព្រៃឡង់ លោក ផៃ ប៊ុនលាង យល់ថាករណីម្ចាស់សិប្បកម្មកែច្នៃឈើឯកជនធ្វើការគំរាមកំហែងលើសកម្មជនការពារព្រៃឡង់ ជាការបិទសិទ្ធិសេរីភាពអ្នកចូលរួមការពារធនធានធម្មជាតិ។ លោកស្នើទៅស្ថាប័នពាក់ព័ន្ធចុះស្រាវជ្រាវនិងចាត់វិធានការច្បាប់លើម្ចាស់សិប្បកម្មនោះ៖ «បើសិនជាសិប្បកម្មនៅតែបន្ត វានឹងមានសិប្បកម្មបន្តកាប់បំផ្លាញព្រៃឡង់ ពាក់ព័ន្ធនឹងអ្នកដែលមានតួនាទីគួរតែចុះស៊ើបការ ដើម្បីការពារព្រៃ យើងអនុវត្តច្បាប់ទំាងអស់គ្នាទៅ»។

ប្រធានមន្ទីរបរិស្ថានខេត្តក្រចេះ លោក ឆាយ ឌួងសាវុធ មានប្រសាសន៍ថា លោកទទួលស្គាល់ថាពិតជាមានសិប្បកម្មកែច្នៃឈើខុសច្បាប់មែន តែលោកថានឹងសុំគោលការណ៍ពីថ្នាក់លើ ដើម្បីបិទសិប្បកម្មនោះ៖ «ខ្ញុំសិក្សារួចអស់ហើយ ឈើដែលវាយកមកចូលក្នុងសិប្បកម្មវា គឺវាទាញយកឈើពីព្រៃឡង់មក លួច ខ្ញុំកំពុងរៀបចំកំលំាងខ្ញុំទៅដាក់នៅស្ពានក្តារមួយក្រុម ក៏ប៉ុន្តែពេលខ្ញុំត្រឡប់ទៅវិញនេះ(ត្រឡប់ពីភ្នំពេញទៅខេត្តក្រចេះ) ខ្ញុំសុំគោលការណ៍ពីឯកឧត្តម គណៈបញ្ជាការឯកភាពខេត្តនិងឆ្លងសុំយោបល់គាត់ឲ្យទៅរដ្ឋបាលព្រៃឈើ ត្រូវតែបង្ក្រាបលើសិប្បកម្ម មិនឲ្យធ្វើនៅទីនោះទៀតទេ»។

គួរបញ្ជាក់ថាក្នុងវេទិកាស្តីពី “ការការពារនិងអភិរក្សធនធានធម្មជាតិ” កាលពីថ្ងៃទី២២ ខែសីហា លោក ហ៊ុន សែន ក៏បានប្រកាសឲ្យស្ថាប័នដែលធ្វើការពាក់ព័ន្ធនឹងធនធានធម្មជាតិចំនួន៦ មានក្រសួងបរិស្ថាន ក្រសួងកសិកម្ម ក្រសួងរៀបចំដែនដី ក្រសួងរ៉ែនិងថាមពល ក្រសួងឧស្សាហកម្ម និងក្រសួងធនធានទឹក ត្រូវចូលរួមពិភាក្សានិងទទួលយកអនុសាសន៍នានាពីក្រុមអង្គការសង្គមស៊ីវិលជារៀងរាល់៣ខែម្តង ដើម្បីរកវិធីសាស្ត្រការពារនិងដោះស្រាយបញ្ហាធនធានធម្មជាតិឲ្យមានប្រសិទ្ធភាព។

ទោះជាយ៉ាងណា សមាជិកបណ្តាញសហគមន៍ព្រៃឡង់នៅតែព្រួយបារម្ភអំពីប្រសិទ្ធភាពនៃការអនុវត្តជាក់ស្តែងរបស់ស្ថាប័នពាក់ព័ន្ធនានា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ