មេដឹកនាំកម្ពុជា បានស្នើទៅជប៉ុន ឲ្យបន្ដការគាំទ្រការបោះឆ្នោតថ្នាក់ជាតិនៅឆ្នាំ២០១៨នេះ បន្ទាប់ពីអតីតគណបក្សប្រឆាំងដ៏ធំមួយ ត្រូវបានតុលាការរំលាយចោលតាមបណ្ដឹងរបស់រដ្ឋាភិបាល។
លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានសរសេរលើហ្វេសប៊ុករបស់លោកនៅថ្ងៃនេះថា លោកបានជួបជាមួយរដ្ឋលេខាធិការក្រសួងការបរទេសជប៉ុន លោក កាហ្ស៊ូយូគី ណាកាណេ( Kazuyuki NAKANE) នៅវិមានសន្ដិភាព។
លោក ហ៊ុន សែន សរសេរទៀតថា ក្នុងជំនួបនោះ លោកបានស្នើទៅរដ្ឋាភិបាលជប៉ុន ឲ្យបន្ដជួយគាំទ្រ និងបញ្ជូនអ្នកឃ្លាំមើលភាពត្រឹមត្រូវនៃដំណើរការបោះឆ្នោតតាមបែបប្រជាធិបតេយ្យនៅកម្ពុជា ដែលនឹងប្រព្រឹត្តិទៅនាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។
ការស្នើរបស់លោក ហ៊ុន សែន ក៏ត្រូវបានគេមើលឃើញថា ធ្វើឡើងបន្ទាប់ពីគណបក្សសង្គ្រោះជាតិ ដែលមានអ្នកគាំទ្រជិតពាក់កណ្ដាលប្រទេស ត្រូវបានតុលាការកំពូលរំលាយ នៅមុនការបោះឆ្នោតឆ្នាំ២០១៨។
សហគមន៍អន្ដរជាតិ នាំមុខសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក ក៏បានព្រមានដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងការទូត ដោយថា កម្ពុជា កំពុងឆ្ពោះទៅរករបបផ្ដាច់ការ និងផ្ទុយពីស្មារតីនៃកិច្ចព្រមព្រៀងក្រុងប៉ារីស។
សហគមន៍អន្តរជាតិក៏បានព្រមានមិនទទួលស្គាល់ការបោះឆ្នោតថ្នាក់ជាតិនាពេលខាងមុខផងដែរ ដោយថា ប្រសិនបើរដ្ឋាភិបាលកម្ពុជាមិនស្ដារលទ្ធិប្រជាធិបតេយ្យ និងមិនបើកឲ្យគណបក្សសង្គ្រោះជាតិចូលរួមការបោះឆ្នោតឡើងវិញនោះ៕