អ្នក​ភូមិ​​​មក​ពី​ខេត្ត​ព្រះវិហារ​ព្រមាន​បន្ត​ការ​តវ៉ាជា​ថ្មី​ បើ​គ្មាន​ដំណោះ​ស្រាយ​ជុំ​វិញ​ជម្លោះ​ដី​ធ្លី

ក្រុម​អ្នក​ភូមិ​មានជម្លោះដីធ្លីរ៉ាំរ៉ៃ​ជាមួយតំណាងរាស្ត្រខេត្ត​ព្រះវិហារ​មកពីគណបក្សប្រជាជនកម្ពុជា បាន​ឡើង​មក​ស្វែង​រកកិច្ចអន្តគមន៍ជាថ្មីពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឲ្យពន្លឿនដំណោះ​ស្រាយ​​ជូនពួកគេឲ្យបានឆាប់  ដោយព្រមាន​ថា នឹង​បន្ត​ស្វែង​រក​កិច្ច​អន្តរាគមន៍​ជា​ថ្មី ប្រសិនបើ​​​មិន​ទទួល​បាន​ដំណោះ​ស្រាយ​ទេ​នោះ។

ជា​អ្នក​ភូមិ​ម្នាក់​ក្នុង​ចំណោម​ពលរដ្ឋ​មក​ពី​ភូមិ​ស្វាយជ្រុំ ឃុំ​កន្ទួត ស្រុក​ជាំក្សាន្ត លោក គិន ចន្ថា បាន​ប្រាប់​ឲ្យ​ដឹង​ថា ក្រុម​អ្នក​ភូមិ​បាន​ស្វែង​រក​ដំណោះ​ស្រាយ​​ពី​អភិបាល​ខេត្ត​ព្រះវិហារ ២​ជំនាន់​រួច​មក​ហើយ ហើយ​ក៏​បាន​ស្វែង​រក​កិច្ច​អន្តរាគមន៍​ពី​ក្រសួង​មហាផ្ទៃ​ផង​ដែរ ប៉ុន្តែ លោក​ថា នៅ​តែ​គ្មាន​ដំណោះ​ស្រាយ​ដដែល។

លោករៀប​រាប់ថា៖ «ខ្ញុំប្រជាពលរដ្ឋទាំងអស់នាំគ្នា មក​ទាមទារឲ្យធ្វើម៉េច​ឲ្យ​សម្តេចក្រឡាហោម ស ខេង ជួយ​ជំរុញ​ទៅ​ក្រសួង​ដែនដីនគររូបនីយកម្ម ជួយការពន្លឿនដោះស្រាយ​ឲ្យបានឆាប់រហ័ស ព្រោះ​បច្ចុប្បន្ននេះជួបកា​រ​លំ​បា​ក​ ខ្លះ​ចំណាក​ស្រុកទៅនៅប្រទេសថៃ រកស៊ីដើម្បីចិញ្ចឹមជីវិត ទីជម្រកដែលខ្ញុំរស់នៅអត់មាន ជួបការលំបាកច្រើន​»។​

វីអូឌី​មិន​អាច​ទំនាក់​ទំនង​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ ដើម្បី​ឆ្លើយ​តប​នឹង​បញ្ហា​នេះ​បាន​នៅ​ឡើយ​ទេ ដោយ​ទូរស័ព្ទ​ហៅ​ចូល ប៉ុន្តែ ជាប់​រវល់។

បើ​តាម​ពលរដ្ឋ​ដដែល​នេះ ជម្លោះ​ដី​ធ្លីបាន​ផ្ទុះ​ឡើង​កាល​ពី​ខែ​មករា ឆ្នាំ​២០១២ បន្ទាប់​ពី​តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា លោក សួស យ៉ារ៉ា ដែល​កាល​នោះ​ជា​​អនុ​រដ្ឋ​លេខាធិការ​ទីស្ដីការ​គណៈរដ្ឋ​មន្ត្រី​នោះ បាន​បញ្ជា​ឲ្យ​​គ្រឿង​ចក្រ​ទៅ​ឈូស​ឆាយ​វាយ​កម្ទេច​​ផ្ទះ​សម្បែង សាលា​រៀន និង​វត្ត​អារាម ហើយ​បាន​បណ្ដេញ​ប្រជា​ពលរដ្ឋ ២៥៣​គ្រួសារ និង​ព្រះ​សង្ឃ ឲ្យ​ចាក​ចេញ​ពី​ដី​ធ្លី​ផ្ទះ​សម្បែង​របស់​ពួកគេ។

ក្រុម​អ្នក​ភូមិ​បាន​ចោទ​តំណាង​រាស្ត្រ​បក្ស​កាន់​អំណាច​រូប​នេះ​​ថា បាន​ឃុបឃិត​គ្នា​ជាមួយ​ប្រធាន​អាជ្ញាធរ​ជាតិ​ព្រះវិហារ លោក ជុច ភឿន និង​អាជ្ញាធរ​ខេត្ត​នេះ​ប្លន់​យក​ដី​ធ្លី​របស់​ពួកគេ ហើយ​បានរាយការណ៍​ប្រាប់​ថ្នាក់​ដឹកនាំ​ប្រទេស​ថា ​ប្រជាជន​បាន​យល់​ព្រម​ចាក​ចេញ​ដោយ​ខ្លួន​ឯង ដើម្បី​គេច​ពី​គ្រោះ​ថ្នាក់​អំឡុង​ពេល​កង​ទ័ព​កម្ពុជា និង​ថៃ​ប៉ះ​ទង្គិច​គ្នា​នៅ​តាម​ព្រំដែន។

តំណាងរាស្ត្រខេត្តព្រះវិហារ លោក សួស យ៉ារ៉ា បានច្រានចោលការចោទប្រកាន់របស់ប្រជាពលរដ្ឋ ហើយ​ថា ជម្លោះ​ដី​ធ្លី​នេះ ត្រូវ​បាន​ស្ថាប័ន​ពាក់​ព័ន្ធ​ដោះ​ស្រាយ​ជូន​ប្រជាពលរដ្ឋ​រួច​ហើយ។ ករណីប្រជាពលរដ្ឋនាំ​គ្នាមក​​ក្រសួងមហាផ្ទៃនៅថ្ងៃនេះ លោក​ យ៉ារ៉ា បាន​ដាក់​មន្ទិល​សង្ស័យ​ថា ទំនងជាមានអ្នកនៅពីក្រោយខ្នងក្រុម​អ្នក​ភូមិ​ទាំង​នោះ។

លោកមានប្រសាសន៍ថា៖ «ស្ថាប័ននៅថ្នាក់ក្រោមជាតិ ស្ថាប័ននៅក្រសួងមហាផ្ទៃ ស្ថាប័ននៅរដ្ឋសភា បានទទួល​ពាក្យបណ្តឹងទាំងអស់ ហើយ​បានត្រួតពិនិត្យ និងដោះស្រាយ​ ៣ឆ្នាំហើយ ហើយទាំងអស់គ្នា​ក៏បាន​ឃើញ និងទទួលសេច​ក្តី​​សម្រេច​​របស់ក្រសួងដែរ។ អញ្ចឹង​អ្វីដែលការបង្កឡើងថ្មីនេះ គឺបានន័យថា វាមានអ្វីនៅពីក្រោយខ្នង​បានវាមានការ​កើត​ឡើង​ ហើយខ្ញុំមិនទាន់វិនិច្ឆ័យថា នរណាទេ ក៏ប៉ុន្តែជារឿង​មួយដែលមាន​ការ​អុច​អាល​»

ប្រធាន​គ្រប់​គ្រង​ផ្នែក​អង្កេត​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ លោក អំ សំអាត បានផ្ដល់​ជា​យោបល់​ឲ្យ​រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់​ព័ន្ធ ត្រូវ​ពន្លឿន​ដំណោះ​ស្រាយ​សម្រាប់​ជម្លោះ​ដី​ធ្លី​នេះ ដោយ​ថា ដើម្បី​ឲ្យ​ប្រជា​ពលរដ្ឋ​ជឿ​ជាក់​លើ​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល។

លោក​ប្រាប់ថា៖ «ខ្ញុំគិតថា មិនមែនតែបញ្ហា​ហ្នឹងទេ យើងគិតថា គ្រប់បញ្ហា​ដីធ្លីទាំងអស់ ប៉ុន្តែ បញ្ហា​នេះជាបញ្ហារាំរ៉ៃយូរហើយ គួរតែពន្លឿនដោះស្រាយ​ឲ្យបានលឿនសម្រាប់ប្រជាពលរដ្ឋ​ ទីមួយអាចឲ្យប្រជាពលរដ្ឋ អាចមានដីសម្រាប់បង្កបង្កើនផល​ សម្រាប់ចិញ្ចឹមគ្រួសារ​ ទីពីរ សម្រាប់ជាកិត្តិយស​របស់រដ្ឋាភិបាល របស់អាជ្ញាធរផង សម្រាប់ដោះស្រាយ​សម្រាប់ពួកគាត់​​»

ក្រុម​អ្នក​ភូមិ​ទាំង​នោះ បាន​ឲ្យ​ដឹង​ថា ពួកគេបានដាក់ញ្ញាត្តិទៅកាន់រដ្ឋសភា ក្រសួងរៀបចំដែនដី ខុទ្ទការល័យនាយករដ្ឋមន្ត្រី រួមទាំងស្ថានទូតនានា ប៉ុន្តែ ពុំមានការ​ឆ្លើយតប​អ្វីជាវិជ្ជមា​នស​ម្រាប់​ពួកគេ​នោះ​ទេ​រហូត​មក​ទល់​នឹង​សព្វថ្ងៃ​នេះ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ