តុលាការ​ខេត្ត​បន្ទាយមានជ័យ​កាត់​​ទោស​សកម្មជន​ដី​ធ្លី​​ម្នាក់​ឲ្យ​ជាប់​ពន្ធនាគារ​១ឆ្នាំ​ជុំ​វិញ​វិវាទ​ដី​ធ្លី

អ្នកស្រី ឡុង គន្ធី

មន្ត្រី​សមាគ​ម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក បាន​ឲ្យ​ដឹង​ថា សកម្មជន​ដី​ធ្លី​ម្នាក់​នៅ​ខេត្ត​បន្ទាយ​មានជ័យ ត្រូវ​បាន​តុលាការ​​ខេត្ត​នេះ សម្រេច​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ ១​ឆ្នាំ ក្រោម​ការ​ចោទ​ប្រកាន់​ថា បាន​លួច​វាស់​វែង​ដី​របស់​ប្រជា​ពលរដ្ឋ លក់​ទៅ​ឲ្យ​ពលរដ្ឋ​នៅ​ឃុំ​ផ្សេង​ទៀត។

អ្នក​សម្រប​សម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ប្រចាំ​ខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ចាន់គា បាន​ឲ្យ​ដឹង​ថា អ្នកស្រី ឡុង សុគន្ធី តំណាង​សហគមន៍​នៅ​ឃុំអូរបីជាន់ ស្រុក​អូរជ្រៅ ត្រូវ​បាន​សាលា​ដំបូង​ខេត្ត​នេះ សម្រេច​កាត់​ទោស និង​ចាប់​ដាក់​ឃុំ​រយៈ​ពេល ១​ឆ្នាំ កាល​ពី​ថ្ងៃ​ទី​១៥ ខែ​មីនា​កន្លង​មក​នេះ ក្រោម​ការ​ចោទ​ប្រកាន់​ថា បាន​លួច​វាស់​វែង​ដី​របស់​ប្រជា​ពលរដ្ឋ​ លក់​ទៅ​ឲ្យ​ពលរដ្ឋ​នៅ​ឃុំ​ផ្សេង​ទៀត។

អ្នក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​រូប​នេះ អះ​អាង​ថា សកម្មជន​ដី​ធ្លី​រូប​នេះ មិន​ជាប់​ពាក់​ព័ន្ធ​ដូច​ការ​ចោទ​ប្រកាន់​នោះ​ឡើយ ប៉ុន្តែ លោក​ថា តំណាង​សហគមន៍​រូប​នេះ ត្រូវ​បាន​កាត់​ទោស​បែប​នេះ ដោយសារ​តែ​គាត់​បាន​ចេញ​មុខ​តវ៉ា​ជុំ​វិញ​ជម្លោះ​ដី​ធ្លី​ក្នុង​សហគមន៍ ហើយ​អ្នកស្រី​ក៏​កំពុង​មាន​ជម្លោះ​ដី​ធ្លី​ជាមួយ​ឧកញ៉ា និង​មន្ត្រី​ធំៗ​មួយ​ចំនួន នៅ​ក្នុងខេត្ត​នេះ​ផង​ដែរ។

បើ​តាម​លោក ចាន់គា សមាគម​របស់​លោក​​បានផ្តល់មេធាវី និងដាក់ឯកសារប្តឹងជំទាស់សាល​ក្រម​របស់​សាលា​ដំបូង​នេះ ទៅសាលាឧទ្ធរណ៍រួចហើយកាលពីថ្ងៃទី​២៨ ខែ​មីនា។

លោកបន្ថែមថា៖ «ការឃុំខ្លួនអ្នកស្រី ឡុង សុគន្ធី នេះ ដោយសារគាត់មានប្រជាប្រិយក្នុងការតស៊ូមតិរឿងជម្លោះ​ដីធ្លីក្នុងខេត្តបន្ថាយមានជ័យ។ អញ្ចឹង ចេះទាញគាត់ ចេះតែចោទគាត់ រហូតដល់សម្រេចឃុំខ្លួនគាត់ ១ឆ្នាំទៀត។ យើងមើលឃើញថា វាជារឿងអយុត្តិធម៌ណាស់ បើតុលាការធ្វើអញ្ចឹង វាធ្វើឲ្យប៉ះពាល់ដល់ស្ថាប័នយុត្តិធម៌​ខ្លាំងណាស់។ គាត់មានជម្លោះដីធ្លីជាមួយឧញ៉ា សំ ផានណារិទ្ធ ជាមួយអ្នកមានអំណាចជាច្រើនទៀត ដែលដីគាត់កាន់កាប់ហើយ អ្នកទាំងនោះបានចូលទៅរំលោភបំពាន់លើកដីអ្នកស្រី»

វីអូឌីមិនអាចសុំការឆ្លើយតបពីអ្នកនាំពាក្យសាលាដំបូង​ខេត្តបន្ទាយមានជ័យ លោក សុខ​ កែវបណ្ឌិត បានទេជុំវិញបញ្ហានេះ ដោយលោកថា រវល់ជាប់ប្រជុំ។

មន្រ្តីអង្គការឲ្យដឹងថា កាលពី ២ថ្ងៃមុននេះ ប្រជាពលរដ្ឋប្រមាណ ១០០នាក់ បានប្រផ្តុំគ្នាមុខសាលាដំបូងខេត្ត​នេះ ២ថ្ងៃ ១យប់ ដើម្បីទាមទារឲ្យតុលាការដោះលែងតំណាងរបស់ពួកគេ គឺអ្នកស្រី អ្នកស្រី ឡុង សុគន្ធី ឲ្យមានសេរីភាពវិញ។

មន្រ្តីអង្គការដដែលថា ពលរដ្ឋទាំងនោះប្រមាណ ២៤៦គ្រួសារ មានជម្លោះដីជាមួយឧញ៉ា និងមន្រ្តីមាន​អំណាចក្នុងខេត្តនេះ ដោយប៉ះពាល់ដីធ្លីសរុប ១ ៣៥០ហិកតា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ