ភរិយាសពលោក កែម ឡី ថា គ្មាន​ជំនឿ​លើ​តុលាការ ក្រោយ​កោះ​ហៅ​ឲ្យ​ចូល​សវនាការ

អ្នកស្រី ប៊ូ រចនា (រូបពី SK Media)

ភរិយាសព​អ្នកវិភាគ​ល្បី​​ឈ្មោះ លោក បណ្ឌិត កែម ឡី គឺ​អ្នកស្រី ប៊ូ រចនា បាន​អះអាងថា អ្នក​ស្រី​គ្មាន​ជំនឿ​ថា ​តុលាការ​កម្ពុជា​នឹង​ស្វែង​រក​យុត្តិធម៌​ជូន​អ្នកស្រី​នោះ​ឡើយ បន្ទាប់​ពី​តុលាការ​កម្ពុជា​បាន​កោះ​ហៅ​អ្នកស្រី​ឲ្យ​ចូល​សវនាការ​នៅ​ដើម​ខែ​ក្រោយ​នេះ។

ក្នុង​ដីការ​កោះ​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​មីនា សាលា​ឧទ្ធរណ៍​បាន​បង្គាប់​ទៅ​អ្នកស្រី ប៊ូ រចនា ឲ្យ​ចូល​ក្នុង​សវនាការ​ជម្រះ​លើ​ជន​ជាប់​ចោទ ជួប សម្លាប់ នៅ​រសៀល​ថ្ងៃ​ទី​០៣ ខែ​មេសា​ខាង​មុខ​នេះ។

ប៉ុន្តែ អ្នកស្រី ប៊ូ រចនា បាន​សរសេរ​នៅ​លើ​គណនី​ហ្វេសប៊ុក​របស់​អ្នក​ស្រី​នៅ​ថ្ងៃ​នេះ​ថា អ្នកស្រី​គ្មាន​ជំនឿ​ទេ​ថា តុលាការ​កម្ពុជា​នឹង​ជួយ​រក​យុត្តិធម៌​ដល់​អ្នកស្រី​នោះ ចាប់​តាំង​ពី​ស្វាមី​របស់​អ្នកស្រី​ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​មក។

អ្នកស្រី ប៊ូ រចនា បានសរសេរថា៖ «តាំងពីស្វាមីនាងខ្ញុំត្រូវបានឃាតករបាញ់សម្លាប់រហូតមកដល់ពេលនេះ មានរយះពេលជិត ២ឆ្នាំហើយ កុំថាឡើយចង់ទៅដាក់ពាក្យបណ្តឹង សូម្បីតែគិតថា ទៅប្តឹងក៏មិនដែលគិតផង ពីព្រោះនាងខ្ញុំដឹងច្បាស់ហើយថា តុលាកានៅទីក្រុងភ្នំពេញ គ្មានសម្ថភាពចាប់ឃាតករពិត និងរកយុត្តិធម៌ឲ្យខ្ញុំបានឡើយ» ។

អ្នកស្រី ប៊ូ រចនា និង​កូន​ប្រុស​ទាំង ៥​នាក់​របស់​អ្នក​ស្រី ​ទទួល​បាន​សិទ្ធិ​ជ្រក​កោន​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី​ហើយ បន្ទាប់​ពី​រស់នៅ​ដោយ​លាក់​ខ្លួន​នៅ​ក្នុង​ប្រទេស​ថៃ ក្រោយ​ពី​ស្វាមី​របស់​អ្នកស្រី ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១៦។

រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ មាន​តែ​ខ្មាន់​កាំភ្លើង​ឈ្មោះ អឿត អាង ដែល​ហៅ​ខ្លួន​ឯង​ថា ជួប សម្លាប់ តែ​ម្នាក់​ប៉ុណ្ណោះ​ត្រូវ​បាន​ចាប់​ខ្លួន និង​កាត់​ទោស នៅ​ក្នុង​ករណី​ឃាតកម្ម​លើ​អ្នក​វិភាគ​ល្បី​ឈ្មោះ​លោក កែម ឡី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ