អង្គភាព​ប្រឆាំង​អំពើពុករលួយ​នឹងនាំ​​ខ្លួន​មន្ត្រីសិទ្ធិមនុស្សម្នាក់​​របស់​UN​ទៅ​សាកសួរ​ពី​ករណី​ស្រីមុំ

លោក ឱម យ៉ិនទៀង ថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន​នៅ​ថ្ងៃសុក្រ​នេះ

ប្រធានអង្គភាពប្រឆាំងអំពើពុករលួយលោក ឱម យ៉ិនទៀង បានឲ្យដឹងថា អង្គភាពនឹងនាំខ្លួនមន្រ្តីអង្គការសិទ្ធិមនុស្សនៅUN លោក ស៊ឺន សាលី ទៅសាកសួរពាក់ព័ន្ធនឹងករណីរបស់កញ្ញា ខុម ចាន់តារាទី ហៅស្រីមុំ បន្ទាប់មន្ត្រីUNរូបនោះមិនបានចូលខ្លួនទៅបំភ្លឺតាមការកោះហៅរបស់អង្គភាព។

នៅសប្ដាហ៍នេះ អង្គភាពប្រឆាំងអំពើពុករលួយបានចេញលិខិតកោះហៅមនុស្សចំនួន៨នាក់ឲ្យចូលទៅបំភ្លឺនៅអង្គភាព ដើម្បីស្តាប់ចម្លើយពាក់ព័ន្ធនឹងការណែនាំឲ្យកញ្ញាស្រីមុំ ផ្តល់ចម្លើយដល់អាជ្ញាធរមានសមត្ថកិច្ច។ ក្នុងចំណោមអ្នកទាំង៨ក៏មានមន្រ្តីអង្គការសិទ្ធិមនុស្សនៅUN លោក ស៊ឺន សាលី ផងដែរ ដោយលោកមិនបានចូលខ្លួនទៅបំភ្លឺតាមការកោះហៅនោះទេ។

ឆ្លើយតបទៅនឹងសំណួរអ្នកសារព័ត៌មានដែលបានចោទសួរពាក់ព័ន្ធនឹងករណីលោក ស៊ឺន សាលី ដែលមិនទាន់បានចូលខ្លួនបំភ្លឺនេះ លោក ឱម យ៉ិនទៀង បានលើកឡើងថា អង្គភាពនឹងបន្តធ្វើតាមច្បាប់គឺត្រូវនាំខ្លួនលោក ស៊ឺន សាលី ដើម្បីសាកសួរ តែពុំបានបញ្ជាក់កាលបរិច្ឆេទជាក់លាក់នោះទេ។ លោក ឱម យ៉ិនទៀង មានប្រសាសន៍ថា៖ “ច្បាប់គឺថា នៅពេលដែលខ្ញុំធ្វើលិខិតកោះម្ដងមិនចូល លើកទី២នាំខ្លួន..ខ្ញុំនិយាយថាច្បាប់ បើខ្ញុំមិនគោរពច្បាប់ខ្ញុំគោរពអ្នកណា? និយាយអាចម៉េច? ត្រូវតែនាំខ្លួន”

ពាក់ព័ន្ធនឹងការលើកឡើងថា លោក ស៊ឺន សាលី មានអភ័យឯកសិទ្ធិដោយសារជាមន្ត្រីរបស់អង្គការសហប្រជាជាតិនោះ លោក ឱម យ៉ិនទៀង មានប្រសាសន៍ថា លោក ស៊ឺន សាលី ជាមន្ត្រីរបស់ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ដែលលោកថាបានបញ្ចប់អាណត្តិរបស់ខ្លួននៅកម្ពុជាហើយ។ លោកមានប្រសាសន៍ថា៖ “សួរថា អាណត្តិគាត់(OHCHR) ចប់នៅ? គាត់ចប់បាត់ហើយ។ គាត់នៅរាល់ថ្ងៃអត់មានច្បាប់អីផងហ្នឹង! MOU គាត់ចប់ហើយតើ”

តំណាង OHCHR ប្រចាំប្រទេសកម្ពុជា លោកស្រី Wan-Hea Lee  មានប្រសាសន៍ប្រាប់វីអូឌី (VOD) តាមអ៊ីមែលថា MOU  រវាង OHCHR និងរដ្ឋាភិបាលកម្ពុជាពិតជាបានផុតកំណត់មែន។ លោកស្រីបន្តថា OHCHR កំពុងធ្វើការជាមួយរដ្ឋាភិបាលដើម្បីបន្តMOU ។ លោកស្រីបន្ថែមថា៖ “ទោះយ៉ាងណាក៏ដោយ MOU នេះមិនមែនជាមូលដ្ឋានសម្រាប់អភ័យឯកសិទ្ធិរបស់លោក ស៊ឺន សាលី ដែលកើតចេញពីតួនាទីរបស់លោកជាមន្ត្រីរបស់អង្គការសហប្រជាជាតិ និងត្រូវបានផ្តល់ជូន ក្រោមអនុសញ្ញាស្តីពីបុព្វសិទ្ធិ និងអភ័យឯកសិទ្ធិរបស់អង្គការសហប្រជាជាតិឡើយ”

លោកស្រី Wan-Hea Lee  បន្តទៀតថា ស្ថាប័នរបស់UN កំពុងទំនាក់ទំនងជាមួយរដ្ឋាភិបាលលើបញ្ហានេះ ដែលលោកស្រីសង្ឃឹមថានឹងនាំឲ្យមានការយល់ដឹងរួមគ្នាក្នុងពេលឆាប់ៗ។

លោក ឱម យ៉ិនទៀង បានឲ្យដឹងដែរថា អង្គភាពប្រឆាំងអំពើពុករលួយបានសម្រេចឃុំឃាត់ខ្លួនមន្ត្រីសិទ្ធិមនុស្ស៤រូបរបស់សមាគមអាដហុក និងអគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតលោក នី ចរិយា ដោយលោកអះអាងថា ចម្លើយរបស់អ្នកទាំង៥ស៊ីចង្វាក់ជាមួយ ភស្តុតាងដែលអង្គភាពមាន និងចម្លើយសារភាពរបស់អ្នកផ្សេងទៀត។ លោកបញ្ជាក់ថា អង្គភាពឃាត់ខ្លួនអ្នកទាំង៥ពីអំពើពុករលួយ តែលោកពុំបានបញ្ជាក់ពីបទចោទអ្វីនោះទេ។

លោកមានប្រសាសន៍ថា៖ “ល្ងាចមិញយើងខ្ញុំធ្វើលិខិតប្រកាសឃាត់ខ្លួនអានឲ្យគាត់។ ច្បាប់អត់មានតម្រូវឲ្យខ្ញុំប្រាប់ថា យើងខ្ញុំឃាត់ខ្លួនគាត់ពីបទអីទេ។ ចាំទៅនិយាយគ្នានៅឯព្រះរាជអាជ្ញា ព្រោះយើងខ្ញុំគ្មានសិទ្ធិចោទប្រកាន់ទេ ទាល់តុលាការគេមើលឃើញថា អូ ចូលមាត្រានេះ មាត្រាណា គេនឹងចោទប្រកាន់”

ប្រធានអង្គភាបប្រឆាំងអំពើពុករលួយរូបនេះឲ្យដឹងដែរថា អ្នកទាំង៥នឹងត្រូវបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញក្នុងរយៈពេល៤៨ម៉ោង បន្ទាប់ពីការឃាត់ខ្លួនកាលពីយប់ម៉ោង៨ថ្ងៃព្រហស្បតិ៍ម្សិលមិញ។

មន្រ្តីអាដហុក៤រូបដែលកំពុងត្រូវឃាត់ខ្លួនដើម្បីសាកសួរនៅអង្គភាពប្រឆាំងអំពើពុករលួយជាមួយលោក នី ចរិយា រួមមានលោក នី សុខា លោក យី សុខសាន្ត លោក ណៃ វ៉ងដា និងលោកស្រី លឹម មុនី។

គួរបញ្ជាក់ថា ACUកោះហៅមន្រ្តីសង្គមស៊ីវិលដើម្បីសាកសួរបន្ទាប់ពីកញ្ញាស្រីមុំ បានសរសេរលិខិតចំហរមួយដោយលើកឡើងថាមន្រ្តីសង្គមស៊ីវិលមួយចំនួនរួមមានមន្រ្តីអាដហុកទាំង៥រូបដែលត្រូវបានកោះហៅ បានបង្ខំនាងឲ្យផ្តល់ចម្លើយក្លែងក្លាយនៅពេលចូលឆ្លើយបំភ្លឺនៅតុលាការ៕ ដោយលោក ណាត សុភាព និងលោក អុិត សូធឿត

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ